មន្ត្រីបរិស្ថាន ៨៥នាក់ ទទួលបានការបណ្ដុះបណ្ដាដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយ និងពង្រឹងការងារទំនាក់ទំនងតាមប្រព័ន្ធឌីជីថល
15-08-2026 17:00
(កំពង់ធំ)៖ មន្ត្រីនៃមន្ទីរបរិស្ថានចំនួន ៤០រូបមកពីខេត្តនានាជុំវិញបឹងទន្លេសាប បានពង្រឹងជំនាញរបស់ពួកគេពីការងារទំនាក់ទំនងព័ត៌មានបរិស្ថាន ការបង្កើតមាតិកាឌីជីថល និងការឆ្លើយតបទៅនឹងព័ត៌មានមិនពិត តាមរយៈសិក្ខាសាលារយៈពេលពីរថ្ងៃ ដែលរៀបចំឡើង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ដោយក្រសួងបរិស្ថាន ដោយមានការគាំទ្រពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។
សិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការសរសេរអត្ថបទព័ត៌មាន ការឆ្លើយតប និងប្រតិកម្មរហ័ស ក្នុងវិស័យបរិស្ថាន» បានប្រមូលផ្តុំមន្ត្រីមកពីមន្ទីរបរិស្ថាន និងមន្ទីរពាក់ព័ន្ធនៃខេត្តចំនួនប្រាំបី ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។
សិក្ខាសាលានេះបានបើកដោយមានសុន្ទរកថាពី លោក ជា វ៉ាន់ចាន់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោក អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី អាន ច័ន្ទសុភ័ក្រ ទីប្រឹក្សាកម្មវិធីនៃ FAO។ លោក ឡេង ជីវិន អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានគូសបញ្ជាក់ពីគោលបំណងនៃសិក្ខាសាលានេះ។
សិក្ខាសាលាបណ្តុះបណ្តាលមានវាគិ្មនសំខាន់ៗដូចជាលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក Ehsan Kabir អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងរបស់អង្គការ FAO លោកសុខ ហេង សាស្ត្រាចារ្យនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) និងមន្ត្រីមកពីក្រសួងបរិស្ថាន ដែលគ្របដណ្តប់លើការសរសេរមាតិកា និងការផ្សព្វផ្សាយព័ត៌មានដើម្បីបង្កើតផលវិជ្ជមានដល់បរិស្ថាន ការប្រឆាំងព័ត៌មានក្លែងក្លាយ និងយន្តការឆ្លើយតបទាន់ពេលវេលា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់អភិវឌ្ឍមាតិកាព័ត៌មានក្នុងបណ្តាញសង្គម ព័ត៌មានអនឡាញ និងបណ្តាញសង្គម ការថតរូប ការថតវិដេអូ និងការរៀបរាប់សាច់រឿងតាមរូបភាពសម្រាប់ព័ត៌មាន។
ជំនួសឱ្យការផ្តោតតែលើទ្រឹស្តី មន្ត្រីដែលបានចូលរួមក៏បានធ្វើការអនុវត្តដោយផ្ទាល់លើការប្រែក្លាយព័ត៌មានទៅជាមាតិកាសម្រាប់ផ្សព្វផ្សាយជាសាធារណៈ ការសរសេរមាតិកាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ការផលិតរូបថត និងវីដេអូ ការកំណត់អត្តសញ្ញាណព័ត៌មានមិនពិត ការទប់ទល់នឹងព័ត៌មានក្លែងក្លាយ និងយន្តការឆ្លើយតបទាន់ពេលវេលា និងការប្រើប្រាស់ AI ដោយមានការទទួលខុសត្រូវដើម្បីបង្កើតមាតិកាព័ត៌មាន។ លំហាត់ជាក់ស្តែងបានផ្តល់ឱកាសឱ្យអ្នកចូលរួមអនុវត្តជំនាញទាំងនេះ លើស្ថានភាពដែលពួកគេជួបប្រទះនៅក្នុងការងារទំនាក់ទំនងប្រចាំថ្ងៃរបស់ពួកគេ។
សិក្ខាសាលានេះគាំទ្រដល់យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ ដែលផ្តោតជាអាទិភាពទៅលើ ភាពស្អាត ភាពបៃតង និងចីរភាព ដោយជួយឱ្យមន្ត្រីអាចទំនាក់ទំនងការងារអាទិភាព និងសកម្មភាពរបស់ខ្លួនបានច្បាស់លាស់ និងមានប្រសិទ្ធភាពទៅកាន់សាធារណជន។ ដោយសារវេទិកាឌីជីថលកាន់តែមានឥទ្ធិពលលើរបៀបដែលមនុស្សទទួលបានព័ត៌មាន ការទំនាក់ទំនងដែលច្បាស់លាស់ ទាន់ពេលវេលា និងត្រឹមត្រូវគឺមានសារៈសំខាន់សម្រាប់ការយល់ដឹង និងការចូលរួមរបស់សាធារណជន។
សិក្ខាសាលានៅខេត្តកំពង់ធំ គឺជាការរៀបចំលើកទីពីរ ក្នុងចំណោមស៊េរីនៃវគ្គបណ្តុះបណ្តាលដែលមានបីដង។ សិក្ខាសាលាពីរដំបូង រួមគ្នាបានបណ្តុះបណ្តាលដល់មន្ត្រី ៨៥នាក់។ សិក្ខាសាលាលើកដំបូងត្រូវបានធ្វើ នៅខេត្តកោះកុង ហើយសិក្ខាសាលាលើកទីបីគ្រោងរៀបចំនៅចុងឆ្នាំនេះ។
ស៊េរីនៃវគ្គបណ្តុះបណ្តាលនេះកំពុងជួយកសាងបណ្តាញទំនាក់ទំនងឱ្យកាន់តែរឹងមាំរវាងក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត និងបង្កើនល្បឿន គុណភាព និងភាពត្រឹមត្រូវនៃព័ត៌មានបរិស្ថានសម្រាប់សាធារណជន៕












