FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ឃួន ឃុនឌី៖ ក្រុមការងារគណបក្សឃុំត្រូវរៀបចំយុទ្ធសាស្ត្រឲ្យបានល្អិតល្អន់ដើម្បីទទួលបានជោគជ័យនៅថ្ងៃខាងមុខ

15-08-2026 20:21

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានលើកឡើងថា "ក្រុមការងារគណបក្សឃុំត្រូវរៀបចំយុទ្ធសាស្ត្រឲ្យបានល្អិតល្អន់ដើម្បីទទួលបានជោគជ័យក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខនេះ"។

លោកស្រី ឃួន ឃុនឌី បានលើកឡើងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារគណបក្សប្រជាជនឃុំជ័យ នៅទីស្នាក់ការគណបក្ស ក្នុងស្រុកកំពង់ស្វាយ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៦។

លោកស្រីបានបន្តទៀតថា ការរៀបចំផែនការច្បាស់លាស់គឺជាយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ឆ្ពោះទៅរកភាពជោគជ័យយ៉ាងធំធេងសម្រាប់គណបក្ស ពីព្រោះវាបានបង្ហាញផ្លូវដែលយើងត្រូវដើរ បញ្ហាប្រឈម និងដំណោះស្រាយ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានត្រឹមត្រូវ និងទាន់ពេលវេលា។

លោកស្រីក៏បានផ្តល់នូវចំណុចអាទិភាពសំខាន់មួយចំនួនដូចខាងក្រោម៖

១. ត្រូវគៀងគរយុវជនដែលគ្រប់អាយុត្រូវបោះឆ្នោត ព្រមទាំងទិន្នន័យជាក់លាក់ឲ្យបានលឿនបំផុត។

២. ត្រូវកំណត់ឲ្យបាននូវចំនួនគ្រួសារ ឬប្រជាជនដែលមិនទាន់បានបោះឆ្នោត។

៣. ត្រូវធ្វើយ៉ាងណាពន្លឿនការរៀបចំឯកសារពាក់ព័ន្ធ អត្តសញ្ញាណប័ណ្ណ ដើម្បីឲ្យពួកគាត់អាចបោះឆ្នោតបាន។

៤. ត្រូវដោះស្រាយបញ្ហាប្រឈមនានាឲ្យបានទាន់ពេលវេលា។

៥. បន្តកសាងអំពើល្អជាប្រចាំដើម្បីបង្ហាញពីគុណធម៌ គុណតម្លៃ ពិសេសគឺ ការសម្រួលស្មារតី សតិអារម្មណ៍ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

៦. សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំទាំងអស់ត្រូវតែមានឯកភាពផ្ទៃក្នុងឲ្យបានល្អ។

លើសពីនេះទៀត លោកស្រីបានកត់សម្គាល់ថា គ្មានភាពជោគជ័យណាកើតឡើងដោយគ្មានការខិតខំប្រឹងប្រែង ការលះបង់នោះទេ ដែលយើងមិនត្រូវមើលរំលងបានឡើយ។ ជាក់ស្តែងដោយសារមានបញ្ហាព្រំដែនជាមួយថៃ សង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឲ្យពួកប្រឆាំងវាយប្រហារមកលើថ្នាក់ដឹកនាំរបស់យើង ដែលមកដល់ពេលនេះលោកបានខិតខំដោះស្រាយដោយសន្តិវិធី និងស្របតាមយន្តការអន្តរជាតិ។

លោកស្រីបានបញ្ជាក់ទៀតថា យើងត្រូវផ្តល់ទំនុកចិត្ត និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោប្រធានគណបក្ស និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានមមាញឹកក្នុងការដោះស្រាយបញ្ហា និងរក្សាបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសុខសន្តិភាព។

សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលនេះ លោកស្រីបានផ្តល់ជូនដល់សមាជិក សមាជិកាបក្សម្នាក់ៗ ទទួលបានសម្ភារៈមួយចំនួន និងថវិកា ២ម៉ឺនរៀល និងឧបត្ថម្ភដល់សមាគមមនុស្សចាស់ឃុំជ័យ ក្រមា ៥០ សារុង ៥០ និងថវិកា ៥០ម៉ឺនរៀល។ ឧបត្ថម្ភដំបូលសាលាឆទានភូមិល្វា ១លាន ៨សែនរៀល ឧបត្ថម្ភចាក់ដីជួសជុលផ្លូវគ្រួសក្រហម ៦០០,០០០រៀល សរុបថវិកាចំណាយ ៥លាន ៦៣ម៉ឺនរៀល ដែលថវិកាទាំងនេះបានចូលរួមពីក្រុមការងារចុះមូលដ្ឋានឃុំក្នុងស្រុកកំពង់ស្វាយ។