លក់ដីផ្សេង តែច្រឡំឱ្យប្លង់ផ្សេង ពេលទៅសុំដូរវិញ អ្នកទិញមិនឱ្យ ហើយធ្លាយលិខិតទិញលក់ទាំងម្ចាស់មិនបានដឹង
14-08-2026 17:18
(តាកែវ)៖ ជាករណីមិនធ្លាប់បានជួបមួយពាក់ព័ន្ធបញ្ហាទិញលក់ដីធ្លីរបស់ប្រជាពលរដ្ឋនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដោយលក់ដីផ្សេង ហើយច្រឡំឱ្យប្លង់ផ្សេង ពេលទៅទារប្លង់ពីអ្នកទិញមិនបានហើយ ធ្លាយលិខិតទិញលក់ទៀត។
ដំណើររឿង កាលពីឆ្នាំ២០១២ ម្ចាស់ដីឈ្មោះ ចេង ធឿន និងភរិយាឈ្មោះ ជៀម សុខខេង បានលក់ដីមួយកន្លែងមានក្បាលដីក្នុងប្លង់កម្មសិទ្ធិលេខ១០១០ ទំហំជាង ២ពាន់ម៉ែត្រក្រឡា ទៅឱ្យឈ្មោះ សុខ សារឿន ក្នុងតម្លៃ ១៦០០ដុល្លារ។ ប៉ុន្តែការលក់ដែលធ្វើឡើងតាមរយៈមេឃុំនោះ ម្ចាស់ដីមិនបានឱ្យប្លង់ដីលេខ១០១០ទៅឱ្យអ្នកនោះទេ បែរជាច្រឡំឱ្យប្លង់ដីលេខ៥៩១ ជាដីស្រែទំហំជាង៤ពាន់ម៉ែត្រក្រឡា ដែលមិនបានលក់ទៅឱ្យអ្នកទិញទៅវិញ។
ការឱ្យប្លង់ដីច្រឡំនេះ ម្ចាស់ដីមិនបានដឹងអស់ពេលជាយូរឆ្នាំ រហូតដល់ពេលសើរើរឿងបែងចែកដីជូនកូនចៅ ហើយទៅមើលប្លង់ដីឡើងវិញ ទើបដឹងថា ប្រគល់ប្លង់ដីច្រឡំ។ ក្រោយដឹងថា ប្រគល់ប្លង់ដីច្រឡំ នៅឆ្នាំ២០២២ ម្ចាស់ដីតាមរយៈមេឃុំ បានស្នើសុំទៅអ្នកទិញ ដើម្បីដោះដូរប្លង់វិញ តែភាគីអ្នកទិញប្រាប់ថា បាត់រកមិនឃើញ។
បើទោះបីច្រឡំប្រគល់ប្លង់ឱ្យគេបែបនេះក្តី មកដល់ពេលបច្ចុប្បន្នដីស្រែ ដែលច្រឡំឱ្យប្លង់ទៅគេនោះ ម្ចាស់នៅតែអាស្រ័យផលធម្មតា ហើយនៅពេលសុំមន្ត្រីការិយាល័យសុរិយោដីស្រុក ពិនិត្យ បានរកឃើញថា ប្លង់ដីនោះ មិនទាន់មានផ្លាស់ប្តូរឈ្មោះម្ចាស់នោះទេ ពោល គឺស្ថិតនៅឈ្មោះដើមដដែល។
នៅពេលនេះ ម្ចាស់ដីបានដាក់លិខិតសុំកិច្ចអន្តរាគមន៍ទៅអភិបាលស្រុកបាទី ដើម្បីដោះស្រាយបញ្ហាច្រឡំឱ្យប្លង់ដីនេះហើយ។ ជាមួយនឹងការសុំកិច្ចអន្តរាគមន៍ សុំប្លង់ដីមកវិញ ស្រាប់តែភាគីអ្នកទិញ បានបង្ហាញលិខិតថ្មីមួយស្តីពីការព្រមព្រៀងទិញលក់ដីដែលមានក្បាលលេខ៥៩១ កាលពីឆ្នាំ២០០៧។
ក្រោយឃើញលិខិតទិញលក់នេះ ម្ចាស់ដី មានការភ្ញាក់ផ្អើលជាខ្លាំង ហើយបានបញ្ជាក់ថា ខ្លួនមិនបានទិញលក់ដូចក្នុងលិខិតដែលបានបង្ហាញនោះឡើយ។ ជាមួយគ្នានេះ សាក្សីនៅក្នុងលិខិត ក៏បានបញ្ជាក់ថា ដីដែលមានក្បាលលេខ៥៩១ មិនដែលមានការទិញលក់នោះឡើយ។
បន្ថែមពីលើនោះ កាលពីពីរខែមុននេះ ម្ចាស់ដី បានទៅជួបលោកស្រី សុខ សារឿន នៅក្រុងតាខ្មៅ ដើម្បីសុំប្លង់ដីមកវិញនោះ លោកស្រី សុខ សារឿន បានបញ្ចុះបញ្ចូលម្ចាស់ដីឱ្យលក់ដីមានក្បាលលេខ៥៩១នេះ។ លោកស្រី សុខ សារឿន បានប្រាប់ទៅម្ចាស់ដីថា ឱ្យលក់ដីនោះទៅ ខ្លួន (សុខ សារឿន) យក ៤០ភាគរយ ហើយប្រគល់ទៅឱ្យម្ចាស់ដី ៦០ភាគរយ។ តែម្ចាស់ដី បានប្រកែកមិនព្រមលក់នោះឡើុយ។
ពេលនេះម្ចាស់ដីកំពុងកើតការរឿងឆ្ងល់ជាខ្លាំង ខ្លួនមិនបានព្រមព្រៀង ឬធ្វើលិខិតទិញលក់ដីមានក្បាលលេខ៥៩១នោះឡើយ ហេតុអ្វីក៏ភាគីម្ខាងទៀត មានលិខិតទិញលក់?
ម្ចាស់ដី បានទទូចសុំអាជ្ញាធរពាក់ព័ន្ធ ជួយអន្តរាគមន៍ ដើម្បីខ្លួនទទួលបានប្លង់ដីត្រឡប់មកវិញ៕

គល់បញ្ជីប្លង់ដីលេខ៥៩១ ថតនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បង្ហាញថា មិនមានប្តូរឈ្មោះម្ចាស់នោះឡើយ









