លោក ឌិត ទីណា ជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ខេត្តកំពង់ចាម និងត្បូងឃ្មុំ ដើម្បីតម្រង់ទិសក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព
16-08-2026 20:19
(កំពង់ចាម)៖ ឆ្លៀតថ្ងៃអាទិត្យចុងសប្ដាហ៍ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំ ដើម្បីតម្រង់ទិសក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងស្ដាប់ពីសំណូមពរនានារបស់មន្ត្រីកសិកម្មឃុំផងដែរ។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង, លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មន្ត្រីរាជការ និងមន្ត្រីកសិកម្មឃុំ-សង្កាត់ ដែលរៀបចំនៅសាលាខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។
នាឱកាសនោះ លោកអភិបាលខេត្តកំពង់ចាម បានថ្លែងថា មន្ត្រីកសិកម្មឃុំ-សង្កាត់ ជាស្ពានចម្លងគោលនយោបាយរាជរដ្ឋាភិបាល ផ្សព្វផ្សាយជូនដល់ប្រជាកសិករ និងដើរតួនាទីសំខាន់ក្នុងការផ្ដល់ជំនាញបច្ចេកទេស ហើយចូលរួមដោះស្រាយបញ្ហាដែលកសិករជួបប្រទះដោយផ្ទាល់។
លោកអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា មន្ត្រីកសិកម្មឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ និងត្រូវដើរតួជាកម្លាំងជួរមុខ ក្នុងការនាំយកគោលនយោបាយរដ្ឋាភិបាល និងយន្តការនានារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីការរីកចម្រើនវិស័យកសិកម្មរបស់យើង។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ឌិត ទីណា បានមានប្រសាសន៍ពីគោលនយោបាយអាទិភាពទី៥ និងទី៦របស់រាជរដ្ឋាភិបាលនីតិទី៧ ដែលមន្ត្រីកសិកម្មឃុំ-សង្កាត់ មានតួនាទីយ៉ាងសំខាន់ក្នុងនាមជាអ្នកដែលធ្វើការផ្ទាល់ជាមួយកសិករ ត្រូវចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវគោលនយោបាយនានារបស់រដ្ឋាភិបាល ក៏ដូចជាក្រសួង ជាពិសេសស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត»។
លោករដ្ឋមន្ត្រី ក៏បានស្ដាប់ពីសំណើ និងសំណូមពររបស់មន្ត្រីកសិកម្មឃុំ-សង្កាត់ ក្នុងការចុះទៅបំពេញកិច្ចការងាររបស់ខ្លួននៅមូលដ្ឋានផងដែរ។
មន្រ្តីកសិកម្មឃុំ-សង្កាត់ គឺជាប្រព័ន្ធប្រសាទ និងជាតួអង្គសំខាន់របស់ក្រសួងកសិកម្ម ក្នុងការប្រមូលនូវទិន្នន័យ ព័ត៌មាននៅតាមមូលដ្ឋាន ដើម្បីអនុញ្ញាតឱ្យក្រសួងកសិកម្ម មានទិន្នន័យគ្រប់ជ្រុងជ្រោយក្នុងការបម្រើការងារបច្ចេកទេសដល់កសិករចំគោលដៅ ជំរុញកសិករផ្សារភ្ជាប់នឹងសហគមន៍កសិកម្មទំនើប មានផលចំណេញសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាព សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕



























