ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តពូនភ្នំ
15-08-2026 13:46
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ព្រមទាំងសមាជិកក្រុមការងាររាជរដ្ឋាភិបាល និងគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ សរុបចំនួន ១៣៩នាក់ បាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃចំនួន ៧អង្គ ជូនយាយជីតាជី និងអាចារ្យចំនួន ៤០នាក់ លោកយាយលោកតាជាពុទ្ធបរិស័ទ ៥០នាក់ ព្រមទាំងប្រជាការពារ ៤៥នាក់ នៅវត្តពូនភ្នំ ស្ថិតក្នុងសង្កាត់សំរោងក្រោម ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ នេះ។
ទេយ្យទាន និងបវរណាបច្ច័យដែលបានប្រគេនរួមមាន៖ ទៀនព្រះវស្សា៩គូ សាដក៩ឈុត ស្ករស១កេសធំ កាហ្វេ១កេសធំ អង្ករ (៥០គីឡូក្រាម) ១៥បាវ មី២៨កេស ទឹកបរិសុទ្ធ៣២កេស ទឹកផ្លែឈើ២៨កេស ត្រីខកំប៉ុង ២៨យួរ ទឹកត្រី១៤យួរ ទឹកស៊ីអ៊ីវ១៤យួរ បច្ច័យកសាងវត្ត និងបច្ច័យផ្សេងៗមួយចំនួនទៀត។ ការប្រគេនទៀនព្រះវស្សា និងទេយ្យទានទាំងនេះ គឺជាការរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ដែលត្រូវគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា។
នាឱកាសនោះ លោក ហេង សួរ ក្រុមការងារ និងពុទ្ធបរិស័ទទាំងអស់បានវេរទេយ្យទានទាំងអស់ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តពូនភ្នំ ប្រកបដោយសទ្ធាជ្រះថ្លាបំផុត និងសូមឧទ្ទិសកុសលផលបុណ្យដែលបានកសាង ជូនដល់ដួងវិញ្ញាណក្ខន្ធញាតិកាទាំងប្រាំពីរសន្តាន និងវីរកងទ័ព ព្រមទាំងវីរកងនគរបាលជាតិទាំងអស់ ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដីកម្ពុជា។
ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា និងជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធោវាទ។ ពុទ្ធបរិស័ទតែងតែនាំគ្នាប្រារព្ធពិធីបុណ្យនេះ ដោយនាំយកទៀនព្រះវស្សា និងទេយ្យទានចាំបាច់ផ្សេងៗទៅប្រគេនព្រះសង្ឃតាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗខ្លួន៕









