មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំផ្លូវជាលក្ខណៈប្រចាំឆ្នាំ២០២៦ ដំណាក់កាលទីមួយ ១០០ភាគរយ ចំនួន១៣ខ្សែនៅខេត្តស្វាយរៀង

14-08-2026 15:54

(ស្វាយរៀង)៖ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងក្រុមការងារគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំផ្លូវជាលក្ខណៈប្រចាំឆ្នាំ២០២៦ ដំណាក់កាលទី១ ១០០ភាគរយ ចំនួន១៣ខ្សែ ប្រវែងសរុប ១៤០ ៥០០ ម៉ែត្រ។

ក្នុងនោះដែរមានផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន៩ខ្សែ ប្រវែង ១០២ ២០០ ម៉ែត្រ ទទឹង ៦,៧ ម៉ែត្រ និងផ្លូវកម្រាល(ល្បាយក្រួស-ខ្សាច់ភ្នំ) ចំនួន ៤ ខ្សែ ប្រវែង ៣៨ ៣០០ម៉ែត្រ ទទឹង ៥,៦ម៉ែត្រ នៅឃុំឈើទាល, ស្វាយធំ, កំពង់ចំឡង, ក្រោលគោ, គោកព្រីង, ស្វាយយា ស្រុកស្វាយជ្រំ។ ឃុំកំពង់ត្រាច ស្រុករមាសហែក។ ឃុំថ្នាធ្នង, សង្កែ, កំពង់ចក ស្រុករំដួល។ ឃុំស្វាយរំពារ, ពពែត ស្រុកស្វាយទាប។ ឃុំរាជមន្ទីរ, ញរ, សំឡី ស្រុកកំពង់រោទ៍។ ឃុំព្រៃគគីរ, ច្រេស ស្រុកចន្ទ្រា និងសង្កាត់ច្រកម្ទេស, បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

ការចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារនេះមានការអមដំណើរដោយលោកស្រី ឯក គន្ធវារី អនុរដ្ឋលេខាធិការ, លោក ឈុន សេដ្ឋា អនុរដ្ឋលេខាធិការ, លោក ឈឹម បុរស ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងមន្ត្រីមន្ទីរជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ លោក នួន ដាញ៉ិល រដ្ឋលេខាធិការ បានណែនាំបន្ថែមដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ធ្វើយ៉ាងណាត្រូវបន្តខិតខំថែទាំផ្លូវកៅស៊ូ DBST និងផ្លូវក្រាលល្បាយក្រួសខាងលើ ឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ដឹកកសិផលពីភូមិមួយ ទៅភូមិមួយ ប្រកបដោយសុវត្ថិភាព និងយូរអង្វែង។

សូមបញ្ជាក់ថា ការចុះពិនិត្យ និងវាយតម្លៃការងារនេះ គឺជាការអនុវត្តស្របតាមការណែនាំរបស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងតែយកចិត្តទុកដាក់ ព្រមទាំងជំរុញឱ្យការស្ថាបនា កែលម្អ និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ប្រកបដោយគុណភាព ស្របតាមស្តង់ដារបច្ចេកទេស មានភាពធន់ និងអាចប្រើប្រាស់បានយូរអង្វែង ដើម្បីធានាឱ្យការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជនបទ ផ្តល់ផលប្រយោជន៍ជាក់ស្តែង និងយូរអង្វែងជូនប្រជាពលរដ្ឋ៕