លោក ឌឹម សុវណ្ណារុំ៖ ការចុះឈ្មោះបោះឆ្នោត គឺជាសសរស្តម្ភមួយនៃលទ្ធិប្រជាធិបតេយ្យ
16-08-2026 10:12
(កំពង់ធំ)៖ ក្នុងដំណើរបន្តបេសកកម្មរបស់ខ្លួននៅខេត្តកំពង់ធំ ដើម្បីជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៦ លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានថ្លែងថា ការចុះឈ្មោះបោះឆ្នោត គឺជាសសរស្តម្ភមួយនៃលទ្ធិប្រជាធិបតេយ្យ។
ការថ្លែងបែបនេះរបស់លោក ឌឹម សុវណ្ណារុំ បានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ នៅចំពោះមុខបេក្ខជនចំនួន ៤២រូប និងចូលរួមដោយលោក ស៊ុំ ប៊ុនហុង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ និងលោក ជា ពុំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ។
សម្រាប់ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីនេះ គឺជាផ្នែកមួយនៃការត្រៀមលក្ខណៈ ដើម្បីបំពេញការងារពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដែលត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ជាមួយគ្នានេះផងដែរ លោក ឌឹម សុវណ្ណារុំ ក៏បានគូសបញ្ជាក់ថា ការចុះបោះឆ្នោតជូនប្រជាពលរដ្ឋខ្មែរ ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ គឺជាដំណាក់កាលដំបូងនៃដំណើរការលទ្ធិប្រជាធិបតេយ្យ។ ជាងនេះទៀតសម្រាប់សមាជិក គ.ជ.ប កម្មវត្ថុចម្បងរបស់ គ.ជ.ប គឺធានាឱ្យមានការចូលរួមពីប្រជាពលរដ្ឋដោយបើកចំហ និងតម្លាភាព ហើយការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតប្រចាំឆ្នាំ គឺជាការធានាបញ្ជីបោះឆ្នោតមួយដែលមានភាពជឿជាក់ ពេញលេញ សុវត្ថិភាព និងភាពជាតំណាងប្រជាពលរដ្ឋទាំងអស់ដែលត្រៀមខ្លួនចូលរួមបោះឆ្នោត។
លោក ឌឹម សុវណ្ណារុំ បានឱ្យដឹងថា ការចុះឈ្មោះបោះឆ្នោត គឺជាឱកាសរបស់យើងម្នាក់ៗក្នុងការអនុវត្តសិទ្ធិក្នុងនាមជាម្ចាស់ឆ្នោត ចូលរួមយ៉ាងពេញលេញក្នុងកិច្ចការប្រទេសជាតិ និងជាការទទួលស្គាល់នូវតួនាទីដ៏ចម្បងរបស់ស្ថាប័ន គ.ជ.ប និងលទ្ធិប្រជាធិបតេយ្យដែលកំពុងតែចាក់គ្រឹះនៅព្រះរាជាណាចក្រកម្ពុជា៕



















