FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខជូនលោកជំទាវ ហាក់ គា ចំពោះមរណភាពឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩

15-08-2026 13:05

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសារលិខិតចូលរួមរំលែកមរណទុក្ខជូនលោកជំទាវ ហាក់ គា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ និងជាសមាជិកក្រុមសមាជិកប្រចាំភូមិភាគទី៦ នៃព្រឹទ្ធសភា ដែលបានទទួលមរណភាពនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។

នៅក្នុងសារលិខិតរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់ទៀតថា ក្នុងវេលាដ៏សែនវិយោគសោកស្តាយអាឡោះអាល័យជាពន់ពេកប្រមាណ ប្រកបដោយសមានទុក្ខដ៏ធំធេង ខ្ញុំសូមធ្វើអភិវន្ទនកិច្ចចូលរួមរំលែកនូវមរណទុក្ខដ៏មហាក្រៀមក្រំនេះ ដោយចិត្តសង្វេគពន់ពេកក្រៃស្ទើររកពាក្យអ្វីប្រៀបប្រដូចពុំបាន ព្រោះថា មរណភាពរបស់ឯកឧត្តម គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ ដែលកន្លងមក ឯកឧត្តម បានចិញ្ចឹមបីបាច់ថែរក្សា អប់រំ និងផ្តល់ដំបូន្មានល្អៗដល់ កូន ចៅ សាច់ញាតិ និងក្រុមគ្រួសារជាទី ស្រឡាញ់ ឱ្យក្លាយជាធនធានដ៏មានតម្លៃក្នុងសង្គមជាតិ ព្រមទាំងជាការបាត់បង់ឥស្សរជនដ៏ឆ្នើមមួយរូបដែល បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី បំពេញការងារយ៉ាងសកម្មជូនស្ថាប័នព្រឹទ្ធសភា ប្រកបដោយវិជ្ជាជីវៈ និងមនសិការ ដើម្បីបម្រើបុព្វហេតុឧត្តមប្រយោជន៍ «ជាតិ សាសនា ព្រះមហាក្សត្រ» ។

ក្នុងគ្រាប្រកបដោយសេចក្តីសោកសង្រេងស្ទើររកទីបំផុតគ្មាននេះ ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីស្រណោះអាឡោះអាល័យជាមួយលោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ទឹម ផន សូមបានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕