បណ្ឌិត ខែក វីរៈ បង្ហាញទិដ្ឋភាពចំនួន៨ ដែលអនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ទៅថៃ ហើយបន្តមកកម្ពុជា
14-08-2026 22:16
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាមរបស់អាមេរិក ទទួលបន្ទុកគោលនយោបាយ ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
សម្រាប់លោកបណ្ឌិត ខែក វីរៈ អ្នកជំនាញភូមិសាស្រ្តនយោបាយ យល់ឃើញថា ទស្សនកិច្ចនេះហាក់បង្ហាញនូវការវិវត្តថ្មីមួយកម្រិតទៀតនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក។ តាមទិដ្ឋភាពភូមិសាស្ត្រនយោបាយ លោកបណ្ឌិតមើលថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យធំជាងទំនាក់ទំនងយោធាទ្វេភាគីធម្មតា។ វាឆ្លុះបញ្ចាំងការកែសម្រួលយុទ្ធសាស្ត្ររបស់វ៉ាស៊ីនតោននៅអាស៊ីអាគ្នេយ៍ ក្នុងបរិបទប្រកួតប្រជែងអំណាចជាមួយចិន និងក្នុងពេលដែលបញ្ហាព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យអាស៊ានមានតម្លៃយុទ្ធសាស្ត្រកាន់តែខ្លាំង ព្រោះថាមុនពេលមកដល់កម្ពុជាលោក Colby បានបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រទេសថៃ។
ដើម្បីងាយយល់ពីជ្រុងភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងក្នុងតំបន់ដែលអាចស្តែងឡើងតាមរយៈទស្សនកិច្ចនេះ អ្នកជំនាញភូមិសាស្រ្តនយោបាយខាងលើ បានបង្ហាញពីទិដ្ឋភាពចំនួនប្រាំបីដែល អាចលើកយកមកសិក្សានិងវិភាគ ដូចជា ទិដ្ឋភាពយុទ្ធសាស្ត្រនៃទស្សនកិច្ចក្នុងតំបន់, ទិដ្ឋភាពនៃទំនាស់ព្រំដែនកម្ពុជា ថៃ, ទិដ្ឋភាពអាស៊ាន និងទិដ្ឋភាពនៃការប្រកួតប្រជែងចិននិងអាមេរិក។
- យុទ្ធសាស្ត្រ៖ ទស្សនកិច្ចនេះលោក Colby មិនមែនតម្រង់មកតែកម្ពុជា-ថៃនោះទេ តែជាខ្សែយុទ្ធសាស្ត្រអាស៊ីអាគ្នេយ៍។ បើយើងមើលផែនទីដំណើរ ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ និងកម្ពុជា ការណ៍នេះអាចបង្ហាញឱ្យយើងឃើញយ៉ាងច្បាស់នូវឡូស៊ីកភូមិសាស្ត្រនយោបាយ។ ដោយហេតុផលថា ហ្វីលីពីនស្ថិតនៅ ទីតាំងទី១នៃ ខ្សែច្រវាក់នៃអាស៊ានដីកោះ ថែមទាំងជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិកហើយក៏ជាប្រទេសអាស៊ានតែមួយគត់ដែលមានវត្តមានកងទ័ពអាមេរិកឈរជើង ចំណែកឯឥណ្ឌូណេស៊ីគ្រប់គ្រងទីតាំងសមុទ្រសំខាន់ៗព្រមទាំងភ្ជាប់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ឥណ្ឌូនេស៊ីជាប្រទេសដែលមានយោធាធំជាងគេនៅក្នុងតំបមន់អាស៊ាននិងហាក់មានឥទ្ធិពលក្នុងតំបន់ រីឯថៃជាសម្ព័ន្ធមិត្តចាស់របស់អាមេរិកនៅដីអាស៊ានដីគោក ហើយកម្ពុជាជាដៃគូជិតស្និទ្ធរបស់ចិន កម្ពុជាហាក់កំពុងមានការកែលម្អទំនាក់ទំនងការពារជាតិជាមួយអាមេរិក។ ឈរមើលហេតុផលនេះយើងអាចនិយាយតាមមួយបែបថា អាស៊ានដីកោះ និងអាស៊ានដីគោក គឺជាការភា្ជប់យុទ្ធសាស្ត្រឡើងវិញរបស់អាម៉េរិកនៅក្នុងតំបន់។ នេះមិនមែនមានន័យថា អាមេរិកកំពុងបង្កើត «ខ្សែបន្ទាត់ឡោមព័ទ្ធចិន» ទេ។ តែវាបង្ហាញថា វ៉ាស៊ីនតោនមិនចង់ឱ្យមាន ភាពចន្លោះប្រហោងខាងយុទ្ធសាស្ត្រណាមួយនៅអាស៊ីអាគ្នេយ៍ ដែលអាចធ្វើឱ្យតុល្យភាពអំណាចផ្អៀងខ្លាំងពេកទៅភាគីណាមួយនោះឡើយ។
១- ទិដ្ឋភាពទំនាក់ទំនងអាមេរិកនិងថៃ៖ ជាការណ៍ពិតណាស់ថៃ និងអាមេរិកមានទំនាក់ទំនងសម្ព័ន្ធមិត្តយូរមកហើយ ហើយភាគីថៃក៏បានបញ្ជាក់នៅខែកក្កដា ឆ្នាំ២០២៦ ថាសម្ព័ន្ធភាពថៃ-អាមេរិក នៅតែជាយុថ្កាសំខាន់នៃទំនាក់ទំនងអាមេរិកជាមួយអាស៊ីអាគ្នេយ៍។ ប៉ុន្តែបញ្ហាសម្រាប់វ៉ាស៊ីនតោនគឺ ថៃទំនងជាមិនមែនជាសម្ព័ន្ធមិត្តដែលអាមេរិកអាចគិតថានឹងដើរតាមខ្លួនដោយស្វ័យប្រវត្តិនោះទេ។ ដ្បិតកន្លងមកបាងកកក៏បានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយចិនផងដែរ។ ដូច្នេះ គោលដៅរបស់អាមេរិកប្រហែលជា រក្សាថៃនៅក្នុងស្ថាបត្យកម្មសន្តិសុខរបស់ខ្លួន ដោយមិនបង្ខំឱ្យថៃជ្រើសរើសរវាងប៉េកាំងនិងវ៉ាស៊ីនតោនឡើយ។ ម្យ៉ាងវិញទៀត នៅក្នុងទ្សនកិច្ចលើកនេះ លោក Colby ហាក់បានសង្កត់ធ្ងន់លើដៃគូដែលមានសមត្ថភាពការពារខ្លួន និងចែករំលែកបន្ទុកសន្តិសុខ ជាជាងការពឹងផ្អែកទាំងស្រុងលើអាមេរិក។
- ទិដ្ឋភាពទំនាក់ទំនងកម្ពុជានិងអាមេរិក៖ បើតាមស្ថានភាពជាក់ស្តែងកម្ពុជាទំនងជាមានតម្លៃភូមិសាស្ត្រនយោបាយពិសេសដោយឡែក ក្នុងដំណើរទស្សនកិច្ចនេះ ក្រោមហេតុផលថា ទីមួយគឺឥទ្ធិពលចិន។ សូមរំលឹកជូនថាទំនាក់ទំនងយោធាកម្ពុជា-ចិន បានរីកចម្រើនខ្លាំងលើវិស័យជាច្រើន រួមទាំងមជ្ឈមណ្ឌលគាំទ្រនិងហ្វឹកហ្វឺនរួមកម្ពុជា–ចិន នៅមូលដ្ឋានរាម និងសមយុទ្ធនាគមាសសមុទ្រ។ ម្យ៉ាងចិនផ្ទាល់ក៏ធ្លាប់បានពិពណ៌នាទំនាក់ទំនងយោធាទ្វេភាគីថាមានភាពរឹងមាំ។ គួរឱ្យកត់សម្គាល់ផងដែរថា សមយុទ្ធរួម Golden Dragon រវាងកម្ពុជានិងចិន ដែលតាមធម្មតាត្រូវរៀបចំជាប្រចាំ មិនបានប្រព្រឹត្តទៅតាមកាលវិភាគធម្មតានៅឆ្នាំ២០២៦។ ការផ្អាកនេះហាក់កើតឡើងក្នុងពេលដែលទំនាក់ទំនងការពារជាតិកម្ពុជា-អាមេរិក កំពុងបង្ហាញសញ្ញាប្រសើរឡើង។ ទោះជាយ៉ាងណា នៅមិនទាន់មានភស្តុតាងគ្រប់គ្រាន់ដើម្បីសន្និដ្ឋានថា ការផ្អាកសមយុទ្ធ Golden Dragon មានទំនាក់ទំនងហេតុផលដោយផ្ទាល់ទៅនឹងការកែលម្អទំនាក់ទំនងកម្ពុជា-អាមេរិកនោះទេ។ ប៉ុន្តែក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយ ការវិវត្តទាំងពីរដែលកើតឡើងក្នុងពេលប្រហាក់ប្រហែលគ្នា គឺជាសញ្ញាមួយដែលគួរត្រូវបានបន្តតាមដាន។
សម្រាប់អ្នកយុទ្ធសាស្ត្រអាមេរិក ទីតាំងកំពង់ផែមូលដ្ឋានកងទ័ពរាមមានតម្លៃមិនត្រឹមតែក្នុងទំនាក់ទំនងកម្ពុជា-អាមេរិកទេ អត្ថន័យវាក៏ហាក់កប់ជ្រៅពាក់ព័ន្ធនឹងតុល្យភាពអំណាចក្នុងឈូងសមុទ្រថៃ និងសមុទ្រចិនខាងត្បូង។ កាលពីដើមឆ្នាំ២០២៦នេះ នាវា USS Cincinnati បានចូលកំពង់ផែយោធារាម ហើយលោកមេបញ្ជាការ INDOPACOM បានទៅកម្ពុជាជួបមន្ត្រីការពារជាតិកម្ពុជា គេយល់ថាសកម្មភាពនេះ ជាសញ្ញាមួយនៃការបើកឡើងវិញនៃទំនាក់ទំនងយោធា។ មួយវិញទៀតទស្សនកិច្ចនេះក៏ជាការរួមចំណែកនៃការស្តារកិច្ចសហប្រតិបត្តិការការពារជាតិផងដែរ។ នៅក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក Colby នៅវ៉ាស៊ីនតោន កាលពីខែកុម្ភៈ ២០២៦ ភាគីទាំងពីរក៏បានពិភាក្សាអំពីការបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធន៍ និងការរៀបចំឡើងវិញនូវសមយុទ្ធ Angkor Guard នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។ សរុបសេចក្តីមក ដំណើររបស់លោក Colby មកកម្ពុជាមិនអាចនិយាយបានថាជា «ការទាញកម្ពុជាចេញពីចិន» នោះទេ។ វាហាក់បីដូចជាជា ការបើក លំហរយុទ្ធសាស្ត្រឡើងវិញ សម្រាប់អាមេរិកនៅកម្ពុជា។
- ទិដ្ឋភាពជម្លោះកម្ពុជា-ថៃ៖ ក្រោយវិបត្តិព្រំដែនកម្ពុជា-ថៃ កិច្ចព្រមព្រៀងឈប់បាញ់បានបង្កើតយន្តការដែលមាន អាស៊ាន និងការចូលរួមពីសហរដ្ឋអាមេរិក ព្រមទាំងចិន។ ក្នុងកិច្ចប្រជុំថ្ងៃទី២៨ កក្កដា ២០២៥ ម៉ាឡេស៊ីជាម្ចាស់ផ្ទះ អាមេរិកជាសហអ្នករៀបចំ និងចិនចូលរួមយ៉ាងសកម្ម។ បន្ទាប់មកកិច្ចព្រមព្រៀងអនុវត្តបទឈប់បាញ់បានកំណត់យន្តការសង្កេតការណ៍របស់អាស៊ាន និងការទំនាក់ទំនងយោធារវាងភាគីទាំងពីរ។ ហេតុនេះហើយ ការដែលមន្ត្រីគោលនយោបាយការពារជាតិជាន់ខ្ពស់អាមេរិក ទៅទាំងបាងកក និងភ្នំពេញក្នុងដំណើរតែមួយ អាចវាយតម្លៃមួយជ្រុងបានថា វ៉ាស៊ីនតោនចង់រក្សាទំនាក់ទំនងជាមួយភាគីទាំងពីរ ព្រោះថាស្ថិរភាពកម្ពុជា-ថៃ ស្របនឹងផលប្រយោជន៍យុទ្ធសាស្ត្ររបស់អាមេរិក។
- ទិដ្ឋភាពអាមេរិកនិងចិន៖ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មហាអំណាចមិនចាំបាច់ត្រូវការឱ្យប្រទេសមួយក្លាយជា «សម្ព័ន្ធមិត្តពេញលេញ» របស់ខ្លួនទេ។ អ្វីដែលសំខាន់នោះគឺធ្វើយ៉ាងណាឱ្យមានច្រកចូលទៅរករដ្ឋនោះ មានឥទ្ធិពលលើការគិតគូរយុទ្ធសាស្ត្រ ហើយកុំឱ្យគូប្រជែងទទួលបានសិទ្ធិផ្តាច់មុខ។ ស្ថានភាពនេះសម្រាប់អាមេរិក ប្រហែលមិនមែនមកបង្ខំកម្ពុជាឱ្យរើសយកអាម៉េរិកទេ ទំនងជាមកដើម្បីរក្សាតុល្យភាពដើម្បីកុំឱ្យកម្ពុជាធ្ងន់ទោចិនខ្លាំងជ្រុលពេក។
- ទិដ្ឋភាពនៃជំហរកម្ពុជា៖ ដំណើរទស្សនកិច្ចនេះអាចផ្តល់ផលដល់កម្ពុជាក្នុងការថ្លឹងថ្លែងនយោបាយការបរទេសរបស់ខ្លួន និងទំនងជាអាចទាញន្រយោជន៍ខាងទិដ្ឋភាពភូមិសាស្ត្រនយោបាយពីមហាយក្សទាំងពីរក៏អាចថាបាន ក្នុងករណីកម្ពុជាយើងអាចគ្រប់គ្រងបានល្អស្ថានភាពនិងវាយតម្លៃសភាពការបានល្អនិងបត់បែនដោយមានភាពប្រុងប្រយ័ត្នខ្ពស់។ មានន័យថា កម្ពុជាមិនចាំបាច់បម្លែងពីភាពជិតស្និទ្ធជាមួយចិន ទៅភាពជិតស្និទ្ធជាមួយអាមេរិកទេ។ ផ្ទុយទៅវិញ កម្ពុជាអាចពង្រីកនូវយុទ្ធសាស្ត្រខ្លួនដោយរក្សាទំនាក់ទំនងយុទ្ធសាស្ត្រជាមួយចិន ហើយក្នុងពេលជាមួយគ្នាបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាមេរិក ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌា និងដៃគូអាស៊ាន។នេះជាទម្រង់មួយនៃយុទ្ថសាស្ត្របត់បែនខ្ពស់ គឺមិនឈរប្រឆាំងចិន មិនបិទទ្វារអាមេរិក និងមិនឱ្យមហាអំណាចណាមួយកាន់កាប់ឬក្តោបក្តាប់លម្ហរយុទ្ធសាស្ត្រកម្ពុជាបានទាំងស្រុង។ ពិតណាស់សម្រាប់រដ្ឋតូច ការមិនជ្រើសរើសភាគី មិនមែនមានន័យថាគ្មានជំហរទេ ប៉ុន្តែអាចជាជំហរយុទ្ធសាស្ត្រមួយ ដើម្បីរក្សាស្វ័យភាពនៃការសម្រេចចិត្តប៉ុណ្ណោះ។
- ទិដ្ឋភាពអាស៊ាន៖ ពិតមែនហើយបើការប្រកួតប្រជែងមហាអំណាចកើនឡើង ហើយប្រទេសអាស៊ាននីមួយទំនងជាទាក់ទងដោយផ្ទាល់ជាមួយវ៉ាស៊ីនតោន និងប៉េកាំង នោះទ្វេរភាគិនយមអាចនឹងរីកធំជាងពហុភាគនិយម។ នៅពេលនោះមជ្ឈភាពអាស៊ាន អាចមានតែនៅក្នុងសេចក្តីថ្លែងការណ៍ប៉ុណ្ណោះ តែនៃយុទ្ធសាស្ត្រមជ្ឈភាពពិតប្រាកដទំនងជាអាចថយចុះក៏អាចថាបាន។ ផ្ទុយទៅវិញករណីកម្ពុជា–ថៃបង្ហាញថា បើសិនជាអាស៊ានអាចផ្តល់យន្តការសង្កេតការណ៍ ការទូត និងការគ្រប់គ្រងវិបត្តិបាន វាទំនងជាអាចបម្លែងពីអត្ថន័យនៃមជ្ឈភាព ទៅជាមជ្ឈភាពនៃសមត្ថភាពជាក់ស្តែង។
- ទិដ្ឋភាពការធ្វើតុល្យភាពអំណាច៖ បើយើងមើលឱ្យជ្រៅជាងទំនាក់ទំនងទ្វេភាគី ដំណើរទស្សនកិច្ចនេះអាចត្រូវបានអានថា ជាផ្នែកមួយនៃការចូលមកពាក់ព័ន្ធឡើងវិញរបស់សហរដ្ឋអាមេរិកនៅអាស៊ីអាគ្នេយ៍។ គោលដៅមិនចាំបាច់ជាការទប់ស្កាត់ ឬឡោមព័ទ្ធចិនដោយផ្ទាល់នោះទេ ប៉ុន្តែហាក់ជាការរក្សាតុល្យភាពអំណាច ដោយធានាថា គ្មានមហាអំណាចណាមួយអាចទទួលបានឥទ្ធិពលផ្តាច់មុខលើតំបន់។ ក្នុងន័យនេះ ការធ្វើដំណើរពីអាស៊ានដីកោះមកអាស៊ានដីគោក អាចបង្ហាញពីការព្យាយាមភ្ជាប់ដៃគូ និងសម្ព័ន្ធមិត្តរបស់អាមេរិកចូលក្នុងបណ្តាញយុទ្ធសាស្ត្រដែលមានភាពបត់បែនជាងមុន។
សរុបសេចក្តីមក យើងអាចវាយតម្លៃបានថាអ្វីដែលកំពុងកើតឡើងនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ គឺមិនមែនគ្រាន់តែជាការប្រកួតប្រជែងថា ប្រទេសណានៅជិតចិន ឬនៅជិតអាមេរិកនោះទេ ធាតុពិតវាហាក់បីដូចជាការប្រកួតប្រជែងដើម្បីរក្សា និងពង្រីកលំហយុទ្ធសាស្ត្រ។ សម្រាប់កម្ពុជា សំណួរសំខាន់មិនមែនថា ត្រូវឈរនៅខាងណានោះទេ គឺថាតើកម្ពុជាអាចប្រើប្រាស់លំហយុទ្ធសាស្ត្រនេះយ៉ាងដូចម្តេច ដើម្បីបង្កើនផលប្រយោជន៍ជាតិ រក្សាស្វ័យភាពនៃការសម្រេចចិត្ត និងជៀសវាងការក្លាយជាទីលានប្រកួតប្រជែងរបស់មហាអំណាច។ ចំណែកឯការវិវត្តបន្ទាប់របស់អាមេរិកនិងចិន គឺជាសញ្ញាដែលត្រូវបន្តតាមដាន ដើម្បីវាយតម្លៃថា តុល្យភាពអំណាចនៅអាស៊ីអាគ្នេយ៍នឹងផ្លាស់ទីទៅទិសណា និងយ៉ាងដូចម្តេច៕


