ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ផ្តាំផ្ញើជយលាភីអាហារូបករណ៍ ទៅសិក្សានៅរុស្ស៉ី ខិតខំរៀនសូត្រ និងថែរក្សាសុខភាព (Video inside)
14-08-2026 16:59
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តាំផ្ញើដល់ជយលាភីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ដែលនឹងទៅសិក្សានៅរុស្ស៉ី នៅចុងឆ្នាំ២០២៦នេះ ខិតខំរៀនសូត្រ និងថែរក្សាសុខភាព។
លោកឧបនាយករដ្ឋមន្ត្រី ផ្តាំផ្ញើបែបនេះ នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសអនុញ្ញាតឲ្យជយលាភីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ចំនួន ៤០រូប ចូលជួបសម្តែងការគួរសម នៅសាលប្រជុំ ក ទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។
ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានលើកឡើងថា អ្នកទទួលបានអាហារូបករណ៍សុទ្ធតែជាបេក្ខជនដែលពូកែ ហេតុនេះសូមខិតខំរៀនសូត្រឲ្យបានពូកែ និងត្រូវចាំថា រៀននៅរុស្ស៉ីពិបាកមែន តែបើគេធ្វើបាន យើងត្រូវតែធ្វើបានដូចគ្នា។ លោករំពឹងថា ពេលមាតុភូមិនិវត្តវិញ បេក្ខជនទាំងអស់នឹងក្លាយជាធនធានមួយដ៏សំខាន់ សម្រាប់សង្គម-សេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើឲ្យថែរក្សាសុខភាព ជាពិសេសនៅរដូវរងារ ព្រោះនៅរុស្ស៉ីត្រជាក់ខ្លាំងណាស់ ខណៈជនជាតិខ្មែរយើងអាចនឹងចំណាយពេលយូរក្នុងការសម្របខ្លួន។
សូមជម្រាបថា ជ័យលាភីអាហារូបករណ៍ ៤០រូប ត្រូវបានជ្រើសរើសឱ្យសិក្សាលើមុខជំនាញយុទ្ធសាស្ត្រចម្រុះចាប់ពី ស្វ័យប្រវត្តិកម្ម, វិស្វកម្មកម្មវិធី, ថាមពលអគ្គិសនី និងនុយក្លេអ៊ែរ, រូបវិទ្យាកម្តៅ, មេកាត្រូនិក, មនុស្សយន្ត, វិស្វកម្មយន្តហោះ, រហូតដល់ វេជ្ជសាស្ត្រ, សន្តិសុខព័ត៌មាន, និងទំនាក់ទំនងអន្តរជាតិ។
ក្នុងមួយឆ្នាំៗ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី តែងតែផ្តល់អាហារូបករណ៍ប្រមាណ៤០ ដល់ ៧០កន្លែង (ឬច្រើនជាងនេះបន្តិចតាមឆ្នាំសិក្សាជាក់ស្តែង) ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជា សម្រាប់គ្រប់កម្រិតសិក្សាចាប់ពីថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ដល់ថ្នាក់បណ្ឌិត។ មាននិស្សិតជាង ៨ ០០០នាក់ បានបញ្ចប់ការសិក្សាពីប្រទេសរុស្ស៊ី តាំងពីសម័យសហភាពសូវៀតមក៕








