FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីសង្គមកិច្ច និងថ្នាក់ដឹកនាំខេត្តព្រៃវែង បានប្រគេនទៀនចំណាំព្រះវស្សាជូនវត្តទាំង៣០វត្ត ក្នុងស្រុកពាមជរ ខេត្តព្រៃវែង

16-08-2026 15:34

(ព្រៃវែង)៖ លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង អភិបាលខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារស្រុកពាមជរ រួមជាមួយថ្នាក់ដឹកនាំស្រុក ឃុំ ភូមិ បានប្រគេនទៀនចំណាំព្រះវស្សាសម្រាប់វត្តទាំង៣០វត្តក្នុងស្រុកពាមជរ ដែលកម្មវិធីប្រារព្ធធ្វើនៅវត្តមុនីរង្សី ស្ថិតក្នុងឃុំស្វាយភ្លោះស្រុកពាមជរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។

ក្នុងពិធីប្រគេនទៀនចំណាំព្រះវស្ស លោក ជា សុមេធី និងក្រុមការងារ បានរៀបចំគ្រឿងឧបភោគ និងបរិភោគ សម្រាប់វត្តទាំង៣០វត្ត ក្នុងមួយវត្តទទួលបានរួមមាន ទៀន១គូ លៀង១ អង្កចំនួន៥០គីឡូ កន្រ្តកផ្លែឈើ១កន្រ្តមួយ មីមួយកេសតូច ត្រីខកន្លះកេស ស្ករស១០គីឡូ អំបិល១០គីឡូ ទឹកសុទ្ធ២កេស ទឹកក្រូច២កេស ទឹកត្រី១កេស ទឹកស៊ីអ៊ីវ១កេស ប្រេងឆា១ដប(៥លីត្រ) និងបច្ច័យ៤០ម៉ឺនរៀល។

ក្រៅពីនេះ បានប្រគេនបច្ច័យកសាងវត្តមុនីរង្សីចំនួន ៩លានរៀល ប្រគេនព្រះសង្ឃគង់ក្នុងវត្តមុនីរង្សី១០អង្គ ក្នុងមួយអង្គ១០ម៉ឺនរៀល ជូនលោកយាយលោកតា១០៨នាក់ នូវសម្ភារៈ និងថវិកាម្នាក់៣ម៉ឺនរៀល ផ្តល់ថវិកាជូនកងកម្លាំង ប្រជាការពារ យុវជនសសយក និងយុវជនកាកបាទក្រហម ១៥០នាក់ ម្នាក់២ម៉ឺនរៀល ព្រមទាំងរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ និងជូនលោកយាយលោកតា ដែលបាននិមន្ត និងអញ្ជើញចូលរួមទាំងអស់ផងដែរ៕