អភិបាលក្រុងសិរីសោភ័ណ អំពាវនាវពលរដ្ឋបន្តសហការរាយការណ៍បទល្មើស ជាពិសេស Online Scams
15-08-2026 16:58
(បន្ទាយមានជ័យ)៖ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព, លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបន្តចូលរួមរាយការណ៍អំពីបទល្មើសនានា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលកើតមានឡើង ដើម្បីឱ្យកងកម្លាំងមានសមត្ថកិច្ចអាចអន្តរាគមន៍ និងបង្ក្រាបបានទាន់ពេលវេលា។
ការអំពាវនាវនេះរបស់លោក ស្រេង សុផល ធ្វើឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងសិរីសោភ័ណ ជូនដល់សង្កាត់អូរអំបិល និងសង្កាត់ទឹកថ្លា ដែលជាសង្កាត់ចុងក្រោយនៃសង្កាត់ទាំង៧។ ពិធីនេះប្រារព្ធធ្វើនៅវត្តសុភមង្គល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង សមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលរងក្រុង កងកម្លាំងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាននៃសង្កាត់ទាំង២ រួមទាំងប្រជាពលរដ្ឋប្រមាណជាង ២០០នាក់។
លោកអភិបាលក្រុង បានកោតសរសើរចំពោះកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមយ៉ាងផុសផុលក្នុងការអភិវឌ្ឍមូលដ្ឋាន និងអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពកន្លងមក។
ទន្ទឹមនឹងនេះ លោក ស្រេង សុផល ក៏បានជំរុញបន្ថែមដល់អាជ្ញាធរមូលដ្ឋានទាំង ៧សង្កាត់ និងប្រជាពលរដ្ឋ ឱ្យបន្តសហការរាយការណ៍ពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកអភិបាលក្រុងក៏បានណែនាំឱ្យរាយការណ៍ពីជនបរទេសដែលស្នាក់នៅ ឬធ្វើការតាមសណ្ឋាគារ ផ្ទះសំណាក់ ឬទីតាំងប្រមូលផ្តុំនានា ដើម្បីចុះធ្វើរដ្ឋបាល និងបង្ការករណីសង្ស័យថាមានការបង្កប់បទល្មើស Online Scams។
លោក ស្រេង សុផល បានសង្កត់ធ្ងន់ថា ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកត្តាលីករដ៏សំខាន់បំផុតក្នុងការជំរុញឱ្យការអនុវត្ត «គោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។



















