មន្រ្តីជំនាញនៃក្រសួងការងារ កំពុងចុះដោះស្រាយកង្វល់របស់បងប្អូនកម្មករនៅរោងចក្រ លីស៊ុន បូយី ខ្លូស៊ីង ប្រកបដោយការយកចិត្តទុកដាក់
15-08-2026 10:43
(ភ្នំពេញ)៖ មន្រ្តីជំនាញនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកំពុងចុះទៅដោះស្រាយ និងសាកសួរព័ត៌មានបន្ថែមពីភាគីកម្មករនិយោជិត និងតំណាងរោងចក្រ លីស៊ុន បូយី ខ្លូស៊ីង ឯ.ក បន្ទាប់ពីមានកម្មករនិយោជិតនាំគ្នាតវ៉ានៅក្នុងរោងចក្រ ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ មន្រ្តីជំនាញរបស់ក្រសួងការងារ បានចុះទៅកាន់ទីតាំងរោងចក្រផ្ទាល់ ដើម្បីសាកសួរ ប្រមូលព័ត៌មាន និងសម្របសម្រួលដោះស្រាយជាមួយភាគីកម្មករនិយោជិត និងតំណាងរោងចក្រ ស្របតាមនីតិវិធីច្បាប់ការងារជាធរមាន។
បើតាមអ្នកនាំពាក្យ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បច្ចុប្បន្នមន្ត្រីជំនាញកំពុងបន្តប្រមូលព័ត៌មាន និងពិនិត្យលើសំណើរបស់ភាគីពាក់ព័ន្ធមុននឹងចាត់វិធានការ បន្តតាមនីតិវិធីច្បាប់។ ជារួមគឺយើងមិនដែលមើលរំលងបញ្ហារបស់បងប្អូនកម្មករនិយោជិតនោះទេ មន្រ្តីជំនាញនឹងព្យាយាមដោះស្រាយបានឆាប់រហ័សឱ្យបានទាន់ ពេលវេលា»។
លោកបានបន្ដថា ក្រសួងការងារ តែងតែយកចិត្តទុកដាក់លើការដោះស្រាយវិវាទការងារដោយឈរលើគោលការណ៍សន្ទនា ការគោរពច្បាប់ និងការការពារផលប្រយោជន៍ស្របច្បាប់របស់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរកដំណោះស្រាយដែលអាចទទួលយកបាន។
ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះ បានអំពាវនាវឱ្យកម្មករនិយោជិត និងភាគីពាក់ព័ន្ធ រក្សាភាពស្ងប់ស្ងាត់ និងផ្តល់កិច្ចសហការជាមួយមន្ត្រីជំនាញ ក្នុងការផ្តល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យការដោះស្រាយប្រព្រឹត្តទៅដោយប្រសិទ្ធភាព និងស្របតាមនីតិវិធីច្បាប់៕



