FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ជា វ៉ាន់ដេត៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងពន្លឿនការរៀបចំ ផែនការមេ ផ្នែកផ្កាយរណប និងលំហអាកាស

15-08-2026 10:55

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”) ដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិត Masaki Shirakawaនាយកមជ្ឈមណ្ឌលប្រើប្រាស់បរិស្ថានលំហអាកាស (Space EnvironmentUtilization Center) នៃទីភ្នាក់ងាររុកអាវកាសជប៉ុន - JAXA និងលេខាធិការដ្ឋាន Kibo-ABC (តាមប្រព័ន្ធវីដេអូ) តំណាងក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំ-មន្ត្រីរាជការ ក.ប.ទ. សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិតមកពីវិទ្យាល័យ និងសាកលវិទ្យាល័យនានា សរុបប្រមាណ ៣៥០រូប នៅសាលសន្និសីទ នៃ ក.ប.ទ.។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្ត្រី បានរំឭកអំពីប្រវត្តិបច្ចេកវិទ្យាផ្កាយរណបនៅកម្ពុជា ដែលធ្លាប់ដំណើរការស្ថានីយផ្កាយរណបលើដី សម្រាប់សេវាទូរសព្ទអន្តរជាតិកាលពីឆ្នាំ១៩៨៧ហើយ ត្រូវជំនួសវិញនៅឆ្នាំ២០០០ ដោយបច្ចេកវិទ្យាទូរគមនាគមន៍ថ្មីៗ អស់រយៈពេលជាងពីរ ទស្សវត្សរ៍មកហើយ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានលើកឡើងថាក្រសួងកំពុង ពន្លឿន ការរៀបចំ ក្របខណ្ឌគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងផែនការមេ ផ្នែកផ្កាយរណប និងលំហអាកាស ព្រមទាំងគិតគូរលើការបណ្តុះបណ្តាលធនធានមនុស្ស រួមមាន ការបណ្តុះបណ្តាលបន្ថែមដល់ធនធានមនុស្សដែលមានស្រាប់ ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជំនាញផ្កាយរណប និងលំហអាកាស (ទម្រង់ Fast Track) នៅក្នុងស្រុក និង បាន ជ្រើសរើសយុវជន កម្ពុជា ចំនួន ៤៨រូប ដើម្បីទៅសិក្សា នៅ ប្រទេស ចិន ឥណ្ឌា និងបារាំង។

ក្នុងពិធីដដែលនេះ លោករដ្ឋមន្រ្តី បានចាត់ទុកសិក្ខាសាលានាឱកាសនេះគឺជាការចាប់ផ្តើមដំបូងនៃការផ្សព្វផ្សាយ ការបញ្រ្ជាបការយល់ដឹង និងត្រៀមខ្លួនសម្រាប់ទទួលយកការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាផ្កាយរណប និងលំហអាកាសរបស់សិស្ស-និស្សិត ហើយក៏ជាការត្រៀមខ្លួនសម្រាប់ថ្ងៃអនាគតដើម្បីទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះមកប្រើប្រាស់បម្រើដល់វិស័យសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ប្រទេសជាតិ៕