FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិក បញ្ជាក់គោលជំហរបន្តគាំទ្រចំពោះសន្តិភាព និងស្វែងរកសន្តិភាព និងបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ

14-08-2026 18:08

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក អេលប៊្រីដ ខូលប៊ី (ELBRIDGE A.COLBY) អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម សហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងកិច្ចជំនួបនោះឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានមានប្រសាសន៍ថាទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសនៅក្នុងវិស័យការពារជាតិ មានការកើនឡើងនូវទំនាក់ទំនងដ៏ល្អជាមួយគ្នា។ ហើយវត្តមានរបស់អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម សហរដ្ឋអាមេរិក និងគណៈប្រតិភូនាពេលនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ការបង្កើន និងពង្រឹងនូវទំនាក់ទំនងរបស់កងទ័ព នៃប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានថ្លែងអំណរគុណចំពោះស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដែលកន្លងមកតែងតែយកចិត្តទុកដាក់ដល់ការងារមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយកចិត្តទុកដាក់ក្នុងការសម្របសម្រួលពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានថ្លែងអំណរអរគុណចំពោះប្រធានាធិបតី ដូណូល ត្រាំ ដែលបានជួយសម្របសម្រួលស្វែងរកសន្តិភាពជូនកម្ពុជាកន្លងមកនៅកូឡាឡាំពួរ។ ក្នុងនោះអនុព័ន្ធយោធាសហរដ្ឋអាមេរិក ក៏តែងបានចូលរួមជាមួយអ្នកសង្កេតការណ៍អាស៊ាន និងក៏បានចុះសង្កេតការណ៍នៅទីតាំងដោយផ្ទាល់ផងដែរ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា បច្ចុប្បន្ននេះ ក្រុមការងាររបស់យើងកំពុងសហការគ្នា និងសម្របសម្រួលនៃការទំនាក់ទំនងនៃក្រសួងការពារជាតិទាំងពីរ ក្នុងនោះយើងទទួលបានលទ្ធផលជាផ្លែងផ្កា ជាពិសេសការហ្វឹកហ្វឺនដោយទទួលសិក្ខាកាមកម្ពុជាទៅហ្វឹកហ្វឺននៅសហរដ្ឋអាមេរិក ដែលនៅក្នុងឆ្នាំ២០២៦នេះ មានការកើនឡើងនៃការទទួលយកសិក្ខាកាមកម្ពុជា។

នៅក្នុងឱកាសនោះដែរ លោក អេលប៊្រីដ ខូលប៊ី បានមានប្រសាសន៍ថា ក្រសួងសង្គ្រាមសហរដ្ឋអាមេរិក រីករាយណាស់ចំពោះការមើលឃើញនូវវឌ្ឍនភាពនៃទំនាក់ទំនងនៅក្នុងកម្រិតក្រសួងការពារជាតិទាំងពីរ ហើយរំពឹងទុកចំពោះវឌ្ឍនភាពនៅពេលអនាគតបន្ថែមទៀត។

លោកបានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍នាវាចម្បាំងសហរដ្ឋអាមេរិក នៅឯមូលដ្ឋានទ័ពរាម ហើយនៅថ្ងៃនេះសហការីរបស់លោកក៏នឹងទៅទស្សនកិច្ចនៅទីនោះផងដែរ។

លោកបានបញ្ជាក់ថា កាលពី៤-៥ខែមុន លោកមានកិត្តិយសបានជួបជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែតននាយករដ្ឋមន្ត្រី នៅពេលដែលលោកមានវត្តមាននៅឯរដ្ឋធានីវ៉ាស៊ីតោន ចូលរួមនៅក្នុងកិច្ចសន្ទនាស្តីអំពីសន្តិភាពព្រំដែន ហើយលោកក៏បានចូលរួមនៅក្នុងគំនិតផ្តួចផ្តើមមួយចំនួនពាក់ព័ន្ធសន្តិភាពព្រំដែននេះ។

អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក៏បានបញ្ជាក់នូវគោលជំហរថានៅតែបន្តគាំទ្រចំពោះសន្តិភាព និងស្វែងរកសន្តិភាពនៅក្នុងជម្លោះនេះ និងបទឈប់បាញ់។

ជាមួយគ្នានេះ លោកក៏បានជម្រាបជូនអំពីដំណើរទស្សនកិច្ចរបស់លោកមកកាន់តំបន់អាស៊ាអាគ្នេយ៍ គឺបានចាប់ផ្តើមទស្សនកិច្ចនៅប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ និងព្រះរាជាណាចក្រកម្ពុជា។ សារដែលចង់ជម្រាបជូននៅថ្ងៃនេះ គឺដូចគ្នាអ្វីដែលលោកបានជួបពិភាក្សាសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា កាលពី៤ និង៥ខែមុននោះដែរ។

អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិក បានបញ្ជាក់ថា ហើយសារទាំងនោះគឺចំណាប់អារម្មណ៍ក្នុងការធ្វើឱ្យទំនាក់ទំនងនៅក្នុងតំបន់នេះកាន់តែស៊ីជម្រៅ រួមទាំងប្រទេសកម្ពុជាផងដែរ ដោយផ្អែកទៅលើការគោរពគ្នាទៅវិញទៅមក ការប្រើប្រាស់នូវវិធីសាស្ត្រដែលពិតជាក់ស្តែង គោរពចំពោះជាតិនិយម គោរពចំពោះបូរណភាពទឹកដី ហើយនឹងផលប្រយោជន៍ដែលសមស្របនានា មិនមែនជាការទំនាក់ទំនងដោយរឹងរួស ដោយមិនមានការប្រែប្រួលនោះទេ ហើយក៏មិនបានស្នើសុំដល់ប្រទេសទាំងនោះ រួមទាំងកម្ពុជាផង ត្រូវធ្វើការថាជ្រើសរើសយកភាគីណាមួយនោះដែរ គឺយើងព្យាយាមជួយធ្វើម៉េចឱ្យមានទំនាក់ទំនងមួយ ដែលមានស្ថេរភាព។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ជាថ្មីថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន កម្ពុជាបន្តកិច្ចសន្ទានាដោយសន្តិវិធី ធ្វើយ៉ាងណាដោះស្រាយភាពតានតឹងនូវជម្លោះព្រំដែន។ ជាការពិតណាស់ក្នុងតំបន់ភាពជាសមាជិកនៃអាស៊ាន គឺប្រទេសផ្សេងៗមានផលលំបាកក្នុងការយកបញ្ហាមកដោះស្រាយនៅក្នុងវេទិកានេះ។

ឧបនាយករដ្ឋមន្ត្រី សង្ឃឹមថាទាំងអាស៊ាន និងកិច្ចការខាងមុខនេះ ជាពិសេសកិច្ចប្រជុំ ADMM -ADMM-Plus ខាងមុខនេះ សហរដ្ឋអាមេរិកនឹងដើរតួនាទីសម្របសម្រួលនូវកិច្ចការផ្សេងៗ និងការដោះស្រាយបញ្ហានៅក្នុងតំបន់៕