FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិធីរាប់បាត្រព្រះសង្ឃ ២០០អង្គ ឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព និងវីរនគរបាល ដែលពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ នឹងត្រូវរៀបចំឡើង នៅថ្ងៃទី២២ ខែសីហាខាងមុខនេះ

16-08-2026 13:28

(ភ្នំពេញ)៖ ក្នុងស្មារតីនៃការដឹងគុណ និងការរំលឹកដល់គុណូបការៈដ៏ខ្ពង់ខ្ពស់របស់វីរកងទ័ព និងវីរនគរបាល ដែលបានលះបង់ជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស, លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកស្រី ព្រមទាំងបុត្រ, លោក សោម សឿន ប្រធានគណៈចាត់តាំងគណៈកម្មការកណ្តាល គណៈបក្សប្រជាជនកម្ពុជា និងលោកស្រី ព្រមទាំងបុត្រ, លោក មាស សុត្ថា ប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងលោកស្រី ព្រមទាំងបុត្រ និងចៅ បានផ្តួចផ្តើមរៀបចំពិធីរាប់បាត្រដោយមានការនិមន្តព្រះសង្ឃចំនួន ២០០អង្គ ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធនៃវីរជន ដែលបានពលីកម្មក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ។

ដំណឹងបុណ្យមួយនេះចាត់ទុកជាការអញ្ជើញដល់ញាត្តិញោម ប្រជាពុទ្ធបរិស័ទ ប្រជាពលរដ្ឋ សិស្ស និស្សិត មន្ត្រីរាជការ ដែលមានបំណងចង់ចូលរួមពិធីរាប់បាត្រព្រះសង្ឃ ២០០អង្គ ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព និងវីរនគរបាល ដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ អាចចូលរួមបាន ដោយពិធីរាប់បាត្រព្រះសង្ឃ ២០០អង្គនេះ នឹងរៀបចំឡើងនៅព្រឹកនៅថ្ងៃសៅរ៍ ៩កើត ខែស្រាពណី ឆ្នាំមមី អង្គស័ក ព.ស ២៥៧០ ត្រូវនិងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ នៅផ្សារតាមាសសុទ្ធ ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ពិធីនេះគឺជាការបង្ហាញនូវសទ្ធាជ្រះថ្លា និងការគោរពចំពោះអ្នកដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ការប្រគេនចង្ហាន់ និងបច្ច័យដល់ព្រះសង្ឃ គឺជាការសាងកុសលផលបុណ្យដ៏ធំធេង ដែលប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធធ្វើឡើងជាប្រពៃណី ដើម្បីឧទ្ទិសជូនដល់បុព្វការីជន ញាតិកាទាំង ៧សន្តាន និងជាពិសេសគឺវីរយុទ្ធជន ដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុការពារជាតិ។

ការរៀបចំពិធីនេះ ក៏ជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី និងសន្តិភាពរបស់ប្រទេសជាតិ ឱ្យកាន់តែមានកម្លាំងចិត្ត និងស្មារតីសាមគ្គីភាព របស់វីរជនជំនាន់មុនដែលបានខិតខំកសាង និងការពារទុក។ ពិធីនេះបានបង្ហាញពីការចងចាំ ការដឹងគុណ និងការប្តេជ្ញាចិត្តរបស់ប្រជាជនកម្ពុជា ក្នុងការលើកតម្កើង និងចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេងរបស់វីរកងទ័ព និងវីរនគរបាល ដែលបានធ្វើពលីកម្មដើម្បីសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាផងដែរ៕