FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វេជ្ជបណ្ឌិត គួង ឡូ៖ ការប្រយុទ្ធនឹងមេរោគអេដស៍ មិនគួរផ្តោតត្រឹមតែការស្វែងរកករណីថ្មី និងផ្តល់ថ្នាំព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការតាមដានសុខភាពអ្នករស់នៅជាមួយមេរោគអេដស៍ជាប្រចាំ

14-08-2026 16:17

(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងលើកឡើងថា ការងារប្រយុទ្ធនឹងមេរោគអេដស៍ មិនគួរផ្តោតត្រឹមតែការស្វែងរកករណីថ្មី និងផ្តល់ថ្នាំព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការតាមដានសុខភាពអ្នករស់នៅជាមួយមេរោគអេដស៍ជាប្រចាំ។

ការថ្លែងលើកឡើងរបស់លោកវេជ្ជបណ្ឌិត គួង ឡូ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសមិទ្ធផលឆមាសទី១ របស់លេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសេវាថែទាំ ព្យាបាល និងការតាមដានសុខភាពអ្នករស់នៅជាមួយមេរោគអេដស៍ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។

នៅក្នុងកិច្ចប្រជុំនេះ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងសង្កត់ធ្ងន់ថា ការងារប្រយុទ្ធនឹងមេរោគអេដស៍ មិនគួរផ្តោតត្រឹមតែការស្វែងរកករណីថ្មី និងផ្តល់ថ្នាំព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការតាមដានសុខភាពអ្នករស់នៅជាមួយមេរោគអេដស៍ជាប្រចាំ ជាពិសេសការពិនិត្យបន្ទុកមេរោគក្នុងឈាម ដើម្បីវាយតម្លៃប្រសិទ្ធភាពនៃការព្យាបាល និងធានាថាអ្នកជំងឺទទួលបានការថែទាំសមស្រប។

លោក គួង ឡូ ក៏បានថ្លែងស្នើសុំឱ្យមន្ទីរពេទ្យបង្អែកខេត្តរៀបចំគោលការណ៍តាមដានសុខភាពអ្នករស់នៅជាមួយមេរោគអេដស៍ ដោយផ្តោតលើមុខងារតម្រងនោម និងមុខងារថ្លើម ព្រមទាំងពង្រឹងការរៀបចំបុគ្គលិកសម្រាប់គាំទ្រការងារនៅផ្នែកគ្លីនិកសុខភាពគ្រួសារ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិតបានណែនាំឱ្យអង្គការ WOMEN បន្តពង្រឹងការងារផ្ទាល់ជាមួយក្រុមប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍ ដូចជា ក្រុមបុរសស្រឡាញ់បុរស ក្រុមបំប្លែងភេទ និងក្រុមនារីបម្រើការកម្សាន្ត ដើម្បីបង្កើនការទទួលបានសេវាបង្ការ ពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា។

ចំពោះការងារអប់រំ និងផ្សព្វផ្សាយ លោកវេជ្ជបណ្ឌិត គួង ឡូ បានស្នើឱ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជួយបញ្ជ្រាបចំណេះដឹងអំពីមេរោគអេដស៍ និងជំងឺអេដស៍ទៅដល់សិស្សានុសិស្ស ព្រមទាំងស្នើឱ្យកម្មវិធីអេដស៍ និងកាមរោគខេត្តរៀបចំសារអប់រំ ដើម្បីដាក់ជូនមន្ទីរព័ត៌មានផ្សព្វផ្សាយទៅកាន់សាធារណជន។

លោកវេជ្ជបណ្ឌិត ក៏បានថ្លែងលើកឡើងពីសារៈសំខាន់នៃការបូមឈាមពិនិត្យបន្ទុកមេរោគអេដស៍ក្នុងឈាមរបស់អ្នកផ្ទុកមេរោគអេដស៍ ដោយស្នើឱ្យរៀបចំសកម្មភាពជាក់ស្តែងដាក់ជូនគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ដើម្បីពិនិត្យ និងសម្រេច។

ក្នុងនោះ រួមមានការស្នើប្រើប្រាស់ថវិការបស់គណៈកម្មាធិការអេដស៍ខេត្ត សម្រាប់បញ្ជូនសំណាកឈាមទៅពិនិត្យបន្ទុកមេរោគអេដស៍នៅរាជធានីភ្នំពេញ ក្នុងករណីថវិកាពីដៃគូមិនគ្រប់គ្រាន់ ការចុះប្រមូលសំណាកឈាមនៅតាមសហគមន៍ ការស្នើឱ្យរដ្ឋបាលឃុំជួយគាំទ្រដល់អ្នកជំងឺដែលត្រូវមកបូមឈាមនៅមន្ទីរពេទ្យបង្អែកខេត្ត និងការបញ្ចូលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុងរបៀបវារៈកិច្ចប្រជុំក្រុមទ្រទ្រង់សុខភាពភូមិ ដើម្បីជំរុញអ្នកជំងឺមកទទួលសេវាបូមឈាមតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។

ការជំរុញទាំងនេះ ត្រូវបានចាត់ទុកថាជាផ្នែកសំខាន់មួយក្នុងការពង្រឹងប្រព័ន្ធថែទាំ និងព្យាបាលអ្នករស់នៅជាមួយមេរោគអេដស៍នៅមូលដ្ឋាន ដោយផ្តោតលើការតាមដានជាប្រចាំ ការរកឃើញបញ្ហាសុខភាពឱ្យបានទាន់ពេល និងការធានាឱ្យអ្នកជំងឺទទួលបានសេវាព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ជាមួយគ្នានេះ កិច្ចប្រជុំក៏មានគោលបំណងពិនិត្យវឌ្ឍនភាពការងារឆមាសទី១ កំណត់សកម្មភាពអាទិភាពសម្រាប់អនុវត្តបន្ត តាមដានករណីរកឃើញថ្មី ដើម្បីធានាថាអ្នកផ្ទុកមេរោគអេដស៍បានមកទទួលសេវាថែទាំ និងព្យាបាល ព្រមទាំងប្រមូលធាតុចូលសម្រាប់ដាក់ជូនគណៈកម្មការពាក់ព័ន្ធពិនិត្យ និងសម្រេច៕