លោក ទ្រី ដាលុច ចុះសួរសុខទុក្ខ និងនាំអំណោយជូនពលរដ្ឋខ្វះខាតក្នុងឃុំត្បែង
17-08-2026 10:26
(កណ្តាល)៖ ការចែករំលែក និងយកអាសាអ្នកខ្សត់ គឺជាវប្បធម៌ដ៏ល្អមួយក្នុងសង្គមខ្មែរ ហើយត្រូវបានសាបព្រោះជាប់ជាប្រចាំដោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ យោងលើស្មារតីនៃការអប់រំ និងសាបព្រោះនេះ លោក ទ្រី ដាលុច ប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តែងបានធ្វើសកម្មភាពសួរសុខទុក្ខ និងនាំអំណោយជាហូរហែជូនដល់ប្រជាពលរដ្ឋខ្វះខាតនៅក្នុងឃុំត្បែងនេះ។
នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ លោក ទ្រី ដាលុច បានចុះធ្វើសកម្មភាពនេះជាបន្តទៀត ដោយបានជួបសួរសុខទុក្ខ និងផ្តល់អំណោយដល់គ្រួសារក្រីក្រចំនួន ២០គ្រួសារ រស់នៅក្នុងភូមិអង្គខ្លី ភូមិជ្រលង ភូមិកុកទិល និងភូមិក្រាំងឈើនាង ស្ថិតក្នុងមូលដ្ឋានឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ក្នុងឱកាសនោះ លោក ទ្រី ដាលុច បានណែនាំដល់អាជ្ញាធរឃុំ និងសមត្ថកិច្ចនគរបាលឃុំ យកចិត្តទុកដាក់ដោះស្រាយរាល់សំណូមពរ និងបញ្ហាប្រឈមផ្សេងៗដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានជួបប្រទះ។ លោក ក៏បានណែនាំប្រជាពលរដ្ឋរួសរាន់បន្តសុពលភាពអត្តសញ្ញាណប័ណ្ណ ប្រសិនបើផុតកំណត់ ដើម្បីបំពេញសិទ្ធិ និងករណីយកិច្ចជាពលរដ្ឋក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នាពេលខាងមុខនេះ។
សូមបញ្ជាក់ថា អំណោយដែលលោក ទ្រី ដាលុច បានផ្តល់ជូនដល់គ្រួសារក្រីក្រទាំង២០គ្រួសារនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាម មីជាតិ ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ១កេស និង ថវិកាមួយចំនួន៕





















































