FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តព្រះវិហារ ចែកបណ្ណសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦,១៦៤បណ្ណ ដល់ប្រជាពលរដ្ឋ៤ភូមិ នៅស្រុកសង្គមថ្មី

14-08-2026 22:02

(ព្រះវិហារ)៖ លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន៤ភូមិ សរុបចំនួន ៦,១៦៤បណ្ណ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

លោក មិន សុីថា អភិបាលរងខេត្តព្រះវិហារ បានថ្លែងថា បណ្ណកម្មសិទ្ធិដែលត្រូវបានចែកជូនប្រជាពលរដ្ឋនៅពេលនេះ គឺមានចំនួន ៤ភូមិ រួមមាន៖ ភូមិក្តី ភូមិបឹង ភូមិអណ្ដូងភ្លូ ស្ថិតក្នុងឃុំរអាង និងភូមិសំឡាញ ស្ថិតក្នុង ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី។

លោកអភិបាលរងខេត្តព្រះវិហារ បានថ្លែងទៀតថា ការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ គឺជាការផ្តល់នូវភាពស្របច្បាប់ និងភាពច្បាស់លាស់ដល់ប្រជាពលរដ្ឋចំពោះសិទ្ធិកាន់កាប់ និងប្រើប្រាស់អចលនវត្ថុរបស់ខ្លួន។ បណ្ណកម្មសិទ្ធិជាឯកសារសំខាន់សម្រាប់ម្ចាស់អចលនវត្ថុ ក្នុងការបញ្ជាក់ពីសិទ្ធិរបស់ខ្លួន និងការប្រើប្រាស់អចលនវត្ថុប្រកបដោយភាពស្របច្បាប់។

លោក មិន សុីថា បានបន្ថែមថា ការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បានបង្ហាញពីការបន្តអនុវត្តការងារចុះបញ្ជីដីធ្លី និងការរៀបចំប្រព័ន្ធគ្រប់គ្រងអចលនវត្ថុឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពច្បាស់លាស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ការមានបណ្ណកម្មសិទ្ធិច្បាស់លាស់ ក៏ជួយកាត់បន្ថយហានិភ័យនៃជម្លោះដីធ្លី ពង្រឹងសន្តិសុខក្នុងការកាន់កាប់អចលនវត្ថុ និងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ និងអភិវឌ្ឍដីធ្លីរបស់ខ្លួនសម្រាប់ជីវភាពរស់នៅ និងសកម្មភាពសេដ្ឋកិច្ច៕