FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក យឹម វិសិដ្ឋ ប្រគល់ថវិកា និងប្រេងម៉ាស៊ូតជូនលោក ខូយ រីដា ដើម្បីបម្រើឱ្យតម្រូវការកងទ័ពជួរមុខទិសថ្មដា

14-08-2026 21:13

(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅសាលបន្ទប់រងចាំ នៃរដ្ឋបាលខេត្តពោធិ៍សាត់ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ បានអញ្ជើញជួបពិភាក្សាការងារ និងប្រគល់ថវិកា ព្រមទាំងសម្ភារឧបត្ថម្ភមួយចំនួន ជូនលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ សម្រាប់រដ្ឋបាលខេត្តបន្តយកទៅចាត់ចែងប្រើប្រាស់បំពេញតម្រូវការរបស់កងទ័ពជួរមុខ នៅទិសថ្មដា។

អំណោយឧបត្ថម្ភរួមមាន៖ ថវិកាចំនួន១២០លានរៀល (មួយរយម្ភៃលានរៀល) និងប្រេងម៉ាស៊ូត ចំនួន៤០០០លីត្រ។

ក្នុងឱកាសនោះ លោក យឹម វិសិដ្ឋ បានគូសបញ្ជាក់យ៉ាងមុតមាំថា សមរភូមិក្រោយនៅតែបន្តយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខ និងជីវភាពរបស់វីរកងទ័ពយើងជានិច្ច ព្រោះថាបងប្អូនគឺជាកម្លាំងស្នូលដ៏រឹងមាំ ក្នុងការឈរជើងការពារបូរណភាពទឹកដី នៃមាតុភូមិយើង។ ភាពសុខសាន្តនៅសមរភូមិក្រោយ គឺអាស្រ័យលើការលះបង់ដ៏ធំធេងរបស់កងទ័ពជួរមុខយើងនៅទីនេះ។

លោកប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមការដឹកនាំរបស់លោក ខូយ រីដា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាពកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ។

ជាការឆ្លើយតប លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ព្រមទាំងសហការី ដែលជានិច្ចកាលតែងតែមានទឹកចិត្តស្រឡាញ់ នឹករលឹក និងគាំទ្រដល់រដ្ឋបាលខេត្ត ក៏ដូចជាកងទ័ពជួរមុខនៅទិសថ្មដា។

លោកអភិបាលខេត្ត បានធ្វើការប្តេជ្ញាចិត្តនឹងចាត់ចែងបែងចែក និងប្រើប្រាស់ថវិកា ក៏ដូចជាប្រេងម៉ាស៊ូតទាំងអស់នេះ ឱ្យចំគោលដៅ និងជាឧត្តមប្រយោជន៍ដល់វីរកងទ័ពជួរមុខនៅទិសថ្មដា ប្រកបដោយតម្លាភាព ប្រសិទ្ធភាពខ្ពស់ និងស្មារតីទទួលខុសត្រូវ ដើម្បីជួយសម្រាលដល់ការខ្វះខាត និងជំរុញទឹកចិត្តដល់កងទ័ពរបស់យើង ក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ៕