FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វីរជនកងទ័ពជួរមុខ និងជាពិធីករ-អត្ថាធិប្បាយប្រដាល់ដ៏ល្បី លោកវរសេនីយ៍ ឈឹម សុផា រងរបួសធ្ងន់ ខណៈបំពេញភារកិច្ចការពារជាតិ

17-08-2026 12:35

(ភ្នំពេញ)៖ លោកវរសេនីយ៍ ឈឹម សុផា ដែលជាកម្លាំងកងទ័ពពិសេស កំពុងបំពេញភារកិច្ចការពារជាតិនៅតំបន់ព្រំដែនកម្ពុជា-សៀម និងជាពិធីករ-អត្ថាធិប្បាយប្រដាល់ដ៏មានប្រជាប្រិយភាពមួយរូប បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីជួបឧបទ្ទវហេតុអំឡុងពេលបំពេញភារកិច្ច។

លោកវរសេនីយ៍ ឈឹម សុផា មានទីលំនៅបច្ចុប្បន្ននៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៦ នៅតំបន់ភ្នំក្នុងខេត្តព្រះវិហារ ខណៈលោកកំពុងបំពេញភារកិច្ច។
តាមការរៀបរាប់របស់លោក ឈឹម សុផា បានឱ្យដឹងថា នៅថ្ងៃកើតហេតុ ខណៈលោកជិះម៉ូតូជិតដល់ស្រះទឹកផ្លូវឡើងទៅលើភ្នំ ស្រាប់តែមានហ្វូងគោមួយហ្វូងធំរត់មកបុកម៉ូតូរបស់លោកពេញទំហឹង បណ្ដាលឱ្យលោកដួលរងរបួសយ៉ាងធ្ងន់ធ្ងរ និងបាត់បង់ស្មារតី។

លោកបានបន្តថា នៅពេលមានស្មារតីឡើងវិញ លោកបានដឹងខ្លួននៅក្នុងមន្ទីរពេទ្យទៅហើយ។ ការពិនិត្យបានបង្ហាញថា លោករងរបួសជាច្រើនកន្លែង រួមមាន បាក់ឆ្អឹងដងកាំបិតខាងឆ្វេង បាក់ឆ្អឹងប្រអប់ដៃខាងឆ្វេង ប្រេះឆ្អឹងជំនីចំនួន៣ខាងឆ្វេង ដាច់គុម្ពត្រចៀក និងដាច់ស្លឹកត្រចៀកខាងឆ្វេង ព្រមទាំងមានរបួសជាច្រើនកន្លែងទៀតលើដងខ្លួន។

បន្ទាប់ពីរងរបួស លោកត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យធំ) រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីទទួលការព្យាបាលពីក្រុមគ្រូពេទ្យជំនាញ។ លោកត្រូវបានវះកាត់ និងដាក់ដែកភ្ជាប់ឆ្អឹងដោយប្រើវីស ដើម្បីព្យាបាលឆ្អឹងដែលបាក់។

បច្ចុប្បន្ន លោក ឈឹម សុផា បានឱ្យដឹងថា ស្ថានភាពរបួសនៅតែធ្ងន់ធ្ងរ។ លោកមានអាការៈទាញវៀចមាត់មួយចំហៀង ហើយដៃខាងដែលបានវះកាត់ និងដាក់ដែកមិនទាន់អាចប្រើប្រាស់បានធម្មតានៅឡើយទេ។ លោកអាចធ្វើចលនាបានតិចៗប៉ុណ្ណោះ ហើយសូម្បីតែលើកដៃឱ្យដល់មុខក៏មិនអាចធ្វើបាន ដោយអាចលើកបានត្រឹមកម្ពស់ចង្កេះប៉ុណ្ណោះ។

ក្រៅពីជាកងកម្លាំងកងទ័ពដែលកំពុងបំពេញភារកិច្ចនៅជួរមុខ លោកវរសេនីយ៍ ឈឹម សុផា ក៏ជាបុគ្គលដែលអ្នកគាំទ្រវិស័យកីឡាប្រដាល់កម្ពុជាស្គាល់តាមរយៈតួនាទីជាពិធីករ និងអត្ថាធិប្បាយការប្រកួតប្រដាល់ដ៏មានប្រជាប្រិយភាពមួយរូបផងដែរ។
ដំណឹងអំពីការរងរបួសរបស់លោក បានធ្វើឱ្យក្រុមគ្រួសារ មិត្តភក្តិ អ្នកស្រឡាញ់វិស័យកីឡាប្រដាល់ និងបងប្អូនជនរួមជាតិមានការព្រួយបារម្ភ និងសូមផ្ញើក្តីជូនពរឱ្យលោកឆាប់បានជាសះស្បើយ។

សូមបួងសួងដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយថែរក្សា និងផ្ដល់កម្លាំងកាយ កម្លាំងចិត្តដល់លោកវរសេនីយ៍ ឈឹម សុផា ឱ្យការព្យាបាលទទួលបានជោគជ័យ ឆាប់ជាសះស្បើយ និងបានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ ព្រមទាំងបន្តបេសកកម្ម និងការងារដែលលោកស្រឡាញ់វិញក្នុងពេលឆាប់ៗខាងមុខ៕