FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការងារ រៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំបញ្ជីឈ្មោះជំងឺវិជ្ជាជីវៈ

14-08-2026 16:36

(ភ្នំពេញ)៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំបញ្ជីឈ្មោះជំងឺវិជ្ជាជីវៈ។ កិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងបេឡាជាតិសន្តិសុខសង្គម តំណាងក្រសួងសុខាភិបាល អ្នកជំនាញការរបស់អង្គការអន្តរជាតិខាងការងារ(ILO) និងក្រុមការងារបច្ចេកទេស សរុបប្រមាណ ៦០រូប នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំបញ្ជីឈ្មោះជំងឺវិជ្ជាជីវៈនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ ក្នុងគោលបំណង (១) ឈ្វេងយល់ពីបទដ្ឋានស្តង់ដាបច្ចេកទេសពាក់ព័ន្ធនឹងការកំណត់បញ្ជីឈ្មោះជំងឺវិជ្ជាជីវៈរបស់អង្គការអន្តរជាតិខាងការងារ ក្របខ័ណ្ឌអាស៊ាន និងប្រទេសមួយចំនួនក្នុងតំបន់ (២) ពិភាក្សាលើបញ្ហាប្រឈមនានាក្នុងការរៀបចំចងក្រងនូវបញ្ជីឈ្មោះជំងឺវិជ្ជាជីវៈ និង (៣) រៀបចំផែនការសកម្មភាពអាទិភាពក្នុងការរៀបចំបញ្ជីឈ្មោះជំងឺវិជ្ជាជីវៈ។

ក្នុងឱកាសនេះ លោកស្រីបានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមិនទាន់មានបញ្ជីឈ្មោះជំងឺវិជ្ជាជីវៈ ដែលត្រូវបានអនុម័តជាផ្លូវការនៅឡើយទេ ដែលទាមទារឱ្យមានការរៀបចំផែនការការងារឱ្យបានច្បាស់លាស់ស្របតាមការវិវត្តនៃប្រភេទការងារក្នុងតំបន់ និងសកលលោក ដើម្បីធានាថាការកំណត់ជំងឺ វិជ្ជាជីវៈមានភាពស៊ីចង្វាក់គ្នាជាមួយការផ្តល់អត្ថប្រយោជន៍ដល់សមាជិក ប.ស.ស. ដោយផ្អែកលើមូលដ្ឋានគតិយុត្តដែលមានស្រាប់ រួមមានច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីប.ស.ស. និងស្ដង់ដាបច្ចេកទេសរបស់អង្គការអន្តរជាតិការងារ (ILO)។ ម្យ៉ាងវិញទៀត ការរៀបចំបញ្ជីឈ្មោះជំងឺវិជ្ជាជីវៈជាផ្លូវការនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលជាសារវន្តក្នុងការធានាសុខុមាលភាពកម្មករនិយោជិត និងអាចបង្ការ និងទប់ស្កាត់ជំងឺពាក់ព័ន្ធនឹងការងារ។

សូមបញ្ជាក់ថា តាមន័យនៃច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីរបបសន្តិសុខសង្គម ជំងឺមួយត្រូវបានចាត់ទុកថាជា «ជំងឺវិជ្ជាជីវៈ» លុះត្រាតែជំងឺនោះបណ្តាលមកពី វិជ្ជាជីវៈ និងមានចែងនៅក្នុងច្បាប់ឬបញ្ជីជំងឺវិជ្ជាជីវៈដែលត្រូវបានកំណត់ដោយក្រសួង ឬស្ថាប័នសមត្ថកិច្ច និងមានការបញ្ជាក់ពី គ្រូពេទ្យឯកទេសផ្នែកសុខភាពការងារ៕