FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូនលោកជំទាវ ហាក់ គា ព្រមទាំងក្រុមគ្រួសារចំពោះមរណភាពឯកឧត្តម ទឹម ផន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦

15-08-2026 10:40

(ភ្នំពេញ)៖ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូនលោកជំទាវ ហាក់ គា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម ទឹម ផន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដែលបានទទួលមរណភាពនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៩:៤៥នាទីព្រឹក ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។

នៅក្នុងសារលិខិតចូលរួមរំលែកទុក្ខរបស់ឯកឧត្តម ឡាយ សំកុល មានខ្លឹមសារដូចនេះថា ក្នុងនាមមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីក្រៀមក្រំ ជាទីបំផុតចំពោះមរណភាពរបស់ឯកឧត្តម ទឹម ផន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាលេខាធិការគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវជាស្វាមីរបស់លោកជំទាវ នៅថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៩:៤៥នាទីព្រឹក ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។

យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារចំពោះ មរណភាពរបស់ឯកឧត្តម ទឹម ផន ដែលជាការបាត់បង់ឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី តស៊ូយ៉ាងសកម្មបំពេញការងារជូនស្ថាប័នព្រឹទ្ធសភា ប្រកបដោយវិជ្ជាជីវៈ ឆន្ទៈ ការលះបង់ និងមនសិការបម្រើឧត្តមប្រយោជន៍ជាតិ ប្រជាជន និងបានបន្សល់ទុកនូវស្នាដៃយ៉ាងច្រើនសម្រាប់យុវជនជំនាន់ក្រោយ និងជាការបាត់បង់នូវស្វាមី បិតា ជីតា ជាទីគោរពស្រលាញ់ពោរពេញទៅ ដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងការទទួលខុសត្រូវខ្ពស់បំផុតក្នុងការបីបាច់និងអប់រំកូនចៅឱ្យក្លាយជា ពលរដ្ឋល្អក្នុងសង្គម។

សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ទឹម ផន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវមនោសញ្ចេតនារំលែកទុក្ខដោយក្តីក្រៀមក្រំ បំផុតពីយើងខ្ញុំទាំងអស់គ្នា៕