FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UPDATE: រកឃើញសាកសពក្មេងពីរនាក់ និងសល់ម្នាក់ទៀតកំពុងបន្ដរកក្នុងហេតុការណ៍លិចទូក-ង នៅខេត្តកណ្ដាល

17-08-2026 11:55

(កណ្ដាល)៖ សាកសពក្មេងពីរនាក់ ក្នុងចំណោម៣នាក់ ត្រូវបានសមត្ថកិច្ចរកឃើញនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ ក្នុងហេតុការណ៍លិចទូក-ង នៅភូមិកោះប្រាក់ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅ។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា សាកសពក្មេង២នាក់ ដែលត្រូវបានរកឃើញ រួមមាន៖

* សពឈ្មោះ ហួន ភិនុត ភេទប្រុស អាយុ១៤ឆ្នាំ ឪពុកសពឈ្មោះ ហួន សម្បត្តិ (ម្ចាស់ទូក) រស់នៅភូមិកោះប្រាក់ ឃុំភូមិធំ រកឃើញនៅឃុំគគីរធំ ជាប់ព្រំប្រទល់ស្រុកលេីកដែក

* សពឈ្មោះ ឡុង សន្យា ភេទប្រុស អាយុ១៤ឆ្នាំ រកឃើញនៅចម្ងាយ ១km ពីកន្លែងកើតហេតុ ចំណុចភូមកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ។

ដោយឡែក នៅសល់សពម្នាក់ទៀត កម្លាំងសមត្ថកិច្ច និងប្រជានេសាទកំពុងសហការគ្នាដើម្បីស្វែងរក។

ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់អភិបាលស្រុកកៀនស្វាយ ល្វាឯម និងអភិបាលស្រុកលើកដែក ផ្សព្វផ្សាយដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមផ្លូវទឹកសហការផ្ដល់ព័ត៌មាន ករណីប្រទះឃើញសពក្មេងអណ្ដែតទឹក ដែលបាត់ខ្លួនក្នុងហេតុការណ៍លិចទូក-ង នៅភូមិកោះប្រាក់ កាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅ។

ក្នុងសារសំឡេងរបស់លោក គួច ចំរើន បានបញ្ជាក់ថា ដោយសារស្ថានភាពទឹកហូរខ្លាំងដូច្នេះសាកសពក្មេងអាចអណ្ដែតទៅឆ្ងាយ ដូច្នេះអភិបាលស្រុកកៀនស្វាយ ល្វាឯម និងស្រុកលើកដែក ត្រូវផ្សព្វផ្សាយដល់ពលរដ្ឋសហការផ្ដល់ព័ត៌មាន ប្រសិនបើមានការប្រទះឃើញសាកសពក្មេងអណ្ដែតទឹក។

លោកបានបញ្ជាក់ថា ប្រសិនបើប្រទះឃើញ ត្រូវផ្ដល់ព័ត៌មាន ទៅកាន់លោក ឡូវ សុខសាន្ដ អភិបាលស្រុកកៀនស្វាយ ឲ្យបានឆាប់ ដើម្បីចាត់ចែងប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

សូមរំលឹកថា ជនរងគ្រោះចំនួន ១០នាក់បាន នាំគ្នាលើកទូក-ង ខ្នាតអន្ដជាតិ ដែលទើបនឹងធ្វើរួច (មិនទាន់មានឈ្មោះ) យកមកដាក់នៅក្នុងទន្លេមេគង្គ ដើម្បីអុំសាកល្បងលេងកម្សាន្ត តែអកុសលទឹកគួចខ្លាំង បានបណ្តាលឱ្យជួយហេតុការណ៍លិចទូក នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បណ្តាលឱ្យស្លាប់កុមារ ៣នាក់ រីឯ ៧នាក់ទៀត ចេះហែលទឹកឡើងតោងសាឡុងបូមខ្សាច់ បានរួចពីសេចក្ដីស្លាប់៕