លោក លី សុផាណា វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ និងការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅមណ្ឌលអប់រំកែប្រែទី៤
14-08-2026 21:27
(ពោធិ៍សាត់)៖ លោក លី សុផាណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមទី៣ នៃក្រុមការងារចម្រុះសម្រាប់ពង្រឹងការគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី-ខេត្ត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ ការបង្ការ និងទប់ស្កាត់បញ្ហាគ្រឿងញៀននៅមណ្ឌលអប់រំកែប្រែទី៤ ខេត្តពោធិ៍សាត់។
ការលើកឡើងនេះធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំក្រុមការងារចុះពិនិត្យ និងពង្រឹងការអនុវត្តវិធានការរដ្ឋបាល នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ នៅមណ្ឌលអប់រំកែប្រែទី៤ ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ប្រាជ្ញ សុភី ប្រធានពន្ធនាគារ ម.៤ បានធ្វើរបាយការណ៍ស្វាគមន៍ ដោយលើកឡើងពីវិធីសាស្ត្ររៀបចំ និងអនុវត្តលិខិតបទដ្ឋាននានា សំដៅពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រង ព្រមទាំងផ្តល់ចំណេះដឹង និងជំនាញដល់ជនជាប់ឃុំ និងក្មេងទំនើង។
ថ្លែងក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោក លី សុផាណា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ ការបង្ការ និងទប់ស្កាត់បញ្ហាគ្រឿងញៀន ព្រមទាំងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ជនជាប់ឃុំ និងក្មេងទំនើង ដើម្បីប្រែក្លាយពួកគេឱ្យក្លាយជាប្រជាពលរដ្ឋល្អ។
លោកបានណែនាំឱ្យបន្តពង្រឹងប្រសិទ្ធភាពការងារ និងបន្តដោះស្រាយរាល់ការលំបាក និងបញ្ហាប្រឈមនានា ដើម្បីទទួលបានការគាំទ្រ និងការកោតសរសើរពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់កាន់តែប្រសើរឡើង។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ ដែលបានថ្លែងក្នុងនាមលោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃមណ្ឌលអប់រំកែប្រែទី៤ ដែលបានចូលរួមបង្ការ និងទប់ស្កាត់បញ្ហាគ្រឿងញៀនមិនឱ្យរីករាលដាលក្នុងពន្ធនាគារ តាមរយៈការធ្វើតេស្តរហ័សរកសារធាតុញៀនជាប្រចាំ។
លោកក៏បានកោតសរសើរចំពោះការផ្តល់ចំណេះដឹង និងជំនាញវិជ្ជាជីវៈនានាដល់ជនជាប់ឃុំ និងក្មេងទំនើង ដើម្បីបណ្តុះស្មារតីស្នេហាជាតិ និងចូលរួមចំណែកជួយជាតិ៕

























