FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំអាហារថ្ងៃត្រង់ស្វាគមន៍ ឯកអគ្គរដ្ឋទូតជប៉ុនថ្មីប្រចាំកម្ពុជា និងបានផ្លាស់ប្តូរយោបល់ប្រកបដោយចំណងមិត្តភាពដ៏យូរអង្វែង

14-08-2026 16:39

(ជប៉ុន)៖ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងលោកស្រី ជុំ ចន្ទធារី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានរៀបចំពិធីអាហារថ្ងៃត្រង់យ៉ាងកក់ក្តៅ ជាការស្វាគមន៍និងជាកិត្តិយសជូនលោក ISHIZUKI Hideo ឯកអគ្គរដ្ឋទូតតែងតាំងជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ISHIZUKI Yuko នៅនិវេសនដ្ឋានផ្លូវការរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ។

ក្នុងឱកាសពិធីអាហារថ្ងៃត្រង់ដ៏ស្និទ្ធស្នាលនេះលោក ជុំ សុន្ទរី បានអបអរសាទរយ៉ាងកក់ក្តៅចំពោះ លោក ISHIZUKI Hideo ក្នុងឱកាសដែលលោកត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងបានជូនពរឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា។ ក្នុងឱកាសនោះក៏បានផ្តល់លទ្ធភាពសម្រាប់ការផ្លាស់ប្តូរយោបល់ប្រកបដោយមិត្តភាពអំពីចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងជប៉ុនផងដែរ។

សូមបញ្ជាក់ដែរថា នៅមួយថ្ងៃមុនគឺនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក ជុំ សុន្ទរី អមដោយមន្ត្រីការទូតនៃស្ថានឯកអគ្គរាជទូតកម្ពុជា បានទទួលជួបសម្តែងការគួរសម នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងតូក្យូ ពីលោក MISUMI Takahito ដែលត្រូវបានតែងតាំងជាអនុប្រធានបេសកកម្ម នៃស្ថានឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាផងដែរ។ លោក ក៏បានអបអរសាទរលោក MISUMI Takahito ចំពោះការតែងតាំងក្នុងមុខតំណែងថ្មី និងបានជូនពរលោកឱ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មនៅកម្ពុជា។

ជំនួបប្រកបដោយភាពស្និទ្ធស្នាលទាំងនេះ បានបញ្ជាក់ជាថ្មីនូវចំណងមិត្តភាពដ៏យូរអង្វែង និង ទំនាក់ទំនងការទូតដ៏ជិតស្និទ្ធរវាង កម្ពុជា និងជប៉ុនផងដែរ៕