FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកឆែប ណែនាំមន្ត្រីគណបក្សត្រូវពង្រឹងសមត្ថភាព ឱ្យសក្តិសមជាកម្លាំងស្នូលលើសមរភូមិសាធារណមតិ

16-08-2026 18:55

(ព្រះវិហារ)៖ លោក សំ លាងទ្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកឆែប បានថ្លែងជំរុញឱ្យមន្ត្រី និងយុវជនគណបក្ស បន្តពង្រឹងចំណេះដឹង សមត្ថភាព និងស្មារតីទទួលខុសត្រូវ ដើម្បីចូលរួមបំពេញភារកិច្ចរបស់គណបក្ស និងត្រៀមខ្លួនឆ្លើយតបចំពោះបញ្ហានានានៅលើសមរភូមិសាធារណមតិ។

ការថ្លែងរបស់លោក សំ លាងទ្រី ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី១៩ នៅស្នាក់ការគណបក្សស្រុកឆែប ខេត្តព្រះវិហារ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីសិក្ខាកាមបានសិក្សារៀនសូត្រអស់រយៈពេល៣ថ្ងៃ។

នៅក្នុងឱកាសនោះលោក សំ លាងទ្រី បានសម្តែងក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះស្មារតីខិតខំរៀនសូត្រ ការគោរពវិន័យ និងសាមគ្គីភាពរបស់សិក្ខាកាម ដែលបានចូលរួមយ៉ាងសកម្មក្នុងវគ្គសិក្សា។ លោកចាត់ទុកថា ការចូលរួមនេះបង្ហាញពីការទទួលខុសត្រូវរបស់មន្ត្រីគណបក្ស និងការត្រៀមខ្លួនដើម្បីចូលរួមជួយការងារអប់រំនយោបាយ សតិអារម្មណ៍ និងការងារចាត់តាំងរបស់គណបក្សនៅតាមមូលដ្ឋាន។

លោកបានថ្លែងបញ្ជាក់ថា ការអប់រំនយោបាយ គឺជាផ្នែកមួយដ៏សំខាន់នៃការងារសតិអារម្មណ៍របស់គណបក្ស ដែលមានគោលដៅពង្រឹងការយល់ដឹងរបស់មន្ត្រី ជាពិសេសមន្ត្រីវ័យក្មេង ឱ្យមានការយល់ដឹងច្បាស់លាស់អំពីតួនាទី ភារកិច្ច និងទិសដៅការងាររបស់គណបក្ស ព្រមទាំងបង្កើនសមត្ថភាពក្នុងការចូលរួមការងារសាធារណមតិ។ ការតស៊ូនៅលើសមរភូមិសាធារណមតិ នាពេលបច្ចុប្បន្នកាន់តែមានភាពស្រួចស្រាល់ និងមានរូបភាពផ្សេងៗ ដូច្នេះមន្ត្រី និងយុវជនគណបក្ស ត្រូវខិតខំស្វែងយល់អំពីកម្មវិធីនយោបាយ គោលការណ៍ និងការងាររបស់គណបក្ស ដើម្បីកសាងចំណេះដឹងរបស់ខ្លួនឱ្យកាន់តែរឹងមាំ។

លោកបានថ្លែងប្រៀបធៀបថា ចំណេះដឹង គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់មន្ត្រីគណបក្សក្នុងការចូលរួមលើសមរភូមិសាធារណមតិ ដោយទាមទារឱ្យមន្ត្រីគ្រប់រូបពង្រឹងខ្លួនឱ្យសក្តិសមជាមន្ត្រីល្អ មានស្មារតីស្នេហាជាតិ ស្រឡាញ់ប្រជាជន និងមានការយល់ដឹងច្បាស់លាស់អំពីបញ្ហាសង្គម និងនយោបាយ។

ជាមួយគ្នានេះលោកក៏បានផ្តាំផ្ញើដល់សិក្ខាកាមឱ្យក្តាប់ជាប់ខ្លឹមសារកម្មវិធីនយោបាយ និងឧត្តមគតិរបស់គណបក្ស ពង្រឹងស្មារតីស្នេហាជាតិ ស្រឡាញ់ប្រជាជន ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

លោកក៏បានថ្លែងណែនាំឱ្យសិក្ខាកាមយកចិត្តទុកដាក់ពង្រឹងសមត្ថភាពការងារ តាមទិសស្លោក «រៀមច្បងគឺជាគ្រូ កន្លែងធ្វើការគឺជាសាលារៀន» ព្រមទាំងគោរពវិន័យការងារ គោរពច្បាប់រដ្ឋ ការពារកិត្យានុភាពរបស់គណបក្ស និងរាជរដ្ឋាភិបាល និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលជាបញ្ហាបង្កផលប៉ះពាល់ដល់សង្គម។

លោក សំ លាងទ្រី ក៏បានថ្លែងអំពាវនាវឱ្យមន្ត្រី និងសិក្ខាកាមទាំងអស់ បន្តរួមកម្លាំងសាមគ្គីជុំវិញរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងគាំទ្រការដោះស្រាយបញ្ហាជាតិ ពិសេសបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយឈរលើស្មារតីសាមគ្គីភាព និងផលប្រយោជន៍ជាតិជាធំ។

នៅក្នុងពិធីបិទវគ្គនេះដែរ លោក សំ លាងទ្រី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់គ្រូឧទ្ទេស គ្រូជំនួយ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប គណៈកម្មាធិការគណបក្សស្រុកឆែប និងគណៈឃោសនាអប់រំខេត្ត ដែលបានសហការគ្នារៀបចំ និងដំណើរការវគ្គអប់រំនយោបាយនេះប្រកបដោយជោគជ័យ។

លោក សំ លាងទ្រី បានសម្តែងក្តីសង្ឃឹមថា ចំណេះដឹង និងបទពិសោធន៍ដែលសិក្ខាកាមទទួលបានក្នុងរយៈពេល៣ថ្ងៃ នឹងក្លាយជាធាតុចូលថ្មីសម្រាប់ពង្រឹងទស្សនៈ ស្មារតី និងសមត្ថភាពការងារ ហើយយកទៅអនុវត្តជាក់ស្តែងក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដើម្បីរួមចំណែកដល់ការងារគណបក្ស និងសង្គមជាតិ៕