FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក រ៉េត រ៉ា ទីប្រឹក្សាអាជ្ញាធរមីន និងលោក យុន កុសល ផ្តួចផ្តើមរៃអង្គាសថវិកាជួសជុលផ្លូវ ៧ខ្សែប្រវែង ១៨គីឡូម៉ែត្រ នៅភូមិព្រៃមាន់ ឃុំឫស្សីស្រុក ស្រុកពាមជរ

15-08-2026 11:11

(ព្រៃវែង)៖ ទោះបីបានចាកចេញពីស្រុកកំណើតទៅប្រកបរបររកស៊ីនៅរាជធានីភ្នំពេញក្តី ក៏លោក រ៉េត រ៉ា ទីប្រឹក្សាអាជ្ញាធរមីន និងលោក យុន កុសល នៅតែមិនភ្លេចពីស្រុកកំណើត និងការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឡើយ ជាក់ស្តែងដោយសារតែមានទឹកចិត្តស្រឡាញ់ស្រុកកំណើត និងចង់ចូលរួមកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ក៏បានផ្តួចផ្តើម និងចូលរួមរៃអង្គាសថវិកាពីសប្បុរសជន ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ដើម្បីជួសជុល និងចាក់ថ្មលើផ្លូវចំនួន ៧ខ្សែ ស្ថិតក្នុងភូមិព្រៃមាន់ ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។

គម្រោងនេះបានប្រព្រឹត្តទៅក្រោមកម្លាំងសាមគ្គីរបស់លោក រ៉េត រ៉ា លោក យុន កុសល សប្បុរសជន ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដើម្បីកែលម្អផ្លូវដែលកន្លងមកមានការលំបាកក្នុងការធ្វើដំណើរ ជាពិសេសនៅរដូវវស្សា ដែលផ្លូវរអិល បែកភក់ និងបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

តាមព័ត៌មានដែលទទួលបាន ផ្លូវទាំង ៧ខ្សែ មានប្រវែងសរុបប្រមាណ ១៨គីឡូម៉ែត្រ ដោយបានចំណាយថវិកាសរុបជាង ២០លានរៀល ហើយបច្ចុប្បន្ននៅខ្វះថវិកាប្រមាណ ជាង ៣លានរៀលទៀត ដើម្បីបំពេញការងារដែលនៅសេសសល់។ ដូច្នេះ សប្បុរសជន និងពុទ្ធបរិស័ទដែលមានសទ្ធា ត្រូវបានអំពាវនាវឱ្យចូលរួមឧបត្ថម្ភបន្ថែមតាមសទ្ធាជ្រះថ្លា។ ក្រោយការជួសជុល និងចាក់ថ្មរួច ផ្លូវទាំងនេះបានក្លាយជាសមិទ្ធផលថ្មីមួយសម្រាប់សហគមន៍ ដែលជួយសម្រួលដល់ការធ្វើដំណើរ និងការប្រកបរបររបស់ប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយការរអិល និងបែកភក់នៅរដូវវស្សា។

ដើម្បីអបអរសាទរសមិទ្ធផលដែលកើតចេញពីកម្លាំងសាមគ្គីនេះ ព្រះគ្រូចៅអធិការវត្ត ពាធិគុម្ភ (ព្រៃមាន់) ព្រមទាំងគណៈកម្មការវត្ត អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទ បានរៀបចំ ពិធីបុណ្យឆ្លងផ្លូវចំនួន ៧ខ្សែ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ ដោយមានការនិមន្តព្រះសង្ឃ និងអញ្ជើញភ្ញៀវកិត្តិយស សប្បុរសជន និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។ ក្នុងពិធីនេះ ក៏មានការនិមន្ត ព្រះវិជ្ជាកោវិទ សាន ភារ៉េត សម្តែងធម្មទេសនា និងចែករំលែកអប់រំធម៌ដល់ពុទ្ធបរិស័ទដែលបានចូលរួមក្នុងកម្មវិធីផងដែរ។

ជាមួយគ្នានេះ ពិធីក៏មានការចូលរួមពីសិល្បករ និងតារាចម្រៀងល្បីៗរបស់កម្ពុជា រួមមាន៖ លោក ពេជ្រ ថាណា, លោក ហង្ស សុវណ្ណារិទ្ធិ, លោក ប៊ុន សំបូរ, លោក ណារិន និងលោក ជុំ លីណូ ដែលបានចូលរួមជាមួយពុទ្ធបរិស័ទ និងប្រជាពលរដ្ឋក្នុងសកម្មភាពសប្បុរសធម៌ដ៏មានអត្ថន័យនេះ។ ការចូលរួមរបស់សិល្បករទាំងនេះ បានបន្ថែមភាពសប្បាយរីករាយក្នុងកម្មវិធី ព្រមទាំងបង្ហាញពីការចូលរួមរបស់សង្គមក្នុងការគាំទ្រសកម្មភាពសប្បុរសធម៌ និងការអភិវឌ្ឍមូលដ្ឋាន។

កម្មវិធីបុណ្យប្រព្រឹត្តទៅនៅ ចំណុចផ្លូវចូលជាប្រជុំភូមិព្រៃមាន់ ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ដោយមានកម្មវិធីសំខាន់ៗ រួមមាន ជួបជុំគណៈកម្មការ និងពុទ្ធបរិស័ទ ទទួលស្វាគមន៍ភ្ញៀវកិត្តិយស នមស្ការ សមាទានសីល សូត្រមន្ត អារាធនា និងនិមន្តព្រះសង្ឃចូលរួមក្នុងពិធី ព្រមទាំងមានការប្រគេនព្រះសង្ឃ និងរាប់បាត្រនៅព្រឹកថ្ងៃបន្ទាប់ ជាកិច្ចបញ្ចប់ពិធីបុណ្យ។

សកម្មភាពនេះ គឺជាគំរូដ៏ល្អមួយនៃពាក្យថា «ទៅរកស៊ីនៅទីក្រុង ប៉ុន្តែមិនភ្លេចស្រុកកំណើត»ទឹកចិត្តរបស់លោក រ៉េត រ៉ា ទីប្រឹក្សាអាជ្ញាធរមីន និងលោក យុន កុសល ព្រមទាំងការរួមចំណែកពីសប្បុរសជន ពុទ្ធបរិស័ទ អាជ្ញាធរ ប្រជាពលរដ្ឋ និងសិល្បករ បានប្រែក្លាយការចូលរួមតាមសទ្ធា ទៅជាសមិទ្ធផលជាក់ស្តែងសម្រាប់សហគមន៍ និងជាប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ សប្បុរសជន និងពុទ្ធបរិស័ទដែលមានសទ្ធាចូលរួមឧបត្ថម្ភថវិកាបន្ត អាចទំនាក់ទំនងតាមលេខ ០៨៦ ៣៥ ៦០ ៣៦៕