សម្ដេចមហារដ្ឋសភាធិការបតី ឃួន សុដារី ផ្ញើសារអបអរសាទរជូនប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិឥណ្ឌូនេស៊ី
14-08-2026 17:37
(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះលោកស្រីបណ្ឌិត ពាន់ ម៉ាហារ៉ានី (Puan Maharani) ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងប្រជាជននៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ខាងមុខ។
នៅក្នុងសារអបអរសាទររបស់សម្ដេចមហារដ្ឋសភាធិការបតី ឃួន សុដារី បានបញ្ជាក់ទៀតថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ បានលូតលាស់ កាន់តែខ្លាំងឡើងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកដោយផ្អែកលើគោលការណ៍គោរពគ្នា ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
សម្តេច មានជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាពដែលមានស្រាប់រវាងប្រទេសទាំងពីរ ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិ នឹងបន្តរីកចម្រើនបន្ថែមទៀតនាពេលអនាគត ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជនទាំងសងខាង។
ទន្ទឹមនឹងនេះសម្ដេចមហារដ្ឋសភាធិការបតី ឃួន សុដារី បានបញ្ជាក់ជាថ្មី ម្តងទៀតនូវការប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ និង ដើម្បីពង្រឹងមជ្ឈភាពអាស៊ាន ដើម្បីសុខសន្តិភាព និងវិបុលភាពយូរអង្វែងផងដែរ៕




