FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ស៊ូ សុជាតិ៖ ការអភិវឌ្ឍវិស័យមូលបត្រ មិនអាចពឹងផ្អែកទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែត្រូវចាប់ផ្តើមពីការកសាងចំណេះដឹង និងការអភិវឌ្ឍធនធានមនុស្ស

16-08-2026 13:34

(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សហការជាមួយផ្សារមូលបត្រកម្ពុជា (ផមក) ដោយមានការគាំទ្រពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, កំពង់ផែស្វយ័តភ្នំពេញ, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, ធនាគារ អេស៊ីលីដា ភីអិលស៊ី, ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក, ក្រុមហ៊ុនមូលបត្រ យាន់តា (ខេមបូឌា) ម.ក និងក្រុមហ៊ុនមូលបត្រ អ អេច ប៊ី (ខេមបូឌា) ម.ក ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “វិស័យមូលបត្រនៅកម្ពុជា” សម្រាប់សាស្ត្រាចារ្យសាកលវិទ្យាល័យ និងវិនិយោគិនសក្ដានុពលកម្រិត២ ក្រោមអធិបតីភាពលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងមានការចូលរួមពីលោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបន្តការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីវិស័យមូលបត្រឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតដល់សាស្រ្តាចារ្យសាកលវិទ្យាល័យនៅតាមបណ្ដាខេត្ត ដើម្បីអាច យកចំណេះដឹងទាំងនេះទៅប្រើប្រាស់ និងចែករំលែកបន្តដល់និស្សិតអំពីបច្ចុប្បន្នភាពនៃវិស័យមូលបត្រនៅកម្ពុជា និងយន្តការនៃការជួញដូរមូលបត្រ ព្រមទាំងជំរុញការលើកកម្ពស់ការយល់ដឹងដល់វិនិយោគិនសក្ដានុពល អំពីឱកាស វិនិយោគក្នុងទីផ្សារមូលបត្រ ដើម្បីបង្កើតចំណូលអកម្មបន្ថែម និងជំរុញការចូលរួមវិនិយោគក្នុងទីផ្សារមូលបត្រនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។

ថ្លែងក្នុងកម្មវិធីនេះលោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យមូលបត្រ មិនអាចពឹងផ្អែកទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ ឬក្របខ័ណ្ឌបទប្បញ្ញត្តិតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវចាប់ផ្តើមពីការកសាងចំណេះដឹង ការបណ្តុះវប្បធម៌វិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស។ សាកលវិទ្យាល័យ និងសាស្ត្រាចារ្យ គឺជាកម្លាំងស្នូលក្នុងការបណ្តុះបណ្តាលយុវជនឱ្យក្លាយជាអ្នកវិនិយោគ អ្នកស្រាវជ្រាវ និងអ្នកដឹកនាំ ដែលមានសមត្ថភាពចូលរួមជំរុញការអភិវឌ្ឍទីផ្សារមូលបត្រប្រកបដោយចីរភាព និងបរិយាបន្ន”។

បន្ថែមពីនេះ លោក ហុង សុហួរ ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា ការវិនិយោគប្រកបដោយប្រសិទ្ធភាព មិនអាចពឹងផ្អែកតែលើចំណេះដឹងតែពីសៀវភៅតែមួយមុខនោះទេ ប៉ុន្តែត្រូវការចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការយល់ដឹងអំពីចិត្តសាស្ត្រក្នុងការវិនិយោគ និងការចាប់ផ្តើមសាកល្បងវិនិយោគដោយផ្ទាល់ក្នុងកម្រិតសមស្រប ដែលអាចជួយឱ្យវិនិយោគិនស្វែងយល់កាន់តែច្បាស់ពីទីផ្សារមូលបត្រ និងពង្រឹងទំនុកចិត្តក្នុងការសម្រេចចិត្តវិនិយោគ។

លោក ហុង សុហួរ ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនប្រកាន់ខ្ជាប់នូវគោលការណ៍វិនិយោគបែបពិពិធកម្ម និងសិក្សាឱ្យបានស៊ីជម្រៅអំពីសក្តានុពលនៃទីផ្សារមូលបត្រ ព្រមទាំងធ្វើការសម្រេចចិត្តវិនិយោគដោយការទទួលខុសត្រូវ និងផ្អែកលើចំណេះដឹង ដែលនឹងជួយឱ្យវិនិយោគិនជៀសផុតពីការបោកប្រាស់ ព្រមទាំងចូលរួមចំណែកក្នុងការកសាងទំនុកចិត្ត និងអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជាឱ្យមានការរីកចម្រើនប្រកបដោយចីរភាព និងរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិនាពេលអនាគត”។

សូមបញ្ជាក់ដែរថា សិក្ខាសាលាខាងលើនេះ មានការចូលរួមពីសាស្ត្រាចារ្យ មកពីសាកលវិទ្យាល័យអង្គរ, សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ, សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប, សាខាសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា ខេត្តសៀមរាប, សាខាសាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា ខេត្តសៀមរាប, សាកលវិទ្យាល័យវ៉ាន់ដា សាខាខេត្តសៀមរាប, សាកលវិទ្យាល័យ អន្តរជាតិ សាខាខេត្តសៀមរាប, សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាខេត្តសៀមរាប, សាលាអន្តរជាតិ យូ អេស អេ សាខាខេត្តសៀមរាប, វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ, សាកលវិទ្យា-ល័យជាតិបាត់ដំបង, សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង, សាកលវិទ្យាល័យជាតិមានជ័យ, សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ និងវិនិយោគិនសក្ដានុពលក្នុងខេត្តសៀមរាប សរុបចំនួន ១០០ រូប៕