FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ បង្ហាញវឌ្ឍនភាព និងសមិទ្ធផលការងារដែលសម្រេចបានក្នុងគម្រោងពង្រីកផ្លូវជាតិលេខ៦២ ស្ថិតក្នុងក្រុងព្រះវិហារ

16-08-2026 10:18

(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បានបង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលការងារដែលសម្រេចបានក្នុងគម្រោងពង្រីកផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រ ១២០+៦០០ ដល់ ១២១+២០០ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោក សំ លាងទ្រី បានថ្លែងឱ្យដឹងថា គម្រោងនេះត្រូវបានអនុវត្តផ្ទាល់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក្នុងគោលបំណងលើកកម្ពស់គុណភាពផ្លូវ សម្រួលការធ្វើដំណើរ និងពង្រឹងសុវត្ថិភាពចរាចរណ៍សម្រាប់ប្រជាពលរដ្ឋ។ ក្នុងការអនុវត្តគម្រោង មន្ទីរបានក្រាលកៅស៊ូប្រភេទ DBST បន្ថែមទទឹងផ្លូវចំនួន ៥ម៉ែត្រ នៅសងខាងផ្លូវ លើប្រវែងសរុប ៦០០ម៉ែត្រ។ ជាមួយគ្នានេះក៏បានរៀបចំប្រព័ន្ធរំដោះទឹកភ្លៀង ដោយបំពាក់លូប្រអប់ និងលូមូលដែលមានមុខកាត់ ១ម៉ែត្រ នៅសងខាងផ្លូវ ដើម្បីជួយការពារផ្លូវឱ្យមានភាពរឹងមាំ និងកាត់បន្ថយហានិភ័យនៃការលិចលង់នៅរដូវវស្សា។

លោក សំ លាងទ្រី បានថ្លែងទៀតថា ការពង្រីកផ្លូវជាតិលេខ៦២នេះ មិនត្រឹមតែជួយបង្កើនសមត្ថភាពផ្លូវ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យការដឹកជញ្ជូនទំនិញកាន់តែមានប្រសិទ្ធភាព រហ័ស និងមានសុវត្ថិភាព ព្រមទាំងរួមចំណែកលើកកម្ពស់សោភ័ណភាព និងមុខមាត់ក្រុងព្រះវិហារឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ លោក សំ លាងទ្រី ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមានការយោគយល់ និងបង្កើនការប្រុងប្រយ័ត្នក្នុងអំឡុងពេលធ្វើដំណើរ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ និងធានាសុវត្ថិភាពដល់អ្នកធ្វើដំណើរគ្រប់រូប លោកបានលើកឡើងជាសាររំលឹកថា «បើកបរដោយការទទួលខុសត្រូវ ដើម្បីសុវត្ថិភាពអ្នក និងអ្នកដទៃ»