នាយក WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច៖ «បើមិនអាចហោះបានទេ យើងត្រូវរត់ បើមិនអាចរត់បានទេ យើងត្រូវដើរ បើនៅតែមិនអាចដើរបានទៀត យើងត្រូវប្រឹងលូន បន្តបោះជំហានទៅមុខជាប្រចាំ ដើម្បីសុខភាពប្រជាជន ទោះជួបបញ្ហាយ៉ាងណាក៏ដោយ» (Video inside)
15-08-2026 15:34
(ភ្នំពេញ)៖ ក្នុងឱកាសលោកវេជ្ជបណ្ឌិត សាយ៉ា ម៉ាអ៊ូព្យូកាលា (Saia Ma’u Piukala) នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក (WHO) អញ្ជើញចុះទស្សនកិច្ចស្វែងយល់ពីការផ្តល់សេវាថែទាំសុខភាព នៅមណ្ឌលសុខភាពគោកចក ខេត្តសៀមរាប អមដំណើរដោយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកបានផ្ដល់សារណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ថា «បើមិនអាចហោះបានទេ យើងត្រូវរត់ បើមិនអាចរត់បានទេ យើងត្រូវដើរ បើនៅតែមិនអាចដើរបានទៀត យើងត្រូវប្រឹងលូន ពោលគឺយើងត្រូវតែនៅបន្តបោះជំហានទៅមុខជាប្រចាំ (Keep moving) ដើម្បីលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជន បើទោះជាជួបប្រទះបញ្ហាយ៉ាងណាក៏ដោយ»។
ក្នុងដំណើរអញ្ជើញចុះទស្សនកិច្ចស្វែងយល់ពីការផ្តល់សេវាថែទាំសុខភាព នៅមណ្ឌលសុខភាពគោកចក ខេត្តសៀមរាប នាថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើ «ការថែទាំសុខភាពបឋម ក្នុងសហគមន៍» (Primary Health Care) ដែលជាគ្រឹះចម្បងនៃប្រព័ន្ធសុខាភិបាល សំដៅពង្រឹងការបង្ការជំងឺ ការអប់រំសុខភាព និងការពិនិត្យព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅកៀកជិតប្រជាពលរដ្ឋបំផុត។
ក្នុងឱកាសនោះលោកនាយកប្រចាំតំបន់ បានអបអរសាទរមណ្ឌលសុខភាពគោកចក ដែលទទួលបានជ័យលាភី ជា«មណ្ឌលសុខភាពគំរូ» ដែលជាផ្លែផ្កានៃភាពជាអ្នកដឹកនាំ ការប្តេជ្ញាចិត្ត និងកិច្ចសហការជិតស្និទ្ធជាមួយសហគមន៍ ។ លោកក៏បានថ្លែងអំណរគុណចំពោះដល់លោករដ្ឋមន្ត្រីសុខាភិបាល និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំពង្រឹងសុខភាពសហគមន៍ ដោយផ្តោតលើការថែទាំសុខភាពបឋម និង «ការគ្របដណ្តប់សុខភាពជាសកល» (Universal Health Coverage - UHC) ដើម្បីខិតនាំសេវាឱ្យកាន់តែជិតទីលំនៅ និងកន្លែងធ្វើការរបស់ប្រជាពលរដ្ឋ។
នាយកប្រចាំតំបន់ បានគូសបញ្ជាក់ថា៖ «ការគ្របដណ្តប់សុខភាពជាសកល មានគោលការណ៍សាមញ្ញ គឺប្រជាពលរដ្ឋរស់នៅទីណា សេវាសុខាភិបាលត្រូវតែមាននៅទីនោះ។ ក្នុងនាមជាមន្ត្រីសុខាភិបាល យើងអាចញញឹមដោយមោទនភាពនៅចុងបញ្ចប់នៃថ្ងៃនីមួយៗ ដោយសារយើងបានសង្គ្រោះ និងលើកកម្ពស់គុណភាពជីវិតប្រជាជន។ ជោគជ័យនៃវិស័យសុខាភិបាល មិនមែនវាស់វែងត្រឹមក្នុងមន្ទីរពេទ្យឡើយ ប៉ុន្តែគឺវាស់លើសុខុមាលភាពជាក់ស្តែងក្នុងសហគមន៍»។
ជាមួយគ្នានេះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានមានប្រសាស៍បន្ថែមផងដែរថា៖ «បន្ទាប់ពីបានជួបពិភាក្សានៅការិយាល័យកណ្តាល និងក្នុងកិច្ចប្រជុំថ្នាក់តំបន់ យើងពិតជាមានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលស្វាគមន៍ ឯកឧត្តមនាយកប្រចាំតំបន់ (Regional Director) ចុះមកសហគមន៍ផ្ទាល់នៅកម្ពុជា។ ជំនួបនៅកម្រិតមូលដ្ឋាននេះ គឺបានស្តែងចេញនូវសកម្មភាពជាក់ស្តែង ក្នុងការប្រែក្លាយគោលនយោបាយឱ្យទៅជាលទ្ធផលពិតប្រាកដ»។ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីទិដ្ឋភាពជាក់ស្តែងនៃស្ត្រីមានផ្ទៃពោះម្នាក់ដែលមកទទួលសេវា ដែលបង្ហាញពីទំនុកចិត្តយ៉ាងមុតមាំលើសេវាសុខាភិបាលនៅជិតផ្ទះ។
ជាកិច្ចបញ្ចប់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវមោទនភាព និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីសុខាភិបាលទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត បម្រើសេវាជូនប្រជាពលរដ្ឋដោយបេះដូង និងវិជ្ជាជីវៈខ្ពស់៕













































