Fresh News ទទួលបានលិខិតសរសើរពីស្ថានទូតឥណ្ឌូណេស៉ី ដែលបានជួយផ្សព្វផ្សាយ រួមចំណែកដល់ការពង្រឹងចំណងមិត្តភាពឥណ្ឌូណេស៉ី និងកម្ពុជា
17-08-2026 11:30
(ភ្នំពេញ)៖ ស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៉ី ប្រចាំរាជធានីភ្នំពេញ បានប្រគល់លិខិតថ្លែងអំណរគុណដល់បណ្តាញព័ត៌មាន Fresh News ដោយសារបានរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មាន និងការផ្តល់ព័ត៌មាន ស្តីពីប្រទេសឥណ្ឌូណេស៉ី ដែលបានរួមចំណែកដល់ការយល់ដឹងកាន់តែប្រសើរឡើងទៅវិញទៅមក និងការពង្រឹងចំណងមិត្តភាពរវាងប្រទេសឥណ្ឌូណេស៉ី និងកម្ពុជា។
លិខិតសរសើរ ត្រូវបានប្រគល់នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសស្ថានទូតរៀបចំទិវាឯករាជ្យជាតិ ដោយភារធារីស្តីទី លោក PHNOM KRISHNAJIE PARTADIREJA និងទទួលដោយតំណាងរបស់លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្ដាញព័ត៌មាន Fresh News គឺលោកនិពន្ធនាយករង កែវ ពិសិដ្ឋ។
លិខិតសរសើរ បានបញ្ជាក់ថា «ស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៉ី ប្រចាំរាជធានីភ្នំពេញ សូមប្រគល់លិខិតថ្លែងអំណរគុណ ជូន Fresh News សម្រាប់ការគាំទ្រដ៏មានតម្លៃ ដែលបានផ្តល់ជូនស្ថានទូត តាមរយៈការផ្សព្វផ្សាយព័ត៌មាន និងការផ្តល់ព័ត៌មានស្តីពីប្រទេសឥណ្ឌូណេស៉ី ដែលបានរួមចំណែកដល់ការយល់ដឹងកាន់តែប្រសើរឡើង ទៅវិញទៅមក និងការពង្រឹងចំណងមិត្តភាពរវាងប្រទេសឥណ្ឌូណេស៉ី និងកម្ពុជា»។
សូមជម្រាបថា ការទទួលបានលិខិតសរសើរ ពីស្ថានទូតឥណ្ឌូណេស៉ី ដោយសារបណ្តាញព័ត៌មាន Fresh News ចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានល្អៗ និងពង្រឹងទំនាក់ទំនងទ្វេភាគីដោយជួយការងារផ្សព្វផ្សាយខាងការទូត ការរួមចំណែកលើកកម្ពស់ការយល់ដឹង និងទំនាក់ទំនងល្អរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ព្រមទាំងការផ្តល់កិច្ចសហការគាំទ្រដល់កិច្ចការងារផ្សព្វផ្សាយសាធារណៈរបស់ស្ថានទូត ឲ្យពលរដ្ឋបានដឹងពីសកម្មភាពវប្បធម៌ ពាណិជ្ជកម្ម និងសេវាកម្ម៕








