ក្រុមការងារទ័ពពិសេស៩១១ និងគណៈបញ្ជាការឯកភាពស្រុកកៀនស្វាយ បន្តខិតខំស្វែងរកក្មេងប្រុស ៣នាក់ ដែលបានបាត់ខ្លួនដោយសារលិចទូក-ង ខ្នាតអន្តរជាតិ នៅភូមិកោះប្រាក់
16-08-2026 19:00
(កណ្ដាល)៖ គិតមកត្រឹមល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមការងារទ័ពពិសេស៩១១ និងគណៈបញ្ជាការឯកភាពស្រុកកៀនស្វាយ នៅតែបន្តខិតខំប្រឹងប្រែងស្វែងរកក្មេងប្រុស ៣នាក់ ដែលបានបាត់ខ្លួន ដោយសារលិចទូក-ង ខ្នាតអន្ដជាតិ នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នាឱកាសនោះលោក ឡូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយ បានអំពាវឲ្យពលរដ្ឋទាំងអស់មេត្តាប្រិងប្រយ័ត្ន ពិសេសកុមាតតូចៗ កុំឲ្យចុះទឹកនារដូវទឹកឡើងនេះ បើទោះបីជាចេះហែលទឹកក៏ដោយ ព្រោះអំឡុងពេលនេះ ទឹកហូរខ្លាំង ហើយមានទាំងកន្លែងខ្លះ គួចថែមទៀតផង ដែលជាហេតុអាចបង្ករគ្រោះថ្នាក់បានជាយថាហេតុ ។
នាឱកាសនោះដែរលោកវរសេនីយឯក យឹម សុខា នាយរងសេនាធិការបញ្ជាការដ្ឋានទ័ព បានថ្លែងថា ក្រុមការងារកំពុងខិតខំប្រឹងប្រែងស្វែងរកកុមារទាំង ៣នាក់នេះ យ៉ាងសស្រាកសស្រាំណាស់ ដោយផ្លាស់ប្ដូរវេនគ្នាធ្វើ ។ លោកថាទឹកហូរគួចខ្លាំង ដល់ថ្នាក់ទម្លាក់យុត្ថការចង់ទាំងថ្មមួយបាវទៀត ក៏ទឹកទាញអូសលឿនដែរ ។ ទោះលំបាកយ៉ាងនេះក្ដី ក្នុងនាមកងទ័ពពិសេស៩១១ នៅតែបន្តខិតខំស្វែងរកជូនក្រុមគ្រួសារ។
បើតាមលោកវីរសេនីយឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយឲ្យដឹងថា ជនរងគ្រោះចំនួន ១០នាក់បាននាំគ្នាលើកទូក-ងខ្នាតអន្ដជាតិ ដែលទើបនឹងធ្វើរួច(មិនទាន់មានឈ្មោះ) យកមកដាក់នៅក្នុងទន្លេមេគង្គ ដើម្បីធ្វើការអុំសម លុះដល់ពេលអុំចំងាយពីច្រាំងទន្លេ ប្រហែល ៣០ម៉ែត្រ ហួសកំពង់ដរកោះប្រាក់ចំងាយ ៣០០ម៉ែត្រ ស្រាប់តែមានទឹកផុលឡើងធំៗ ធ្វើឲ្យអ្នកអុំទូក មានអារម្មណ៍ភ័យក៍នាំគ្នាឆ្លេឆ្លានៅលើទូក ។ ភ្លាមនោះ ទូកបានលិចអ្នកអុំទូកចំនួន ០៨នាក់បានលោតចេញពីទូកមុន នៅអ្នកអុំទូក ០២នាក់នៅលើទូក ក្រោយមកទូកលិចទៅទើបអ្នកអុំទូក ០២នាក់ លោតតាមក្រោយដែរ ធ្វើឲ្យទូកលិចទៅកាត់ទទឹងនឹងសាឡង់ដឹកខ្សាច់ដែលចតនៅក្បែរច្រាំង។
លោកអធិការបន្តថា ភ្លាមៗនោះអ្នកអុំទូកចំនួន ០៧នាក់ បានហែលរួច ឡើងគោក ចំណែក ០៣នាក់ទៀតបាត់ខ្លួនរកមិនទាន់ឃើញ ។
បច្ចុប្បន្នគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ និងកម្លាំងអន្តរាគមន៍ ៩១១ បានប្រើប្រាស់កម្លាំងសរុប មធ្យោបាយ ដើម្បីស្វែងរកជួយសង្គ្រោះ អ្នកបាត់ខ្លួនចំនួន ០៣នាក់ផងដែរ៕

























