ក្រុមប្រឹក្សាធម្មនុញ្ញ បើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីសមិទ្ធផលក្នុងរយៈពេល៣០ឆ្នាំ
14-08-2026 15:40
(ស្វាយរៀង)៖ លោក កែវ ពុទ្ធរស្មី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានគណៈប្រតិភូតំណាង លោក ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ» ដែលរៀបចំធ្វើឡើងនៅសាលាខេត្តស្វាយរៀង។
សិក្ខាសាលានេះ ក៏មានការចូលរួមពីលោកស្រី យក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ លោកស្រីអភិបាលរងខេត្ត បានសម្ដែងការគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានលោក ហ៊ី សោភា ជាប្រធាន ដែលបានរៀបចំឲ្យមានជាសិក្ខាសាលានេះ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ថ្នាក់ ក្នុងខេត្តស្វាយរៀងដែលជាធាតុចូល និងដើម្បីយកទៅអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយចីរភាព។
លោក កែវ ពុទ្ធរស្មី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានគណៈប្រតិភូ បានលើកឡើងថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជារដ្ឋធម្មនុញ្ញមានលក្ខណៈប្រជាធិបតេយ្យជឿនលឿន ដែលបានកើតចេញពីឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរ គ្រប់និន្នាការនយោបាយ។
សភាធម្មនុញ្ញបានតាក់តែងរក្សាឲ្យមានមកវិញនូវគុណតម្លៃប្រពៃណីខ្មែរ (គឺជាតិ សាសនា ព្រះមហាក្សត្រ) អមជាមួយគុណតម្លៃធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ (គឺប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ) ដោយតាក់តែង បញ្ចូលទាំងស្រុង និងដោយលម្អិតនូវខ្លឹមសារនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពី “គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា”។
ក្នុងដំណើរការអនុវត្តជាក់ស្ដែង ការបន្សាំបន្ស៊ីគ្នា នៃគុណតម្លៃទាំងពីរ បានបង្កនូវកម្លាំងសម្របសម្រួលនិងជំរុញរួមគ្នា ក្នុងការដោះស្រាយបញ្ហានយោបាយនិងបញ្ហាច្បាប់ ដែលបានកើតមានឡើងជាបន្តបន្ទាប់ ដោយរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម ញ៉ាំងឲ្យរដ្ឋធម្មនុញ្ញនេះនិងរបបនយោបាយមានស្ថិរភាពរយៈពេលវែង៣០ឆ្នាំ (ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣)។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ។ ក្នុងដំណើរការអនុវត្តរដ្ឋធម្មនុញ្ញនេះ ពិសេសក្រោយប្រទេសជាតិសម្រេចបានសុខសន្តិភាព ឯកភាពជាតិពេញលេញ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលត្រូវបានដាក់ចេញនិងដឹកនាំអនុវត្តផ្ទាល់ដោយសម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅចុងឆ្នាំ១៩៩៨ ព្រះរាជាណាចក្រកម្ពុជាមានលក្ខខណ្ឌអំណោយផលគ្រប់គ្រាន់ ដើម្បីបន្តប្រតិបត្តិរដ្ឋធម្មនុញ្ញនេះ ជាអាទិ៍ការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, សិទ្ធិមនុស្ស, នីតិរដ្ឋ, និង សេដ្ឋកិច្ចទីផ្សារ។
ចំពោះការអនុវត្តរដ្ឋធម្មនុញ្ញរយៈពេល ៣០ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លា ដែលរួមមាន៖
*ទី១៖ កម្ពុជារក្សាការពារ និងគោរពលើកតម្កើង របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ៖ ការបង្កើតឡើងវិញនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញក្នុងទម្រង់ជារាជានិយមជឿនលឿន ស្របនឹងបរិបទនៃសង្គមខ្មែរ ដែលមានអង្គព្រះមហាក្សត្រគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ជាតិ និង ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។
*ទី២៖ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមូលដ្ឋានគ្រឹះនៃសណ្ដាប់ធ្នាប់នយោបាយទំនើបនៃកម្ពុជា៖ របបប្រជាធិបតេយ្យសេរីពហុបក្សកម្ពុជាសម្រេចបានជំហានវឌ្ឍនភាពថ្មីៗ តាមរយៈការអនុវត្តនិយាមគោលការណ៍ធម្មនុញ្ញសំខាន់ៗ។
*ទី៣៖ កម្ពុជាឈានឡើងជាសង្គមនីតិរដ្ឋ ជារដ្ឋប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់៖ កម្ពុជាតម្កល់រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេស។ ច្បាប់ និងសេចក្ដីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។
*ទី៤៖ កម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ជារដ្ឋគោរពការពាររបបកម្មសិទ្ធិឯកជន និងយុត្តិធម៌សង្គម៖ ព្រះរាជាណាចក្រកម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដោយទទួលស្គាល់ គោរព និងការពាររបបកម្មសិទ្ធិឯកជន។ រដ្ឋយកចិត្តទុកដាក់ដល់ផលប្រយោជន៍ប្រជាជនជាធំ ដោយលើកស្ទួយយុត្តិធម៌សង្គម ធានាសមធម៌ក្នុងការបែងចែកផលនៃកំណើន៕













