មន្ទីរព័ត៌មានខេត្តសៀមរាប ជំរុញអ្នកសារព័ត៌មានត្រូវគោរពក្រមសីលធម៌ ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយពីសមិទ្ធផលខេត្ត
14-08-2026 15:51
(សៀមរាប)៖ លោក បុង ឆវ័ន ប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តសៀមរាប បានណែនាំ និងជំរុញដល់អ្នកសារព័ត៌មាន ត្រូវអនុវត្តការងារដោយគោរពក្រមសីលធម៌ ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយពីសមិទ្ធផលក្នុងខេត្ត ឱ្យបានកាន់តែទូលំទូលាយ។
ការថ្លែងយ៉ាងដូច្នេះរបស់លោក បុង ឆវ័ន ក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ក្នុងខេត្តសៀមរាប នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីជំរុញ និងផ្សព្វផ្សាយពីគោលការណ៍ ព្រមទាំងច្បាប់នានាពាក់ព័ន្ធនឹងវិស័យព័ត៌មាន ដើម្បីពង្រឹងវិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ និងល្អប្រសើរ។
លោកបានបន្តថា បច្ចុប្បន្ននេះ វិស័យព័ត៌មាន បាន នឹងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជននៅគ្រប់វ័យ។ ដូច្នេះ ក្នុងនាមយើងជាអ្នកសារព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ត្រូវបន្តចូលរួមទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ មុននឹងធ្វើការចេញផ្សាយនូវព័ត៌មានអ្វីមួយ ត្រូវថ្លឹងថ្លែងឱ្យបានច្បាស់លាស់ និងមានតុល្យភាពដែលយើងជាអ្នកសារព័ត៌មាន ខុសពីសារព័ត៌មានប្រជាពលរដ្ឋ។
លោកបន្ថែមថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងនាមយើងជាអ្នកសារព័ត៌មាន យើងត្រូវរួមគ្នាបន្តផ្សព្វផ្សាយនូវសមិទ្ធផលនានា នៅក្នុងខេត្តសៀមរាប ដូចជា ការពង្រីកនូវវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសក្ដានុពលវិស័យទេសចរនៅក្នុងខេត្ត ដែលសមិទ្ធផលទាំងអស់នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋបាលខេត្តផងដែរ។
ជាមួយគ្នានេះ លោកក៏បានរម្លឹកដល់អ្នកសារព័ត៌មានទាំងអស់ នៅពេលដែលយើងចុះយកព័ត៌មាននៅកន្លែងណាក៏ដោយ យើងត្រូវគោរពនូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ឱ្យបានត្រឹមត្រូវ។ ក្នុងនោះយើងត្រូវបង្ហាញកាតសម្គាល់ខ្លួន ដែលចេញដោយក្រសួង និងប្រាប់ពីស្ថាប័ន អង្គភាពរបស់ខ្លួន។ ព្រមទាំងសំណូមពរដល់អ្នកសារព័ត៌មាន ដែលបានអាជ្ញាបណ្ណផុតកំណត់ សូមមកបន្តអាជ្ញាបណ្ណឱ្យបានទាន់ពេលវេលា៕













