FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកតាមដានស្ថានភាពនយោបាយនៅកម្ពុជា ប្រកាសគាំទ្រពេញទំហឹងចំពោះអនុសាសន៍ណែនាំរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា

15-08-2026 09:06

(ភ្នំពេញ)៖ អ្នកតាមដានស្ថានភាពនយោបាយនៅកម្ពុជា លោក យឿន យឿត បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការចាត់វិធានការ និងការទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់ចំពោះទង្វើទាំងឡាយដែលពាក់ព័ន្ធនឹងការជេរប្រមាថ ប្រើពាក្យអសុរោះ បរិហារកេរ្តិ៍ ហែកហួរគ្នាតាមបណ្តាញសង្គម «សង្គមល្អ ចាប់ផ្តើមពីពាក្យសម្តីល្អ និងទង្វើល្អ»។

អ្នកតាមដានស្ថានភាពនយោបាយនៅកម្ពុជារូបនេះបានលើកឡើងថា បណ្តាញសង្គមគួរតែជាវេទិកាសម្រាប់ការផ្លាស់ប្តូរមតិយោបល់ ការចែករំលែកចំណេះដឹង និងការកសាងសង្គមប្រកបដោយការគោរព និងការទទួលខុសត្រូវ។ ប៉ុន្តែប្រសិនបើការប្រើប្រាស់បណ្តាញសង្គមត្រូវបានប្រែក្លាយទៅជាកន្លែងសម្រាប់ជេរប្រមាថ បរិហារកេរ្តិ៍ និងវាយប្រហារគ្នាដោយពាក្យសម្តី នោះវាមិនត្រឹមតែប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សីលធម៌ សុជីវធម៌ និងវប្បធម៌នៃការរស់នៅក្នុងសង្គមទាំងមូលផងដែរ។

លោក យឿន យឿត បានគូសបញ្ជាក់ទៀតថា នៅក្នុងបណ្តាញសង្គម យើងគួរប្រកាន់ឥរិយាបទបែបសីលធម៌ សុជីវធម៌ ការគោរពគ្នាទៅវិញទៅមក ការគិតគូរមុននឹងផ្សាយ ឬបញ្ចេញមតិ និងការការពារឯកជនភាព។ ការធ្វើបែបនេះជួយបង្កើតបរិយាកាសសង្គមមួយដែលមានសុវត្ថិភាព និងភាពវិជ្ជមានសម្រាប់យើងទាំងអស់គ្នា។ លោកបន្តថាសង្គមខ្មែរ គឺជាសង្គមដែលមានអរិយធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ល្អ និងសុជីវធម៌ដ៏ផូរផង់ ដែលដូនតាបានបន្សល់ទុកជាមរតកដ៏មានតម្លៃរាប់ពាន់ឆ្នាំមកហើយ។ ការគោរពចាស់ទុំ ការចេះអធ្យាស្រ័យ ការប្រើពាក្យសម្តីសមរម្យ និងការរក្សាកិត្តិយសរបស់អ្នកដទៃ គឺជាគុណតម្លៃដែលយើងគ្រប់គ្នាគួរតែចូលរួមថែរក្សា។

លោកបានលើកឡើងទៀតថាការបញ្ចេញមតិ គឺជាសិទ្ធិ ប៉ុន្តែសិទ្ធិនោះត្រូវភ្ជាប់ជាមួយការទទួលខុសត្រូវ។ យើងអាចមានមតិខុសគ្នា អាចរិះគន់ និងអាចមិនយល់ស្របគ្នា ប៉ុន្តែគួរធ្វើឡើងដោយសុជីវធម៌ ហេតុផល និងការគោរពគ្នាទៅវិញទៅមក។ លោកក៏បានអំពាវនាវឲ្យបងប្អូនខ្មែរដែលចូលចិត្តលេងបណ្តាញសង្គម សូមរួមគ្នា «ប្រើបណ្តាញសង្គមដោយទំនួលខុសត្រូវ គោរពគ្នា គោរពសិទ្ធិអ្នកដទៃ និងថែរក្សាសីលធម៌សង្គមខ្មែរ» ផងដែរ។ លោកក៏បានលើកឡើងផងដែរថា នេះមិនមែនជាការរឹតត្បិតសិទ្ធិបញ្ចេញមតិនោះទេ ប៉ុន្តែជាការចូលរួមការពារសេចក្តីថ្លៃថ្នូររបស់មនុស្សម្នាក់ៗ និងការពារគុណតម្លៃសង្គមរបស់យើងទាំងអស់គ្នា៕