FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិព័រណ៍អាស៊ី បញ្ចប់ដោយជោគជ័យ និងបើកឱកាសថ្មីសម្រាប់កម្ពុជា លើវិស័យវប្បធម៌ ពាណិជ្ជកម្ម និងការទូតម្ហូបអាហារ

17-08-2026 11:24

(តូក្យូ, ជប៉ុន)៖ ពិព័រណ៍អាស៊ីលើកទី១ ដែលបានរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅសួនស៊ីបា (Shiba Park) ទីក្រុងតូក្យូ ប្រទេសជប៉ុន បានបញ្ចប់ដោយជោគជ័យ ដោយទទួលបានការចូលរួមយ៉ាងច្រើនកុះករ ជាង ១០,០០០នាក់។

ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាវេទិកាសម្រាប់បង្ហាញសិល្បៈ វប្បធម៌ ប្រពៃណី ទេសចរណ៍ និង​ផលិត​ផលខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតូបម្ហូបអាហារ និងផលិតផលពីបណ្តា​ប្រទេស​នានា​ក្នុងតំបន់អាស៊ី រួមទាំងប្រទេសជប៉ុន ដែលបានចូលរួមបង្ហាញពីភាពសម្បូរបែប​នៃម្ហូប​អាហារ វប្បធម៌ និងអត្តសញ្ញាណរបស់ប្រទេសនីមួយៗ។

តាមរយៈការចូលរួមរបស់តូបម្ហូបអាហារពីបណ្តាប្រទេសនានា ពិព័រណ៍អាស៊ីបានក្លាយ​ជាវេទិកា​មួយសម្រាប់ជំរុញការទូតម្ហូបអាហារ (Gastronomy Diplomacy) ដែលអាហារមិន​ត្រឹមតែ​ជារសជាតិប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានភ្ជាប់វប្បធម៌ មិត្តភាព និងការយល់ដឹងគ្នារវាង​ប្រជាជន​នៃ​បណ្តាប្រទេសក្នុងតំបន់។

ជាមួយគ្នានេះ ព្រឹត្តិការណ៍ ក៏បានបង្កើតឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការ​ផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់ប្រជាជនទៅប្រជាជនរវាងកម្ពុជា ជប៉ុន និងបណ្តាប្រទេស​ដទៃ​ទៀត​​ក្នុងតំបន់អាស៊ី។

ពិធីបើកកម្មវិធី មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស រួមមាន៖ លោក ហៃ វណ្ណា ទីប្រឹក្សា​សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមជនជាតិខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន, លោក គង់ លីវ៉ា ជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក មាស សុខឆាយ នាយកសាខាប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) និងលោក គីម សំអុល ប្រធានសហគមន៍ខ្មែរនៅប្រទេសជប៉ុន ព្រមទាំង​តំណាងវិស័យឯកជន និងភ្ញៀវកិត្តិយសជាច្រើនរូប។

ក្នុងឱកាសនោះ លោក ហៃ វណ្ណា ប្រធានគណៈកម្មាធិការរៀបចំពិព័រណ៍អាស៊ី (Asian Festival – Angkor Days 2026 in Tokyo) បានសង្កត់ធ្ងន់ថា ពិព័រណ៍អាស៊ី គឺជាវេទិកាដ៏​សំខាន់មួយសម្រាប់ពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ព្រមទាំងបើក​ទូលាយដល់ការចូលរួមរបស់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ី ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ ការ​តភ្ជាប់រវាងប្រជាជន និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។

ការជោគជ័យនៃការរៀបចំពិព័រណ៍អាស៊ីលើកទី១នេះ គឺជាជំហានដ៏សំខាន់ក្នុងការនាំយកវប្ប​ធម៌​ខ្មែរ ផលិតផលខ្មែរ ម្ហូបអាហារខ្មែរ និងសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់សង្គមជប៉ុន និង​អន្តរជាតិ ព្រមទាំងបង្កើតបណ្តាញ និងឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការជាមួយបណ្តា​ប្រទេសក្នុងតំបន់អាស៊ីនាពេលអនាគត។

ពីវប្បធម៌ទៅមិត្តភាព ពីមិត្តភាពទៅកិច្ចសហប្រតិបត្តិការ និងពីកិច្ចសហប្រតិបត្តិការទៅកាន់​ឱកាស​ថ្មីសម្រាប់ប្រទេសកម្ពុជា៕