ដំណើរ UNCLOS បន្តបោះជំហាន, លោកស្រី Katrina Cooper ត្រូវបានជ្រើសរើសជាប្រធានគណៈកម្មការផ្សះផ្សា
14-08-2026 21:39
(ភ្នំពេញ)៖ យន្តការផ្សះផ្សាដោយបង្ខំលើបញ្ហាសមុទ្រ ដែលកម្ពុជាបានជ្រើសរើស ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយប្រទេសថៃនោះ មិននៅស្ងៀមនោះឡើយ ពេលនេះបានបោះជំហានមួយជំហានទៀតហើយ ដោយកម្ពុជា និងថៃ សម្រេចជ្រើសយកលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងនៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះថា បន្ទាប់ពីមានការប្រកាសនៅថ្ងៃនេះដោយតុលាការមជ្ឈត្តិការអចិន្ត្រៃយ៍ អ្នកផ្សះផ្សាទាំង៤រូប បានតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ដែលត្រូវបង្កើតឡើងស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។
ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ចំពោះការតែងតាំងនេះ។ កម្ពុជាថ្លែងអំណរគុណដល់លោកស្រី Katrina Cooper ដែលបានយល់ព្រមទទួលភារកិច្ចដ៏សំខាន់នេះ ហើយនឹងចូលរួមក្នុងគណៈកម្មការផ្សះផ្សាជាមួយអ្នកជំនាញអន្តរជាតិល្បីឈ្មោះផ្សេងទៀត។
កម្ពុជា ក៏បានថ្លែងអំណរគុណដល់អ្នកផ្សះផ្សាទាំងអស់ ដែលបានអនុវត្តយ៉ាងម៉ត់ចត់បំផុតនូវដំណើរការជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សា។ នេះគឺជាជំហានដ៏សំខាន់មួយក្នុងដំណើរការផ្សះផ្សា ដែលត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា។
ក្រសួងការបរទេសកម្ពុជា បានគូសរំលេចថា កម្ពុជា ជឿជាក់ថា ដំណើរការផ្សះផ្សានឹងផ្តល់នូវឱកាសសម្រាប់ដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាព្រំដែនសមុទ្រ ក៏ដូចជាឱកាសក្នុងការអភិវឌ្ឍធនធានប្រេង និងឧស្ម័នដ៏ច្រើននៅក្នុងតំបន់ទាមទារលើដែនសមុទ្រត្រួតគ្នា។ ការសម្រេចបានវឌ្ឍនភាពលើបញ្ហាទាំងពីរ គឺស្ថិតក្នុងខណៈពេលដ៏សំខាន់សម្រាប់សន្តិសុខថាមពលក្នុងតំបន់។
រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ហើយនឹងបន្តផ្តល់នូវទំនុកចិត្តចំពោះដំណើរការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS នេះ រួមមានសមាសភាពអ្នកផ្សះផ្សាឯករាជ្យចំនួនប្រាំរូប។ កម្ពុជាបានតែងតាំងឯកអគ្គរដ្ឋទូត Peter Taksøe-Jensen និងសាស្ត្រាចារ្យ Jean-Marc Thouvenin ចំណែកប្រទេសថៃបានតែងតាំងចៅក្រម Rudiger Wolfrum និង Albert Hoffmann ជា អ្នកផ្សះផ្សា។
អ្នកផ្សះផ្សាទាំងបួនរូបបានតែងតាំង លោកស្រី Katrina Cooper ជាប្រធានគណៈកម្មការ ផ្សះផ្សា ដោយមានការពិគ្រោះយោបល់ជាមួយគូភាគីទាំងសងខាង។ ពេលនេះមានការរៀបចំគណៈកម្មការផ្សះផ្សារួចរាល់ហើយ ដំណើរការផ្សះផ្សារំពឹងថានឹង បន្តការងារទៅមុខជាមួយនឹងការកោះប្រជុំជាលើកដំបូងស្ដីពីនីតិវិធីរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ៕



