FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អេង ទូច៖ សូមបងប្អូនប្រជាពលរដ្ឋជឿជាក់លើការដឹកនាំ និងសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ ពិសេសជម្លោះព្រំដែន

14-08-2026 21:37

(កំពង់ធំ)៖ នាល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក អេង ទូច សមាជិកគណៈកម្មការធិការកណ្តាល, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្ទឹងសែន បានជួបសំណេះសំណាលជាមួយសកម្មជនយុវជន និងប្រជាពលរដ្ឋ នៅសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីបន្តដោះស្រាយបញ្ហាប្រឈម ក្ដីកង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ពិសេសពាក់ព័ន្ធនឹងបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅមូលដ្ឋាន។
ក្នុងឱកាសនោះដែរ លោក អេង ទូច បានមានប្រសាសន៍ថា សូមឱ្យបងប្អូនប្រជាពលរដ្ឋយើងក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ សូមជឿជាក់លើការដឹកនាំ និងសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ ពិសេសការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកបានបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំទាំងយប់ទាំងថ្ងៃ ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយឈរលើគោលការណ៍សន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់។ ក៏ប៉ុន្តែយុទ្ធសាស្រ្ត និងការងារមួយចំនួនទាក់ទងនឹងបញ្ហាព្រំដែនមិនអាចផ្សព្វផ្សាយជាសាធារណៈបានឡើយ ដោយសារជាកិច្ចការសម្ងាត់របស់ជាតិ។ ហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរយើង រួមគ្នាជាមួយរាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យជាតិ។
លោក អេង ទូច ក៏បានលើកឡើងអំពីការដ្ឋានយុទ្ធសាស្រ្តទាំង៣ របស់លោក វង្សី វិស្សុត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដើម្បីសម្រេចគោលដៅ និងចក្ខុវិស័យរបស់ សម្ដេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយខេត្តកំពង់ធំឱ្យទៅជាបង្គោលនិងមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និង ប្រែក្លាយខេត្តកំពង់ធំ លែងឱ្យជាខេត្តមួយដែលគេទៅហួសមកហួស ទាំងវិស័យ ទេសចរណ៍ វិនិយោគ ពាណិជ្ជកម្ម និងទាំងគម្រោងអភិវឌ្ឍន៍។