រដ្ឋបាលស្រុកសេសាន និងអង្គការ DPA រៀបចំលំហាត់សមយុទ្ធត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ ដើម្បីពង្រឹងសមត្ថភាពជួយសង្គ្រោះប្រជាពលរដ្ឋ
15-08-2026 15:54
(ស្ទឹងត្រែង)៖ រដ្ឋបាលស្រុកសេសាន សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត និងថ្នាក់ស្រុក ព្រមទាំងអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) ដោយមានការគាំទ្រថវិកាពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានរៀបចំលំហាត់សមយុទ្ធស្តីពីការត្រៀមបង្ការ និងឆ្លើយតបចំពោះគ្រោះមហន្តរាយនានា ដែលអាចកើតមានឡើងនៅក្នុងមូលដ្ឋាន។
លំហាត់សមយុទ្ធនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងបទពិសោធន៍របស់អាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ក្នុងការត្រៀមលក្ខណៈបង្ការ ការឆ្លើយតប និងការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយដែលបណ្តាលមកពីបាតុភូតធម្មជាតិ ជាពិសេសគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀង ដែលអាចកើតមាននៅតាមតំបន់ប្រឈម។
ពិធីនេះមានការចូលរួមជាអធិបតីដោយលោកស្រី អេង សោភា អនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង, លោក ជា តារា ប្រធានរដ្ឋបាល និងហិរញ្ញវត្ថុនៃអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) និងលោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋ។
អភិបាលស្រុកសេសាន បានលើកឡើងថា ស្រុកសេសាន គឺជាស្រុកមួយដែលតែងតែប្រឈមនឹងបញ្ហាគ្រោះធម្មជាតិ ជាពិសេសគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀង ដែលអាចបង្កផលប៉ះពាល់ដល់ការរស់នៅ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
លោកអភិបាលស្រុកបានបញ្ជាក់ថា តាមរយៈបទពិសោធន៍កន្លងមក អាជ្ញាធរពាក់ព័ន្ធនៅក្នុងស្រុកសេសាន តែងតែយកចិត្តទុកដាក់លើការងារត្រៀមបង្ការ និងឆ្លើយតបចំពោះគ្រោះមហន្តរាយ ដោយតាមដានស្ថានភាពអាកាសធាតុ និងបាតុភូតធម្មជាតិ ព្រមទាំងជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមតំបន់ប្រឈម ដើម្បីឱ្យមានការត្រៀមលក្ខណៈបង្ការ និងទប់ស្កាត់បានទាន់ពេលវេលា។
លោក សុវណ្ណ ពិសេដ្ឋ បានចាត់ទុកថា ការរៀបចំលំហាត់សមយុទ្ធនេះមានសារៈសំខាន់យ៉ាងខ្លាំង ព្រោះមិនត្រឹមតែជាការហ្វឹកហាត់បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើនការយល់ដឹង និងការត្រៀមខ្លួនរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ ដើម្បីអាចយកបទពិសោធន៍ពីសមយុទ្ធទៅអនុវត្តនៅតាមភូមិ ឃុំ និងតំបន់ដែលមានហានិភ័យខ្ពស់។
ថ្លែងក្នុងពិធីនេះដែរ លោក ជា តារា បានបញ្ជាក់ថា លំហាត់សមយុទ្ធស្តីពីការត្រៀមបង្ការគ្រោះមហន្តរាយ គឺជាសកម្មភាពមួយដែលមានសារៈសំខាន់ក្នុងការធ្វើឱ្យអ្នកចូលរួមទាំងអស់បានស្គាល់ពីនីតិវិធី និងវិធីសាស្ត្រក្នុងការជួយសង្គ្រោះ ក៏ដូចជាបង្ហាញពីភាពប៉ិនប្រសប់ និងសមត្ថភាពក្នុងការជួយគ្នាទៅវិញទៅមក នៅពេលមានគ្រោះមហន្តរាយកើតឡើងនៅក្នុងសហគមន៍។
ប្រធានរដ្ឋបាល និងហិរញ្ញវត្ថុនៃអង្គការ DPA បានបន្ថែមថា នៅពេលមានការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព អាជ្ញាធរពាក់ព័ន្ធត្រូវត្រួតពិនិត្យ និងយកចិត្តទុកដាក់ឱ្យបានដិតដល់ទាំងបញ្ហាសន្តិសុខ សុវត្ថិភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។ ជាពិសេស ត្រូវរៀបចំឱ្យបានគ្រប់គ្រាន់នូវតម្រូវការចាំបាច់នៅទីទួលសុវត្ថិភាព ដូចជា ទឹកស្អាត ស្បៀងអាហារ ទីជម្រក សន្តិសុខ និងការថែទាំសុខភាព។
លោក ជា តារា បានគូសបញ្ជាក់ថា ការងារឆ្លើយតបពេលមានគ្រោះមហន្តរាយ មិនមែនមានតែការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់នោះទេ ប៉ុន្តែត្រូវគិតគូរពីតម្រូវការរបស់ប្រជាពលរដ្ឋនៅពេលស្នាក់នៅទីទួលសុវត្ថិភាពផងដែរ។ ដូច្នេះ អាជ្ញាធរមូលដ្ឋាន ជាពិសេសអភិបាលស្រុក ឃុំ សង្កាត់ និងមេភូមិ ត្រូវសហការគ្នារៀបចំផែនការ និងកំណត់ឱ្យបានច្បាស់ពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដើម្បីធានាថា ការឆ្លើយតបចំពោះគ្រោះមហន្តរាយមានប្រសិទ្ធភាព និងមិនទុកឱ្យប្រជាពលរដ្ឋប្រឈមនឹងការខ្វះខាតនៅពេលមានអាសន្ន។
ក្នុងឱកាសនោះ អនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណចំពោះរដ្ឋបាលស្រុកសេសាន អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់ ពិសេសអង្គការ DPA ដែលបានសហការរៀបចំកម្មវិធីលំហាត់សមយុទ្ធដ៏មានសារៈសំខាន់នេះ សម្រាប់ជួយពង្រឹងសមត្ថភាពរបស់អាជ្ញាធរថ្នាក់ក្រុង ស្រុក ឃុំ និងសង្កាត់ ក្នុងការត្រៀមបង្ការ និងឆ្លើយតបចំពោះគ្រោះមហន្តរាយនានាដែលអាចកើតមានឡើងនៅក្នុងមូលដ្ឋាន។
លោកស្រី អេង សោភា បានគូសបញ្ជាក់ថា ការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវការការចូលរួម និងកិច្ចសហការពីគ្រប់ភាគី ព្រោះការបង្ការ និងកាត់បន្ថយហានិភ័យមិនអាចសម្រេចបានដោយស្ថាប័នណាមួយតែម្នាក់ឯងឡើយ។ ការរៀបចំលំហាត់សមយុទ្ធជាប្រចាំ នឹងជួយឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធបានស្គាល់ច្បាស់ពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ព្រមទាំងអាចសម្របសម្រួលការងារបានលឿន និងមានប្រសិទ្ធភាពនៅពេលមានហេតុការណ៍កើតឡើងជាក់ស្តែង៕





















