ឧកញ៉ា តែ តាំងប៉ ដឹកនាំប្រតិភូ FASMEC ចុះបេសកកម្មពាណិជ្ជកម្មនៅហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការ SME
15-08-2026 14:49
(រដ្ឋធានីម៉ានីល)៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC បានបញ្ចប់បេសកកម្មពាណិជ្ជកម្មពេញមួយថ្ងៃនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។ បេសកកម្មនេះមានគោលបំណងសំខាន់ក្នុងការលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងសហគ្រាសធុនតូច និងមធ្យម (SME) នៃប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម កសិ-កែច្នៃ ម្ហូបអាហារ និងផលិតផលសិប្បកម្ម-តម្បាញ។
ក្នុងអំឡុងពេលបេសកកម្ម គណៈប្រតិភូ FASMEC បានជួបប្រជុំជាមួយថ្នាក់ដឹកនាំសំខាន់ៗជាច្រើន។ ក្នុងនោះមានជំនួបជាមួយលោក Ferdinand “Perry” Ferrer ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (PCCI) ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការធុរកិច្ច និងការរៀបចំពិព័រណ៍ពាណិជ្ជកម្មអាស៊ាន។ លើសពីនេះ FASMEC ក៏បានចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយក្រុមប្រឹក្សាធុរកិច្ចនារីហ្វីលីពីន (WomenBizPH) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគ្រិនស្ត្រី និង SME នៃប្រទេសទាំងពីរ។
គណៈប្រតិភូក៏បានចូលរួមកម្មវិធីជំនួបពាណិជ្ជកម្ម (Business Matching) ជាមួយការិយាល័យពង្រីកការនាំចេញ (EMB) នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (DTI) ដែលដឹកនាំដោយលោកស្រី Bianca Pearl R. Sykimte។ ក្នុងជំនួបនេះ មានការពិភាក្សាផ្ទាល់រវាងប្រតិភូ FASMEC និងក្រុមហ៊ុនហ្វីលីពីនជាច្រើនលើវិស័យកសិផល ម្ហូបអាហារ និងដឹកជញ្ជូន។ បេសកកម្មនេះក៏ជាការត្រៀមលក្ខណៈជាយុទ្ធសាស្ត្រឆ្ពោះទៅកាន់ព្រឹត្តិការណ៍ពាណិជ្ជកម្មអាស៊ាន (ASEAN Engagements) នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះផងដែរ។ ការប្តេជ្ញាចិត្តពង្រីកទំហំពាណិជ្ជកម្មបន្ថែមទៀតលើវិស័យទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន។



























