FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចមហារដ្ឋសភាធិការបតី ឃួន សុដារី ផ្ញើសារអបអរសាទរជូនប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌា

14-08-2026 17:25

(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិត សម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះលោក អំ បឺរឡា (Om Birla) ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌា និងប្រជាជននៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នេះ។

នៅក្នុងសារអបអរសាទររបស់សម្ដេចមហារដ្ឋសភាធិការបតី ឃួន សុដារី ដែលបណ្តាញព័ត៍មាន Fresh News ទទួលបានថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានប​ញ្ជាក់ឱ្យដឹងថា «តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាង កក់ក្តៅបំផុតជូនចំពោះ ឯកឧត្តមប្រធាន សហការី និងប្រជាជននៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខ»។

សម្ដេចមហារដ្ឋសភាធិការបតី ឃួន សុដារី មានជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ ដោយផ្អែកលើគោលការណ៍គោរពគ្នា ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងផល ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតនាពេលអនាគត ដើម្បីជាឧត្តម ប្រយោជន៍ដល់ប្រជាជនយើងទាំងសងខាង។

ទន្ទឹមនឹងនេះ សម្ដេចមហារដ្ឋសភាធិការបតី ឃួន សុដារី សូមបញ្ជាក់សារជាថ្មីម្តងទៀតនូវការប្តេជ្ញា បន្តរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាឱ្យឈានដល់កម្រិតខ្ពស់ថ្មីមួយ ទាំងក្នុងក្របខ័ណ្ឌ ទ្វេភាគី និងពហុភាគី ដើម្បីសន្តិភាព និងវិបុលភាពយូរអង្វែង៕