បើកការដ្ឋានជួសជុលផ្លូវលំក្រាលគ្រួសក្រហមប្រវែងជាង ១៥គីឡូម៉ែត្រ នៅឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ក្រោមការឧបត្ថម្ភពីអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព
14-08-2026 17:30
(កំពង់ធំ)៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន លោកឧកញ៉ា ឈន សុផល ប្រធានក្រុមការងារចុះជួយឃុំផាន់ញើម បានដឹកនាំក្រុមការងាររៀបចំដាក់គ្រឿងចក្រចុះជួសជុល កែលម្អឡើងវិញនូវផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ ប្រវែង ១៥,៨៥០ម៉ែត្រ។
ផ្លូវនេះស្ថិតនៅភូមិព្រហ៊ូត សុជុល ផ្ដៀក ព្រៃម្រ៉ី និងក្រញូង ក្នុងឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ពិធីបើកការដ្ឋានជួសជុលផ្លូវនេះបានធ្វើឡើងនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកឧកញ៉ា ឈន សុផល ក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប។ ការជួសជុលផ្លូវនេះ គឺស្ថិតក្រោមការឧបត្ថម្ភទាំងស្រុងពីលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក។
ក្នុងឱកាសនោះ លោកឧកញ៉ា ឈន សុផល បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង មិនថាតំបន់ដាច់ស្រយាលនោះទេ។
លោកឧកញ៉ា ឈន សុផល បានបន្ថែមថា ផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ ហើយការជួសជុលផ្លូវនេះនឹងជួយសម្រួលដល់ជីវភាពរស់នៅ ការតភ្ជាប់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ ក្នុងឃុំនេះឱ្យកាន់តែប្រសើរឡើង។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែរក្សាផ្លូវនេះឱ្យបានគង់វង្សយូរអង្វែង ដោយមិនត្រូវដឹកជញ្ជូនលើសទម្ងន់កំណត់ និងត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ ក្នុងពិធីនោះ ក៏មានការឧបត្ថម្ភថវិកា និងសម្ភារៈដល់អ្នកចូលរួម ជនមានពិការភាព លោកតាលោកយាយចាស់ជរា និងកុមារផងដែរ៕





























