Fresh Exclusive: ហេតុអ្វីសហរដ្ឋអាមេរិកបញ្ជូន USS George Washington ពីអាស៊ីប៉ាស៊ីហ្វិក ផ្លាស់ប្តូរ USS Abraham Lincoln នៅមជ្ឈិមបូព៌ា ខណៈសង្គ្រាមជាមួយអ៊ីរ៉ង់កំពុងស្ថិតក្នុងដំណាក់កាលក្តៅ? (Video inside)
14-08-2026 17:17
(ភ្នំពេញ)៖ សហរដ្ឋអាមេរិកកំពុងបញ្ជូនកប៉ាល់ផ្ទុកយន្តហោះ USS George Washington ពីតំបន់ Indo-Pacific ទៅជំនួសកប៉ាល់ចម្បាំងផ្ទុកយន្តហោះ USS Abraham Lincoln ដែលបានដាក់ពង្រាយយ៉ាងយូរ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។
ហេតុអ្វីអាមេរិកត្រូវប្តូរកប៉ាល់ផ្ទុកយន្តហោះ ខណៈសង្គ្រាមកំពុងស្ថិតក្នុងដំណាក់កាលក្តៅ? ហើយការទាញកប៉ាល់ George Washington ចេញពីតំបន់ Indo-Pacific អាចបង្កើតហានិភ័យយុទ្ធសាស្ត្រអ្វីខ្លះសម្រាប់អាមេរិក?
Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅមួយជុំវិញសំណួរនេះ៖
(ភ្នំពេញ)៖ ក្នុងសមរភូមិ ពេលការប្រយុទ្ធកំពុងក្តៅ ជាទូទៅគេមិនចង់ផ្លាស់ប្តូរកម្លាំងស្នូលដែលកំពុងប្រយុទ្ធនោះទេ។ ប៉ុន្តែសហរដ្ឋអាមេរិក កំពុងធ្វើអ្វីមួយដែលមើលទៅផ្ទុយពីតក្កវិជ្ជានេះ៖ ខណៈសង្គ្រាមជាមួយអ៊ីរ៉ង់នៅតែបន្ត និងកងទ័ពជើងទឹកអាមេរិកកំពុងរក្សាសម្ពាធយោធានៅមជ្ឈិមបូព៌ា កប៉ាល់ផ្ទុកយន្តហោះ USS Abraham Lincoln ដែលបានក្លាយជាកម្លាំងសំខាន់មួយនៃប្រតិបត្តិការនោះ កំពុងត្រូវបានត្រៀមឱ្យចាកចេញពីតំបន់សមរភូមិ។
នៅជាមួយគ្នានេះ កប៉ាល់ផ្ទុកយន្តហោះ USS George Washington ដែលមានមូលដ្ឋានប្រតិបត្តិការនៅតំបន់ Indo-Pacific កំពុងធ្វើដំណើរឆ្ពោះទៅមជ្ឈិមបូព៌ាដើម្បីមកជំនួសវិញ។ ការផ្លាស់ប្តូរនេះ កើតឡើងស្របពេលមានសេចក្តីរាយការណ៍អំពីបញ្ហាជីវភាព ការផ្គត់ផ្គង់ និងសម្ពាធផ្លូវចិត្តលើនាវិកនៅលើកប៉ាល់ចម្បាំង Abraham Lincoln បន្ទាប់ពីការដាក់ពង្រាយយូរខុសធម្មតា។
ប៉ុន្តែតើនេះមានន័យថា USS Abraham Lincoln លែងមានសមត្ថភាពប្រយុទ្ធ ឬសហរដ្ឋអាមេរិក កំពុងបន្ថយប្រតិបត្តិការប្រឆាំងអ៊ីរ៉ង់មែនទេ? ចម្លើយគឺ៖ មិនមែនទេ។
ការបញ្ជូនកប៉ាល់ចម្បាំង USS George Washington ទៅជំនួស USS Abraham Lincoln គួរត្រូវបានមើលជាមុនថា ជាការប្តូរវេនកម្លាំង (force rotation) មិនមែនជាការដកថយពីសង្គ្រាមឡើយ។ មន្ត្រីអាមេរិកបានបញ្ជាក់ថា ការផ្លាស់ប្តូរនេះ ត្រូវបានគ្រោងទុកពីមុន ហើយមិនមែនជាការសម្រេចចិត្តបន្ទាន់ ដោយសារសេចក្តីរាយការណ៍ថ្មីៗអំពីបញ្ហានៅលើកប៉ាល់ចម្បាំង Lincoln នោះទេ។
ប៉ុន្តែការប្តូរកប៉ាល់នៅពេលនេះ បង្ហាញការពិតយុទ្ធសាស្ត្រមួយ ដែលធំជាងកប៉ាល់ទាំងពីរទៅទៀត៖ តើអវត្តមានកប៉ាល់ចម្បាំង George Washington នៅ Indo-Pacific អាចបង្កើតចន្លោះប្រហោងសម្រាប់យុទ្ធសាស្ត្រការពាររបស់សហរដ្ឋអាមេរិកនៅទីនោះដែរឬទេ?
*USS Abraham Lincoln ស្ថិតនៅសមុទ្រយូរខុសធម្មតា ដែលចាំបាច់ត្រូវវិលចូលកំពង់ផែ
USS Abraham Lincoln បានចាកចេញពីកំពង់ផែ San Diego កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ មកដល់ពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ ការដាក់ពង្រាយរបស់វាបានអូសបន្លាយជាង ២៥០ថ្ងៃ ហើយប្រមាណ ២០០ថ្ងៃក្នុងចំណោមនោះ កប៉ាល់មិនបានចូលចតកំពង់ផែឡើយ។ រយៈពេលដ៏យូរនៅសមុទ្រនេះ គឺជាចំណុចសំខាន់ ព្រោះកប៉ាល់ផ្ទុកយន្តហោះមិនមែនគ្រាន់តែជាដែកថែបដ៏ធំមួយ ដែលអាចបើកម៉ាស៊ីនដំណើរការដោយគ្មានកំណត់នោះទេ។
ថ្វីបើវាប្រៀបដូចជា «ទីក្រុងអណ្តែតទឹក» មួយ ដែលមានមនុស្សរាប់ពាន់នាក់រស់នៅ និងធ្វើការជុំវិញម៉ោងក៏ដោយ ក៏នៅលើកប៉ាល់មានយន្តហោះ ប្រព័ន្ធរ៉ាដា ប្រព័ន្ធអាវុធ រោងជួសជុល ផ្ទះបាយ មន្ទីរពេទ្យ ប្រព័ន្ធផលិតទឹក និងបណ្តាញបច្ចេកទេសរាប់មិនអស់ ដែលត្រូវការការថែទាំ និងផ្គត់ផ្គង់ជាប្រចាំ។
លើសពីនេះ ឯកសារថវិកាផ្លូវការរបស់កងទ័ពជើងទឹកអាមេរិកសម្រាប់ឆ្នាំសារពើពន្ធ២០២៦ ក៏បានដាក់ USS Abraham Lincoln ក្នុងផែនការថែទាំប្រភេទ Planned Incremental Availability ឬ PIA មានន័យថា «វគ្គថែទាំ និងជួសជុលតាមផែនការជាដំណាក់កាល»។ នេះបង្ហាញថា ការវិលត្រឡប់របស់ Lincoln មិនមែនគ្រាន់តែជាបញ្ហាសម្រាករបស់នាវិកនោះទេ ប៉ុន្តែកប៉ាល់ខ្លួនវាក៏ត្រូវចូលក្នុងជុំសម្រាប់ថែទាំ ដើម្បីរក្សាសមត្ថភាពប្រតិបត្តិការរយៈពេលវែង។ ដូច្នេះ សមត្ថភាពអាចបន្តប្រតិបត្តិការបានយូរ មិនដូចគ្នានឹងសមត្ថភាពប្រយុទ្ធនោះទេ។
កប៉ាល់មួយអាចនៅតែមានយន្តហោះប្រយុទ្ធ មានអាវុធ និងនៅតែមានសមត្ថភាពវាយប្រហារ។ ប៉ុន្តែបើការដាក់ពង្រាយត្រូវបានអូសបន្លាយជាច្រើនខែ សម្ពាធលើនាវិក លើគ្រឿងម៉ាស៊ីន និងលើប្រព័ន្ធផ្គត់ផ្គង់ នឹងកើនឡើងជាបន្តបន្ទាប់។ នៅចំណុចណាមួយ ការបន្តទុកកប៉ាល់នៅសមុទ្រយូរពេក អាចចាប់ផ្តើមប៉ះពាល់ដល់សមត្ថភាពប្រតិបត្តិការរបស់វាផ្ទាល់។
ហេតុនេះ ការដក USS Abraham Lincoln ចេញដើម្បីឱ្យ USS George Washington ចូលមកជំនួស មិនចាំបាច់មានន័យថាកប៉ាល់ចម្បាំង Lincoln បាត់បង់សមត្ថភាពប្រយុទ្ធ ឬថាអាមេរិកកំពុងបន្ថយកម្លាំងនោះទេ ប៉ុន្តែដើម្បីកុំឱ្យការប្រើប្រាស់វាយូរពេក ធ្វើឱ្យសមត្ថភាពប្រយុទ្ធរបស់វាធ្លាក់ចុះ។
*សភាអាមេរិកសាកសួរបញ្ហានៅលើកប៉ាល់ចម្បាំង Lincoln
បញ្ហានៅលើ USS Abraham Lincoln ដែលដំបូងជាក្តីបារម្ភរបស់នាវិក និងក្រុមគ្រួសាររបស់ពួកគេ ឥឡូវបានឈានដល់ការទាមទារចម្លើយពីក្រសួងការពារជាតិរបស់សមាជិកសភាអាមេរិក។
សេចក្តីរាយការណ៍នានាបានលើកឡើងពីការខ្វះសម្ភារៈប្រើប្រាស់មូលដ្ឋាន បញ្ហាប្រព័ន្ធទឹក និងបំពង់ទឹក អនាម័យ ការរំខានដល់ប្រព័ន្ធផ្ញើសំបុត្រ ព្រមទាំងក្តីបារម្ភអំពីសុខភាពផ្លូវចិត្តរបស់នាវិក។ Reuters រាយការណ៍ថា សមាជិកសភាអាមេរិក បានបង្ហាញក្តីបារម្ភចំពោះបញ្ហាទាំងនេះ ខណៈកប៉ាល់ Lincoln បានស្ថិតក្នុងការដាក់ពង្រាយយូរខុសធម្មតា និងត្រូវរក្សាកម្រិតប្រុងប្រយ័ត្នខ្ពស់ក្រោមការគំរាមពីដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់។
សមាជិកសភា Mike Levin និងសមាជិកសភាផ្សេងទៀត បានទាមទារឱ្យរដ្ឋមន្ត្រីការពារជាតិ Pete Hegseth និងថ្នាក់ដឹកនាំកងទ័ពជើងទឹក ផ្តល់ចម្លើយថា ហេតុអ្វីបញ្ហាអនាម័យមិនត្រូវបានដោះស្រាយឱ្យបានឆាប់ ហេតុអ្វីនាវិកមិនទទួលបានការគាំទ្រផ្នែកសុខភាពផ្លូវចិត្តឱ្យបានគ្រប់គ្រាន់ និងហេតុអ្វីបញ្ហាទាំងនេះមិនត្រូវបានជូនដំណឹងឱ្យបានឆាប់ដល់ក្រុមគ្រួសារ និងមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធ។
ក្តីបារម្ភនេះកាន់តែមានទម្ងន់ ដោយសារកប៉ាល់ Lincoln មាននាវិកជិត ៥,០០០នាក់ ហើយបានស្ថិតនៅសមុទ្រតាំងពីខែវិច្ឆិកា ឆ្នាំ២០២៥។ Reuters កត់សម្គាល់ថា ជាទូទៅការដាក់ពង្រាយរបស់កងទ័ពជើងទឹកមានរយៈពេលប្រហែល ៦ទៅ៩ខែ ប៉ុន្តែក្នុងពេលមានសង្គ្រាម វាអាចត្រូវបានពន្យារ។ ការដាក់ពង្រាយយូរបែបនេះអាចបង្កសម្ពាធខ្លាំងលើសុខភាពផ្លូវចិត្តរបស់នាវិក ជាពិសេសនៅពេលពួកគេត្រូវស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ជាបន្តបន្ទាប់។
ទោះជាយ៉ាងណា រដ្ឋមន្ត្រីការពារជាតិ Pete Hegseth បានបដិសេធការពណ៌នាថា ស្ថានភាពនៅលើ Lincoln កំពុងធ្លាក់ចូលក្នុងវិបត្តិ ដោយនិយាយថា សេចក្តីរាយការណ៍អំពីស្ថានភាពមិនល្អនៅលើកប៉ាល់ត្រូវបានបង្ហាញ «ខុសពីស្ថានភាពពិតទាំងស្រុង»។ លោកក៏បានអះអាងថា អង្គភាពជើងទឹក កំពុងព្យាយាមផ្តល់ធនធានចាំបាច់ដល់កប៉ាល់ និងនាវិកក្នុងពេលដាក់ពង្រាយ។
គេមិនទាន់អាចសន្និដ្ឋានថា បញ្ហាជីវភាព និងសុខភាពផ្លូវចិត្តទាំងនេះ ជាមូលហេតុដែល ក្រសួងការពារជាតិអាមេរិក សម្រេចដកកប៉ាល់ USS Abraham Lincoln ចេញពីតំបន់ប្រតិបត្តិការបានទេ។ ផ្ទុយទៅវិញ មន្ត្រីអាមេរិកម្នាក់បានប្រាប់ Reuters ថា ការបញ្ជូនកប៉ាល់ USS George Washington ទៅជំនួសកប៉ាល់ Lincoln គឺជាការផ្លាស់ប្តូរដែល បានគ្រោងទុកជាមុន។
*George Washington ត្រូវចាកចេញពី Indo-Pacific ទៅមជ្ឈិមបូព៌ា
USS George Washington មិនមែនជាកប៉ាល់ផ្ទុកយន្តហោះដែលកំពុងទំនេរ រង់ចាំបេសកកម្មនៅកំពង់ផែនោះទេ។ វាជាកម្លាំងដាក់ពង្រាយជួរមុខដ៏សំខាន់មួយរបស់កងទ័ពជើងទឹកអាមេរិកនៅតំបន់ Indo-Pacific និងមានមូលដ្ឋាននៅ Yokosuka ប្រទេសជប៉ុន។
នៅខែមិថុនា ឆ្នាំ២០២៦ កប៉ាល់ផ្ទុកយន្តហោះនេះបានចូលរួមក្នុងសមយុទ្ធ Valiant Shield នៅតំបន់សមុទ្រហ្វីលីពីន ដែលផ្តោតលើការពង្រឹងសមត្ថភាពប្រតិបត្តិការរួមរបស់កងកម្លាំងអាមេរិក និងដៃគូនៅតំបន់ប៉ាស៊ីហ្វិកខាងលិច។ នៅចុងខែកក្កដា វានៅតែធ្វើប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង មុនចូលទស្សនកិច្ចនៅទីក្រុង Da Nang ប្រទេសវៀតណាម។
ដូច្នេះ ការបញ្ជូន George Washington ពី Indo-Pacific ឆ្ពោះទៅមជ្ឈិមបូព៌ា មិនមែនគ្រាន់តែជាការប្តូរកប៉ាល់មួយគ្រឿង ដោយកប៉ាល់មួយគ្រឿងទៀតនោះទេ។ វាបង្ហាញពីបញ្ហាយុទ្ធសាស្ត្រមួយ ដែលសូម្បីតែមហាអំណាចយោធាដ៏ធំបំផុតក៏ត្រូវប្រឈមគឹ «សហរដ្ឋអាមេរិកអាចមានកម្លាំងយោធាដ៏ច្រើនក៏ពិតមែន ប៉ុន្តែមិនអាចយកកម្លាំងទាំងអស់ទៅប្រើនៅគ្រប់ទីកន្លែង ក្នុងពេលតែមួយបានទេ»។
កប៉ាល់ផ្ទុកយន្តហោះមួយគ្រឿង មិនអាចស្ថិតនៅក្នុងតំបន់ពីរ ក្នុងពេលតែមួយបានទេ។ នៅពេល George Washington ត្រូវបានទាញចេញពី Indo-Pacific ដើម្បីបន្តវត្តមានកប៉ាល់ផ្ទុកយន្តហោះនៅមជ្ឈិមបូព៌ា វាមានន័យថា កម្លាំងដែលធ្លាប់បំពេញបេសកកម្មនៅអាស៊ី ត្រូវបានបង្វែរទៅបំពេញតម្រូវការបន្ទាន់នៅសមរភូមិមួយទៀត។
ហេតុនេះ សង្គ្រាមជាមួយអ៊ីរ៉ង់មិនត្រឹមតែបង្កើតតម្លៃនៅមជ្ឈិមបូព៌ា តាមរយៈការប្រើប្រាស់យន្តហោះ គ្រាប់មីស៊ីល នាវា និងកម្លាំងមនុស្សប៉ុណ្ណោះទេ។ វាក៏អាចបង្ខំឱ្យសហរដ្ឋអាមេរិកធ្វើការជ្រើសរើសថា តើតំបន់ណា ត្រូវការកម្លាំងជាបន្ទាន់ជាងគេ និងតំបន់ណាអាចទទួលយកវត្តមានយោធាតិចជាងមុនជាបណ្តោះអាសន្ន។
*តើវត្តមាន George Washington នៅមជ្ឈិមបូព៌ា បង្កើតចន្លោះប្រហោងសម្រាប់យុទ្ធសាស្ត្រការពារ Indo-Pacific ដែរឬទេ?
ការបញ្ជូនកប៉ាល់ចម្បាំង USS George Washington ទៅជំនួសកប៉ាល់ USS Abraham Lincoln នៅមជ្ឈិមបូព៌ា បង្កើតសំណួរយុទ្ធសាស្ត្រមួយទៀត៖ នៅពេលសហរដ្ឋអាមេរិកយកកប៉ាល់ផ្ទុកយន្តហោះដ៏សំខាន់មួយ ចេញពីតំបន់ Indo-Pacific តើវាបង្កើតចន្លោះប្រហោងក្នុងយុទ្ធសាស្ត្រទប់ស្កាត់របស់អាមេរិកនៅអាស៊ីដែរឬទេ?
សំណួរនេះមានទម្ងន់ ព្រោះ USS George Washington មិនមែនជាកប៉ាល់ផ្ទុកយន្តហោះធម្មតាមួយ ដែលគ្រាន់តែត្រូវបានបញ្ជូនមកពីសហរដ្ឋអាមេរិកនោះទេ។ វាជាកប៉ាល់ផ្ទុកយន្តហោះជួរមុខដ៏សំខាន់បំផុតមួយរបស់អាមេរិកនៅអាស៊ី ហើយមានមូលដ្ឋាននៅ Yokosuka នៃប្រទេសជប៉ុន។
សំណួរនេះកាន់តែសំខាន់ ព្រោះ Indo-Pacific គឺជាតំបន់ដែលវ៉ាស៊ីនតោនត្រូវរក្សាសមត្ថភាពទប់ស្កាត់ចិន និងធានាទំនុកចិត្តដល់សម្ព័ន្ធមិត្តរបស់ខ្លួន។ កាលពីចុងខែឧសភា ឆ្នាំ២០២៦ ខណៈកប៉ាល់ George Washington ចាប់ផ្តើមប្រតិបត្តិការរដូវក្តៅរបស់ខ្លួន ក្រុមកប៉ាល់ផ្ទុកយន្តហោះចិន Liaoning ក៏កំពុងធ្វើប្រតិបត្តិការនៅសមុទ្រហ្វីលីពីន ផ្នែកខាងកើតកោះ Luzon ផងដែរ។
កងទ័ពជើងទឹកអាមេរិក ចាត់ទុកកប៉ាល់ USS George Washington ជា កប៉ាល់ផ្ទុកយន្តហោះជួរមុខតែមួយគត់របស់អាមេរិក ដែលដាក់ពង្រាយប្រចាំនៅជប៉ុន។ កប៉ាល់នេះមានមូលដ្ឋាននៅ Yokosuka ហើយ ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះទី៥ (Carrier Strike Group 5) ដែលមានកប៉ាល់ចម្បាំង George Washington ជាស្នូល គឺជាកម្លាំងកប៉ាល់ផ្ទុកយន្តហោះជួរមុខដ៏សំខាន់របស់កងនាវាទី៧។
តួនាទីនេះ ត្រូវបានបង្ហាញយ៉ាងច្បាស់នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅពេលកប៉ាល់ George Washington Carrier Strike Group ចូលរួមសមយុទ្ធ Valiant Shield 2026 ជាមួយកងកម្លាំងជប៉ុននៅសមុទ្រហ្វីលីពីន។ កងទ័ពជើងទឹកអាមេរិកបានពណ៌នាសមយុទ្ធនេះថា ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពប្រតិបត្តិការរួម និងការប្តេជ្ញារបស់អាមេរិកចំពោះតំបន់ Indo-Pacific សេរី និងបើកចំហ។
ហេតុនេះ នៅពេល George Washington ត្រូវបង្វែរទិសពីអាស៊ីទៅមជ្ឈិមបូព៌ា អាមេរិកមិនត្រឹមតែយកកប៉ាល់មួយគ្រឿងទៅជំនួសកប៉ាល់មួយគ្រឿងទៀតនោះទេ។ វ៉ាស៊ីនតោនកំពុងបង្វែរធនធានយុទ្ធសាស្ត្រដ៏សំខាន់មួយពីតំបន់អាទិភាពមួយ ទៅបំពេញតម្រូវការបន្ទាន់នៅតំបន់អាទិភាពមួយទៀត។
ប៉ុន្តែការចាកចេញរបស់ George Washington មិនមានន័យថា Indo-Pacific ត្រូវបានទុកឱ្យគ្មានការការពាររបស់អាមេរិកនោះទេ។ សហរដ្ឋអាមេរិកនៅតែមាននាវាពិឃាត នាវាមុជទឹក យន្តហោះចម្បាំង មូលដ្ឋានយោធា និងកម្លាំងសម្ព័ន្ធមិត្តជាច្រើននៅក្នុងតំបន់។
ក្នុងបរិបទនេះ ទោះបី USS George Washington អាចបំពេញចន្លោះរបស់ USS Abraham Lincoln នៅមជ្ឈិមបូព៌ា ក៏ដោយ ការធ្វើដូច្នេះ ដូចជាការបន្សល់ទុក ការថយចុះជាបណ្តោះអាសន្ននៃវត្តមានកប៉ាល់ផ្ទុកយន្តហោះអាមេរិកនៅតំបន់ Indo-Pacific ផងដែរ។
សេចក្តីសន្និដ្ឋាន៖
ដូច្នេះ ហេតុអ្វីសហរដ្ឋអាមេរិកបញ្ជូនកប៉ាល់ USS George Washington ទៅជំនួស USS Abraham Lincoln ខណៈសង្គ្រាមជាមួយអ៊ីរ៉ង់កំពុងស្ថិតក្នុងដំណាក់កាលក្តៅ?
ចម្លើយ មិនមែនដោយសារអាមេរិកចង់បន្ថយ ឬបញ្ឈប់ការប្រយុទ្ធនៅមជ្ឈិមបូព៌ានោះទេ ហើយក៏មិនទាន់មានភស្តុតាងគ្រប់គ្រាន់ដើម្បីសន្និដ្ឋានថា USS Abraham Lincoln ត្រូវដកចេញដោយសារបញ្ហាផ្ទៃក្នុងកប៉ាល់ដែរ។ មូលហេតុសំខាន់គឺកប៉ាល់ Lincoln បានដាក់ពង្រាយអស់រយៈពេលយូរ ហើយដើម្បីរក្សាវត្តមាន និងសម្ពាធយោធានៅមជ្ឈិមបូព៌ាឱ្យបន្ត អាមេរិក ត្រូវប្តូរកម្លាំងដែលបានប្រើប្រាស់យូរ ដោយកម្លាំងជំនួសថ្មី។
ប៉ុន្តែការប្តូរនេះក៏បង្កើតសំណួរយុទ្ធសាស្ត្រមួយ ដែលធំជាងកប៉ាល់ទាំងពីរ៖ តើការបញ្ជូន George Washington ទៅមជ្ឈិមបូព៌ា នឹងបង្កើតចន្លោះប្រហោងសម្រាប់យុទ្ធសាស្ត្រទប់ស្កាត់របស់អាមេរិកនៅតំបន់ Indo-Pacific ដែរឬទេ?
ចម្លើយគឺ មិនមែនជាចន្លោះប្រហោងការពារទាំងស្រុងទេ។ សហរដ្ឋអាមេរិកនៅតែមាននាវាពិឃាត នាវាមុជទឹក យន្តហោះចម្បាំង មូលដ្ឋានយោធា ព្រមទាំងកម្លាំងសម្ព័ន្ធមិត្ត និងដៃគូជាច្រើននៅក្នុងតំបន់។ ប៉ុន្តែការចាកចេញរបស់ George Washington នឹងធ្វើឱ្យ វត្តមានកប៉ាល់ផ្ទុកយន្តហោះរបស់អាមេរិកនៅ Indo-Pacific ថយចុះជាបណ្តោះអាសន្ន។ ហើយនេះជាតម្លៃយុទ្ធសាស្ត្រមួយដែលវ៉ាស៊ីនតោនត្រូវទទួលយក ដើម្បីបន្តរក្សាសម្ពាធយោធានៅមជ្ឈិមបូព៌ា។
ទោះជាយ៉ាងណា ការថយចុះវត្តមានកប៉ាល់ផ្ទុកយន្តហោះមួយគ្រឿង មិនមានន័យថា សមត្ថភាពទប់ស្កាត់របស់អាមេរិកនៅ Indo-Pacific ត្រូវបាត់បង់នោះទេ។ ប្រទេសណាមួយដែលចង់ឆ្លៀតយកឱកាសពីការផ្លាស់ប្តូរកម្លាំងនេះ ដើម្បីប្រឈមនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក៏ត្រូវគិតគូរដល់សមត្ថភាពយោធាផ្សេងទៀត ដែលអាមេរិកនៅតែរក្សាទុកក្នុងតំបន់ និងតម្លៃដែលការប្រឈមបែបនោះ ក៏អាចនាំមកដល់ខ្លួនឯងផងដែរ។
ហេតុនេះ អវត្តមានរបស់កប៉ាល់ចម្បាំង George Washington នៅតំបន់ Indo-Pacific មិនមែនជាចន្លោះប្រហោងការការពារទាំងស្រុងទេ ប៉ុន្តែជាការបង្ហាញពីជម្រើសដ៏លំបាករបស់មហាអំណាចមួយ៖ នៅពេលវិបត្តិកើតឡើងក្នុងតំបន់ជាច្រើនក្នុងពេលតែមួយ កម្លាំងដែលត្រូវបញ្ជូនទៅពង្រឹងតំបន់មួយ អាចធ្វើឱ្យវត្តមាននៅតំបន់មួយទៀតថយចុះជាបណ្តោះអាសន្ន ដែលមិនអាចចៀសវាងបានឡើយ៕
