FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំពង្រឹងរចនាសម្ព័ន្ធ និងដាក់ចេញផែនការយុទ្ធនាការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២៧ នៅខេត្តក្រចេះ

15-08-2026 13:31

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកណៈបញ្ជាការយុទ្ធនាការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំអំពីការកែសម្រួល បែងចែកភារកិច្ច និងចាត់តាំងបន្ថែមក្រុមការងារគណបក្សចុះ មូលដ្ឋានក្រុង ស្រុក ផែនការយុទ្ធនាការឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ ២០២៧ សម្រាប់ខេត្តក្រចេះ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធានការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងសមាជិក សមាជិកាដែលជាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ជាច្រើនរូបទៀត។

កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើការកែសម្រួល បែងចែកភារកិច្ច និងការចាត់តាំងបន្ថែមក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ក្នុងខេត្តក្រចេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងធានាបាននូវដំណើរការយុទ្ធនាការបោះឆ្នោតប្រកបដោយជោគជ័យ ព្រមទាំងពិភាក្សាអំពីយុទ្ធសាស្ត្រ និងយន្តការនានា ដើម្បីទាក់ទាញការគាំទ្រពីសាធារណជន និងការបែងចែកភារកិច្ចច្បាស់លាស់ទៅដល់ក្រុមការងារនីមួយៗ ដែលជាគន្លឹះដ៏សំខាន់ក្នុងការសម្រេចបាននូវគោលដៅដែលបានកំណត់។

នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរៀបចំផែនការយុទ្ធនាការឱ្យបានច្បាស់លាស់ និងមានលក្ខណៈទូលំទូលាយ ដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សទៅដល់ ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។​ លោកក៏បានណែនាំប្រធានក្រុមការងាររាជរដ្ឋាភិបាល​ និងក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង និងស្រុកទូទាំងខេត្តក្រចេះ ត្រូវសហការគ្នាក្តាប់ឱ្យជាប់នូវបញ្ហា ក្តីកង្វល់ និងសំណូមររបស់ប្រជាលរដ្ឋ នៅក្នុងមូលដ្ឋាន ដើម្បីធ្វើយ៉ាងណារកដំណោយះស្រាយជូនពលរដ្ឋឱ្យទាន់ពេលវេលា។

លោក នេត្រ ភក្ត្រា បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណបក្ស បន្តចុះពង្រឹងការចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីបន្តបម្រើប្រជាពលរដ្ឋ ស្វែងយល់ពីសុខទុក្ខ និងដោះស្រាយភាពចាំបាច់ដែលជាតម្រូវការ នៅតាមមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿកាន់តែខ្លាំងថែមទៀតចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានស្នាដៃដ៏ធំធេងជាប្រវត្តិសាស្រ្តក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា នាពេលកន្លងមក និងបន្តទៅជំនាន់ក្រោយទៀត។

លោក នេត្រ​ ភក្ត្រា ក៏បានរម្លឹកក្រុមការងារគណបក្សចុះមូលដ្ឋាន ត្រូវជំរុញ និងណែបន្ថែមដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ​ឱ្យអញ្ជើញទៅចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា។

បន្ថែមពីនេះលោក នេត្រ ភក្ត្រា បានណែនាំឱ្យគណៈបញ្ជាការ និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងការសម្របសម្រួល ការបែងចែកភារកិច្ច និងការរៀបចំផែនការឱ្យបានច្បាស់លាស់ ស្របតាមតួនាទី និងភារកិច្ចដែលបានកំណត់ ដើម្បីធានាប្រសិទ្ធភាពការងារ និងត្រៀមលក្ខណៈឱ្យបានល្អសម្រាប់យុទ្ធនាការឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងស្មារតីទទួលខុសត្រូវ ព្រមទាំងជំរុញឱ្យក្រុមការងារចុះមូលដ្ឋានត្រូវយកចិត្តទុកដាក់ស្តាប់ និងស្វែងយល់ពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន ដើម្បីរៀបចំការងារឱ្យបានសមស្រប និងមានប្រសិទ្ធភាព។

គួរឱ្យដឹងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៦ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ មិថុនា ឆ្នាំ២០២៧។ ការបោះឆ្នោតក្រុម ប្រឹក្សាឃុំ-សង្កាត់ ដំណើរការនៅ រៀងរាល់ ៥ឆ្នាំម្តង បើគិត ចាប់តាំងពី ឆ្នាំ២០០២មក៕