FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំនាវាកម្ពុជាប្រកបដោយភាពចាស់ទុំខាងនយោបាយ និងការទូត បន្តធានាសុខសន្តិភាព និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ

15-08-2026 15:25

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល នៅថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

ក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានបង្ហាញសេចក្តីរីករាយដែលបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយសមាជិក សមាជិកាគណបក្ស និងក្រុមការងារទាំងអស់ ដោយចាត់ទុកការជួបសំណេះសំណាល ស្វែងយល់ពីការងារ និងសុខទុក្ខគ្នាទៅវិញទៅមក ជាវប្បធម៌ដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រ និងលើកទឹកចិត្តគ្នាក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

សម្តេចរដ្ឋសភាធិបតី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី និងលោកជំទាវ ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជូនសមាជិក សមាជិកាទាំងអស់។

សម្តេចបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សតែងតែគិតគូរពីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។

ក្នុងពិធីនេះ លោកស្រី ប៊ុន នារី ត្រូវបានជ្រើសតាំងជាប្រធានក្រុមការងារស្ត្រីគណបក្សស្រុកល្វាឯម។ សម្តេចរដ្ឋសភាធិបតី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃរបស់ក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងអរិយក្សត្រ និងស្រុកល្វាឯម ដែលបានបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលជាទីគាប់ចិត្តជូនគណបក្សប្រជាជនកម្ពុជា។

សម្តេចបានបញ្ជាក់ថា ការប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងក្រុងអរិយក្សត្រ នាពេលនេះ មិនមានន័យថាជាការកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់ក្រុមការងារចលនាស្ត្រីដែលមានកន្លងមកនោះទេ ប៉ុន្តែជាយន្តការបន្ថែមមួយទៀតរបស់គណបក្ស លើសពីយន្តការក្រុមចលនាស្ត្រីថ្នាក់ស្រុក ឃុំ និងភូមិដែលមានស្រាប់។

សម្តេចបានបន្ថែមថា យន្តការទាំងបីថ្នាក់មានគោលដៅរួមតែមួយ គឺជួយឧបត្ថម្ភ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការបម្រើបុព្វហេតុជាតិ មាតុភូមិ និងចក្ខុវិស័យរបស់គណបក្ស។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា លទ្ធផលការងារដែលសម្រេចបានកន្លងមក គឺជាគ្រឹះដ៏រឹងមាំសម្រាប់ជ័យជម្នះរបស់គណបក្សក្នុងគ្រប់ការបោះឆ្នោត។ សម្តេចមានជំនឿមុតមាំថា ក្រុមការងារគណបក្សទាំងអស់នឹងបន្តខិតខំបម្រើប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់គណបក្សដែលមិនទុកចោលពលរដ្ឋណាម្នាក់ឡើយ និងបន្តកសាងជំនឿទុកចិត្តយ៉ាងពិតប្រាកដពីប្រជាពលរដ្ឋ ជាពិសេសក្នុងចំណោមស្ត្រី និងយុវតី ដែលជាកម្លាំងស្នូលក្នុងការបង្កើនប្រៀបឈ្នះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨។

ពាក់ព័ន្ធនឹងតួនាទីស្ត្រី សម្តេចរដ្ឋសភាធិបតី បានលើកឡើងពីគុណតម្លៃដែលមិនអាចខ្វះបានរបស់ស្ត្រីក្នុងសង្គមជាតិ ដោយស្ត្រីមានចំនួនជាង៥០% នៃប្រជាពលរដ្ឋកម្ពុជា។ សម្តេចបានបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានផ្តល់តម្លៃខ្ពស់ចំពោះការចូលរួមរបស់ស្ត្រី និងចាត់ទុកស្ត្រីជាតួអង្គសំខាន់ដែលមិនអាចរំលងបាន។

សម្តេចបានគូសបញ្ជាក់ថា ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ច ហើយការជួយស្ត្រី គឺដូចជាជួយខ្លួនឯង ខណៈការវិនិយោគលើស្ត្រី គឺជាការវិនិយោគលើខ្លួនឯង គ្រួសារ និងសង្គមទាំងមូល។ ការលើកកម្ពស់សមភាពយេនឌ័រ ត្រូវបានផ្តល់អាទិភាពក្នុងនីតិកាលទី៧ ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន។

សម្តេចរដ្ឋសភាធិបតី ក៏បានរំលឹកប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលជួបសំណេះសំណាលជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដែលបានជំរុញឱ្យមានការពង្រឹងសមត្ថភាពស្ត្រី តាមរយៈការបណ្តុះបណ្តាល និងបន្តពង្រឹងអំណាច និងតួនាទីរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច។

សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារទៅកាន់បណ្តាស្ថាប័នជាតិឱ្យបន្តពង្រឹងអំណាច និងតួនាទីស្ត្រីក្នុងវិស័យសេដ្ឋកិច្ច ដោយការវិនិយោគលើស្ត្រីត្រូវមានការចូលរួមពីទាំងរដ្ឋ និងវិស័យឯកជន ដើម្បីពង្រឹងសិទ្ធិអំណាចដល់ស្ត្រីកម្ពុជា។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណជាទីបំផុតចំពោះទឹកចិត្តអង់អាចក្លាហាន និងការពលីរបស់វីរយុទ្ធជន ក្នុងកិច្ចការពារបូរណភាពទឹកដី ព្រមទាំងទទូចឱ្យក្រុមការងារទាំងអស់បន្តចុះយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះក្រុមគ្រួសារវីរយុទ្ធជនដែលកំពុងបំពេញបេសកកម្មដើម្បីជាតិនៅសមរភូមិ និងគ្រួសារវីរយុទ្ធជនដែលបានពលី។

សម្តេចបានសង្កត់ធ្ងន់ថា គុណបំណាច់របស់វីរយុទ្ធជនមានតម្លៃធំធេងណាស់ ដែលប្រជាជាតិទាំងមូលត្រូវចងចាំ និងឆ្លើយតបជូនវិញ។ ក្នុងពិធីសំណេះសំណាលប្រកបដោយក្តីនឹករលឹក និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះ សម្តេចក៏បានចែករំលែកអំពីស្ថានភាពសង្គមរបស់ប្រទេស និងពិភពលោក ព្រមទាំងលើកឡើងពីឆន្ទៈមោះមុត ច្បាស់លាស់ និងវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាពលរដ្ឋ។

ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាព្រំដែន សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់ថា ថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហាព្រំដែន ប្រកបដោយភាពម៉ត់ចត់ និងឈ្លាសវៃ តាមរយៈការចរចាការទូត និងការប្រកាន់យកការដោះស្រាយជម្លោះស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។

សម្តេចបានចាត់ទុកថា ដំណឹងវិជ្ជមានមួយទៀត គឺយន្តការផ្សះផ្សាដោយបង្ខំលើបញ្ហាសមុទ្រ ដែលកម្ពុជាបានជ្រើសរើស ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយប្រទេសថៃ មិនបាននៅស្ងៀមនោះឡើយ ហើយពេលនេះបានបោះជំហានទៅមុខមួយជំហានទៀត ដោយកម្ពុជា និងថៃ បានសម្រេចជ្រើសយកលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា។

សម្តេចរដ្ឋសភាធិបតី បានបន្ថែមថា សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំនាវាកម្ពុជាប្រកបដោយភាពចាស់ទុំខាងផ្នែកនយោបាយ និងការទូត ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិជាគោល។ សម្តេចធិបតីបាន និងកំពុងបន្តស្វែងរកសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមឱ្យមានភាពល្អប្រសើរ ព្រមទាំងជំរុញឱ្យសេដ្ឋកិច្ចបន្តមានកំណើន និងសង្គមមានស្ថិរភាព។

ជាចុងក្រោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអំពាវនាវឱ្យសមាជិក សមាជិកាគណបក្សទាំងអស់បន្តជឿជាក់លើថ្នាក់ដឹកនាំ ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបាន និងកំពុងយកចិត្តទុកដាក់ទប់ទល់នឹងសត្រូវឈ្លានពាន តាមរយៈសមរភូមិការទូត និងយោធា គ្រប់រូបភាពតាមផ្លូវច្បាប់ នយោបាយ និងសាធារណៈមតិនានាជុំវិញពិភពលោក ដើម្បីការពារយុត្តិធម៌ជូនប្រជាជាតិ៕