ក្រសួងសុខាភិបាល ជំរុញការប្រយុទ្ធជំងឺគ្រុនឈាមនៅខេត្តកំពង់ឆ្នាំង តាមរយៈវគ្គបណ្ដុះបណ្ដាល
14-08-2026 16:43
(កំពង់ឆ្នាំង)៖ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការធ្វើរោគវិនិច្ឆ័យ និងការគ្រប់គ្រងជំងឺគ្រុនឈាម ដល់មន្ត្រីសុខាភិបាលក្នុងខេត្ត។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត កែ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក បាន បុត្ត អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកសាស្ត្រាចារ្យ គឺ សន់ទី នាយកមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលជាច្រើនរូបទៀត។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា វត្តមានរបស់ថ្នាក់ដឹកនាំ និងគណៈប្រតិភូទាំងអស់ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព ជាពិសេសក្នុងព្រឹត្តិការណ៍នៃការរាតត្បាតជំងឺគ្រុនឈាម។ វគ្គបណ្ដុះបណ្ដាលនេះ ទទួលបានការគាំទ្រពីលោកសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានអនុញ្ញាតឲ្យមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ចុះបណ្ដុះបណ្ដាលផ្ទាល់ដល់មន្ត្រីសុខាភិបាលខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត កែ រដ្ឋា បានជំរុញឲ្យមន្ទីរសុខាភិបាលយកចិត្តទុកដាក់លើវិធានការបង្ការ ដោយអនុវត្តការដាក់អាបេតតាមពាងអាងឲ្យបានគ្រប់ទីកន្លែង ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមសម្អាតបរិស្ថានជុំវិញផ្ទះ និងភូមិឋាន ដើម្បីកាត់បន្ថយការកកើតមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។
លោកសាស្ត្រាចារ្យ គឺ សន់ទី ក៏បានលើកទឹកចិត្តឲ្យសិក្ខាកាមទាំងអស់ ខិតខំរៀនសូត្រ និងអនុវត្តតាមមគ្គុទេសក៍ជំនាញគ្រុនឈាមឲ្យបានត្រឹមត្រូវ ដើម្បីរួមគ្នាកាត់បន្ថយអត្រាមរណភាពពីជំងឺនេះ។ មន្ទីរពេទ្យគន្ធបុប្ផានឹងបន្តគាំទ្រ ដល់មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យបង្អែកនានា ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺគ្រុនឈាមឲ្យបានត្រឹមត្រូវ និងបញ្ជូនអ្នកជំងឺធ្ងន់ធ្ងរទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញឲ្យទាន់ពេលវេលា៕



















