FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយក ស៊ូ សុជាតិ អំពាវនាវដល់ស្ថានទូត និងស្ថានកុងស៊ុលកិត្តិយសប្រចាំកម្ពុជា ចូលរួមជាដៃគូសហការ ជាមួយនិយ័តករមូលបត្រកម្ពុជា

15-08-2026 15:08

(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ដំណើរនៃការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា៖ កិច្ចគាំពារវិនិយោគិន, បរិយាបន្ន, នវានុវត្តន៍ និងចីរភាព» សម្រាប់អង្គទូត នៃស្ថានទូត ប្រចាំប្រទេសកម្ពុជា នៅអគារ អ.ស.ហ. ក្រោមអធិបតីភាពលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ន.ម.ក.។

សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស៊ីជម្រៅពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា ដោយបានរំលេចអំពីដំណើរនៃការអភិវឌ្ឍវិស័យមូលបត្រ សមិទ្ធផលសំខាន់ៗ ទិដ្ឋភាពទូទៅនៃទីផ្សារមូលបត្រ យុទ្ធសាស្រ្តអាទិភាពសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រនា យន្តការនៃការការពារវិនិយោគិន និងគំនិតផ្តួចផ្តើមសំខាន់ៗក្នុងការជំរុញការអភិវឌ្ឍវិស័យមូលបត្រប្រកបសណ្តាប់ធ្នាប់ តម្លាភាព ជវភាព ភាពធន់ ចីរភាព និងនវានុវត្តន៍។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះ លោកប្រតិភូ បានគូសបញ្ជាក់ថា «តាមរយៈនវានវុត្តន៍ ការការពារវិនិយោគិនដ៏រឹងមាំ និងបរិយាបន្នហិរញ្ញវត្ថុ វិស័យមូលបត្រកម្ពុជា បាន និងកំពុងកសាងនូវភាពធន់នៃប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ដែលប្រកាន់ខ្ជាប់នូវភាពជាដៃគូសាកល និងការធ្វើសមាហរណកម្មទីផ្សារមូលបត្រកម្ពុជាទៅក្នុងសេដ្ឋកិច្ចពិភពលោក»

ខណៈពេលដែលយើងសម្លឹងឆ្ពោះទៅភាពរីកចម្រើននៃទីផ្សារនេះ លោកប្រតិភូ បានអំពាវនាវដល់ស្ថានទូត និងស្ថានកុងស៊ុលកិត្តិយសប្រចាំប្រទេសកម្ពុជា ចូលរួមជាដៃគូសហការជាមួយ ន.ម.ក. លើអាទិភាពលើយុទ្ធសាស្ត្រសំខាន់ៗ ចំនួន ៤ រួមមាន៖
១៖ ការកសាងសមត្ថភាព និងការផ្ទេរចំណេះដឹង៖ ជួយគាំទ្រ ន.ម.ក. នៅក្នុងការបន្តលើកកម្ពស់ការកសាងសមត្ថភាពនិយ័តករផ្ទាល់, ប្រតិបត្តិករទីផ្សារ និងអន្តរការីហិរញ្ញវត្ថុ ដើម្បីអាចឆ្លើយតបនឹងតម្រូវការទីផ្សារ ដែល កំពុងវិវត្តន៍ឥតឈប់ឈរ។
២៖ ការរួមគ្នាកសាងស្តង់ដារក្នុងតំបន់៖ ធ្វើការរួមគ្នាជាមួយ ន.ម.ក. ដើម្បីអភិវឌ្ឍការវិនិយោគឆ្លងដែន និងជំរុញការធ្វើសុខដុមនីយកម្មក្របខ័ណ្ឌបទប្បញ្ញត្តិនៅក្នុងតំបន់អាស៊ាន។
៣៖ ការលើកកម្ពស់ការវិនិយោគ និងការកៀរគរទុនប្រកបដោយចីរភាព៖ លើកទឹកចិត្តដល់សហគមន៍ធុរកិច្ចឱ្យសិក្សាអំពីឱកាសវិនិយោគនៅក្នុងវិស័យមូលបត្រ និងសម្រួលដល់រំហូរទុនអន្តរជាតិសម្រាប់គំនិតផ្តួចផ្តើមចីរភាពក្នុងស្រុក សញ្ញាបណ្ណបៃតងសាជីវកម្ម និងឧបករណ៍ហិរញ្ញវត្ថុដែលផ្សារភ្ជាប់នឹងបរិស្ថាន សង្គម និងអភិបាល- កិច្ច (ESG)។
៤៖ ការលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុ និងការធ្វើទំនើបកម្មទីផ្សារ៖ សូមចូលរួមសហការជាមួយ ន.ម.ក. ដើម្បីទាញយកប្រយោជន៍ពីបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ, ការប្រើប្រាស់បច្ចេកវិទ្យាបទប្បញ្ញត្តិ (RegTech) និងបច្ចេកវិទ្យា ត្រួតពិនិត្យ (SupTech) និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទីផ្សារមូលបត្រ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីមូលបត្រមួយដែលមានប្រសិទ្ធភាព បរិយាបន្ន និងឌីជីថល៕