FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិភាគអន្តរជាតិ៖ ហេតុអ្វីលោក ពូទីន ធ្វើទស្សនកិច្ចទៅទីប្រជុំកោះមានជម្លោះជាមួយជប៉ុន នៅពេលនេះ?

14-08-2026 20:39

(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃប្រទេសរុស្ស៉ី បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ ថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបំពេញទស្សនកិច្ចជាលើកដំបូងទៅកាន់ទីប្រជុំកោះ Kuril ដែលនៅស្ថិតនៅចុងបូព៌ានៃផ្ទៃប្រទេស ខណៈប្រទេសជប៉ុនក៏បានទាមទារផ្នែកមួយចំនួននៃប្រជុំកោះនេះផងដែរ និងហៅវាថាជាដែនដីភាគខាងជើង។ កាលពីឆ្នាំ២០១០ ដែលកាលនោះ លោក Dmitry Medvedev គឺជាប្រធានាធិបតី បានក្លាយជាមេដឹកនាំរុស្ស៊ីដំបូងគេ ដែលបានទៅទស្សនកិច្ចទឹកដីដ៏ចម្រូងចម្រាសនេះ។ លោក Medvedev ធ្លាប់បានទៅទីនោះម្តងទៀត ក្នុងឆ្នាំ២០១៩ ក្នុងនាមជានាយករដ្ឋមន្ត្រី។

ក្រោយដំណឹងទស្សនកិច្ចរបស់លោក ពូទីន រដ្ឋាភិបាលជប៉ុនបានចេញមុខសម្តែងការជំទាស់ភ្លាមៗ។ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Toshimitsu Motegi បានលើកឡើងថាទឹកដីភូមិភាគខាងជើង ដែលចង់សំដៅលើកោះចំនួន៤ នៅក្នុងប្រជុំកោះ Kuril គឺជាផ្នែកមិនអាចកាត់ផ្តាច់បានដាច់ខាតនៃទឹកដីរបស់ប្រទេសជប៉ុន ទាំងតាមគោលការណ៍ប្រវត្តិសាស្រ្ត និងតាមច្បាប់អន្តរជាតិ ដូច្នេះហើយ​រដ្ឋាភិបាលជប៉ុនជំទាស់ជាខ្លាំងចំពោះដំណើរទស្សនកិច្ច។ ក្រោយមកទៀត នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយថាដំណើរទស្សនកិច្ចនេះនឹងមានតែធ្វើឱ្យមនោសញ្ចេតនាប្រឆាំងរុស្ស៉ីក្នុងប្រទេសជប៉ុនកើនឡើងតែប៉ុណ្ណោះ ហើយអាចនឹងធ្វើឱ្យកិច្ចប្រឹងប្រែងស្ដារទំនាក់ទំនងឡើងវិញកាន់តែមានភាពលំបាកក្នុងរយៈពេលមធ្យម ឬយូរអង្វែង។

ទំនាក់ទំនងរុស្ស៊ី-ជប៉ុន បានជាប់ជំពាក់ដោយភាពតានតឹងជាយូរមកហើយ ជុំវិញទីប្រជុំកោះមានជម្លោះនេះ ដែលត្រូវបានអតីតសហភាពសូវៀត កាន់កាប់កាលពីឆ្នាំ១៩៤៥។ សហភាពសូវៀតបានដណ្តើមយកប្រជុំកោះភ្នំភ្លើង ដែលមានទីតាំងយុទ្ធសាស្ត្រនៅភាគខាងជើងនៃកោះ Hokkaido នេះ នៅប៉ុន្មានថ្ងៃចុងក្រោយនៃសង្គ្រាមលោកលើកទី២ ហើយបានរក្សាវត្តមានយោធានៅទីនោះ ចាប់តាំងពីពេលនោះមក។

កោះទាំងបួនដែលបញ្ហាវិវាទជាផ្នែកមួយនៃប្រជុំកោះភ្នំភ្លើង Kuril ដែលលាតសន្ធឹងដូចរាងធ្នូយ៉ាងធំទូលាយមួយ ចាប់ពីឧបទ្វីប Kamchatka នៃប្រទេសរុស្ស៊ី ចុះទៅកាន់កោះធំ Hokkaido នៅភាគខាងជើងនៃប្រទេសជប៉ុន។ ឈ្មោះកោះទាំងនេះ គឺស្រដៀងគ្នានៅក្នុងប្រទេសទាំងពីរ។ ពួកវាត្រូវបានហៅថា Kunashir, Habomai, Shikotan និង Iturup ជាភាសារុស្ស៊ី ខណៈជាភាសាជប៉ុន គេស្គាល់ថា Kunashiri, Habomai ,Shikotan និង Etorofu។ នៅកោះទាំងនេះ មានប្រជាជនប្រមាណ ២០ ០០០នាក់ ដែលជាពលរដ្ឋរុស្ស៊ីកំពុងរស់នៅក្រោមលក្ខខណ្ឌ អាកាសធាតុលំបាក។ ប៉ុន្តែពួកវាមានផ្ទុកធនធានរ៉ែផ្សេងៗ ដូចជាមាស និងប្រាក់ ហើយជាតំបន់នេសាទដ៏សម្បូរបែប។ បន្ទាប់ពីកោះទាំងនេះ ត្រូវបានកាន់កាប់ក្នុងឆ្នាំ១៩៤៥ ទីក្រុងម៉ូស្គូបានបណ្តេញ ប្រជាជនជប៉ុនប្រមាណ ១៧ ០០០នាក់ចេញ។

ដំណើរទស្សនកិច្ចរបស់លោក ពូទីន មើលពីខាងក្រៅអាចគ្រាន់តែជារឿងធម្មតា តែពេលវេលានៃការរៀបចំដំណើរទស្សនកិច្ចនេះ ទើបជារឿងមិនធម្មតា។ ពោលគឺដំណើរទស្សនកិច្ចរបស់ចៅហ្វាយវិមានក្រឹមឡាំង កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងថ្ងៃខួបនៃការចុះចាញ់របស់ជប៉ុនក្នុងសង្រ្គាមលោកលើកទី២ (ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៥)។ ដូច្នេះបើគិតលើពេលវេលា និងទីតាំង នៃដំណើរទស្សនកិច្ច បាននាំឱ្យមានការចោទសួរថាតើហេតុអ្វីលោក ពូទីន ធ្វើទស្សនកិច្ចទៅកាន់កោះ Etorofu ហើយហេតុអ្វីត្រូវធ្វើឡើងក្នុងពេលនេះ?

លោក ពូទីន បាននិយាយថាទីក្រុងមូស្គូមិនបានបង្កការគំរាមកំហែងដល់ទីក្រុងតូក្យូនោះទេ ហើយថាការទាមទារអធិបតេយ្យរបស់ជប៉ុនធ្វើឡើងដោយគ្មានមូលដ្ឋាន។ លោកក៏បានអះអាងដែរថាអធិបតេយ្យរបស់រុស្ស៉ីលើទីប្រជុំកោះ Kuril ត្រូវបានចាក់ឫស​នៅក្នុងឯកសារអន្តរជាតិ។ ការអះអាងបែបនេះមានលក្ខណៈស្រដៀងគ្នាទៅនឹងការទាមទារអធិបតេយ្យរបស់លោកលើទឹកដីដទៃទៀតដែលត្រូវបានកាន់កាប់ដោយរុស្ស៉ី ក្នុងនោះរួមមានទាំងទឹកដីមួយចំនួនរបស់អ៊ុយក្រែន។ មិនតែប៉ុណ្ណោះ លោក ពូទីនថែមទាំងបានកត់សម្គាល់ទៀតផងថាក្នុងពេលកងកម្លាំងរុស្ស៉ីកំពុងផ្តោតលើសង្រ្គាមនៅអ៊ុយក្រែន ពួកគេក៏មានកាតព្វកិច្ចការពារសន្តិសុខរបស់រុស្ស៉ីនៅតាមបណ្ដោយព្រំដែន និងទឹកដីរបស់ខ្លួនទាំងឡាយផងដែរ។ លោក ពូទីន មិនបានបញ្ជាក់ពីហេតុផលនៅពីក្រោយការធ្វើទស្សនកិច្ចទៅកាន់ទីប្រកោះ Kuril នោះទេ។

ប៉ុន្តែក្រុមអ្នកវិភាគមើលឃើញថាដំណើរទស្សនកិច្ចធ្វើឡើងក្នុងគោលដៅជាច្រើន តែមានគោលដៅ ៣ដែលមើលទៅសំខាន់ជាងគេ។ ទី១៖ ជាការបញ្ជូនសារមួយទៅកាន់ទីក្រុងតូក្យូ អំពីការប្រឆាំងនឹងការចូលរួមកាន់តែសកម្មរបស់ជប៉ុនក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយ NATO នៅក្នុងតំបន់ និងមានបំណងផ្លាស់ប្ដូរទស្សនយល់ឃើញរបស់ប្រជាជនរុស្ស៉ី។ អំឡុងធ្វើទស្សនកិច្ចទៅកាន់កោះ Etorofu លោក ពូទីន បានក្រើនរំឮកថា NATO បាននិងកំពុងជ្រៀតជ្រែកចូលក្នុងតំបន់ប៉ាស៊ីហ្វិកដែលនេះកំពុងបង្កើនហានិភ័យនៃការផ្ទុះជម្លោះ។ លោកបានសង្កត់ធ្ងន់ថាការធ្វើសមយុទ្ធរបស់កងកម្លាំងរុស្ស៉ីប្រចាំតំបន់ប៉ាស៊ីហ្វិកជារឿងចាំបាច់ ដើម្បីពង្រឹងការត្រៀមលក្ខណៈ នៅចំពោះមុខកាលៈទេសៈដូចសព្វថ្ងៃ។ ក្រៅពីនេះវិមានក្រឹមឡាំងក៏ប្រហែលជាបានគិតគូដែរថាដំណើរទស្សនកិច្ចរបស់លោក ពូទីន អាចនឹងទាញចំណាប់អារម្មណ៍ពីទីក្រុងតូក្យូ ហើយដាក់សម្ពាធលើគោលនយោបាយជាអាទិភាពរបស់គណបក្សប្រជាធិតេយ្យសេរីរបស់លោកស្រី Takaichi នោះគឺការដោះស្រាយជម្លោះទឹកដីជុំវិញទីប្រជុំកោះ Kuril ឬជប៉ុនហៅថាដែនដីភាគខាងជើង។

ជាមួយការទាញចំណាប់អារម្មណ៍ពីតូក្យូ វិមានក្រឹមឡាំងទំនងជាចង់ប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោក ពូទីន ជាការបញ្ជូនសារជាច្រើនបន្ថែមទៀតមានបង្កប់ចេតនាចង់ឱ្យជប៉ុនដកការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន និងទណ្ឌកម្មប្រឆាំងរុស្ស៉ី ភ្ជាប់ជាមួយការព្រមានថាវានឹងមិនមានឡើយភាពរីកចម្រើនក្នុងការឆ្ពោះទៅរកសន្ធិសញ្ញាសន្តិភាព បើជប៉ុនមិនព្រមបោះបង់ចោលការទាមទារអធិបតេយ្យទឹកដី ឬក៏ព្រមានប្រឆាំងនឹងការពង្រីក និងពង្រឹងសមត្ថភាពយោធារបស់ជប៉ុន។ ទី២៖ រុស្ស៉ីប្រហែលជាចង់បញ្ជូនសារទៅឱ្យ NATO ជុំវិញការបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយជប៉ុន។ NATO ត្រូវបានរាយការណ៍ថាកំពុងព្យាយាមបង្កើតការិយាល័យទំនាក់ទំនងមួយក្នុងទីក្រុងតូក្យូ ខណៈរដ្ឋជាសមាជិក NATO​ មួយចំនួនបាន និងកំពុងពង្រីកវត្តមានយោធារបស់ខ្លួនក្នុងតំបន់។ ដូច្នេះដំណើរទស្សនកិច្ចរបស់លោក ពូទីន ប្រហែលជាមានគោលបំណងបង្កភាពស្មុគស្មាញដល់កិច្ចប្រឹងប្រែងទាំងនោះតាមរយៈការព្យាយាមបង្កឱ្យមានបញ្ហាក្នុងស្រុកដ៏រសើបមួយនៅក្នុងប្រទេសជប៉ុន។ ព្រមពេលជាមួយគ្នា វាអាចជាការបញ្ជូនសារថាការចូលរួមរបស់ NATO កាន់តែជ្រៅនៅក្នុងតំបន់អាស៊ីបូព៌ាអាចនឹងជំរុញឱ្យរុស្ស៉ីត្រូវតែចាត់វិធានការឆ្លើយតប។

ទី៣៖ វិមានក្រឹមឡាំងប្រហែលកំពុងស្វែងរកមធ្យោបាយគ្រប់គ្រងបញ្ហានយោបាយក្នុងស្រុក។ កាលពីឆ្នាំ២០២៤ លោក ពូទីនបានសន្យាថាលោកនឹងធ្វើទស្សនកិច្ចទៅកាន់ទីប្រជុំកោះ Kuril នៅថ្ងៃណាមួយ។ ជិត ២ឆ្នាំក្រោយមកទៀត ជោគជ័យក្នុងការវាយប្រហារ រយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនលើទឹកដីរុស្ស៉ី បានបង្កឱ្យមានការខកចិត្ត និងការខឹងសម្បារនៅក្នុងចំណោមប្រជាជនរុស្ស៉ី។ ម្លោះហើយ ដំណើរទស្សនកិច្ចរបស់លោក ពូទីន អាចត្រូវបានប្រើជាមធ្យោបាយមួយដើម្បីបង្វែរការចាប់អារម្មណ៍របស់ប្រជាជនរុស្ស៉ីពីសង្រ្គាមអ៊ុយក្រែន ទោះក្នុងរយៈពេលខ្លីក៏ដោយ។

ពិតណាស់ វាមិនច្បាស់នោះទេថាតើក្នុងចំណោមគោលដៅទាំង៣ខាងលើ មួយណាជាគោលដៅចម្បងគេរបស់លោក ពូទីន ប៉ុន្តែដោយជ្រើសរើសធ្វើទស្សនកិច្ចទៅកាន់កោះ Etorofu លោក ពូទីន បានធ្វើរឿងមួយរួចទៅហើយ នោះគឺសារទាំង៣របស់លោកត្រូវបានបញ្ជូនរួចជាស្រេចទៅដល់អ្នកដែលលោកចង់បញ្ជូនឱ្យ៕